អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ឥរិយាបថ​របស់​មន្ដ្រី​ថ្នាក់​លើ ជា​គំរូ​សម្រាប់​មន្ដ្រី​ថ្នាក់​ក្រោម!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ម្សិលមិញ លោក​នាយក​រដ្ឋ​មន្ដ្រី​ខ្មែរ បាន​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​ករណី​មន្ដ្រី​ជាន់​ខ្ពស់​ម្នាក់​​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​បាន​ប្រើ​ពាក្យ​សម្ដី​មិន​សម​រម្យទៅ​លើ​​​​ប៉ូលិស​ចរាចរណ៍​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ថែម​ទាំង​បាន​អំពាវនាវ​ឲ្យ​ក្រសួង​មហាផ្ទៃ អប់រំ​ណែនាំ​មន្ដ្រី​របស់​ខ្លួន អំពី​សីលធម៌ សុជីវធម៌ និង​វិន័យ​ថែម​ទៀត​ផង​​។ ជា​ការ​ពិត ការ​អប់រំ គឺ​ពិត​ជា​សំខាន់​ក្នុង​ការ​ធានា​នូវ​សីលធម៌ សុជីវធម៌ និង​វិន័យ​របស់​មន្ដ្រី​។ ប៉ុន្តែ​វា​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​។ មន្ដ្រី​ថ្នាក់​លើ​ក៏​ត្រូវ​រួម​ចំណែក​ផង​ដែរ ក្នុង​ការ​អនុវត្ត​ឥរិយាបថ​ល្អ​ៗ សម្រាប់​ជា​គំរូ​ដល់​មន្ដ្រី​ថ្នាក់​ក្រោម!

លោកហ៊ុន សែន បាន​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​ករណី​មន្ដ្រី​ជាន់​ខ្ពស់​ម្នាក់​នៃ​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ ដែល​បាន​ប្រើពាក្យ​សម្ដី​មិន​សមរម្យ​ទៅលើប៉ូលិសចរាចរណ៍។
លោកហ៊ុន សែន បាន​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​ករណី​មន្ដ្រី​ជាន់​ខ្ពស់​ម្នាក់​នៃ​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ ដែល​បាន​ប្រើពាក្យ​សម្ដី​មិន​សមរម្យ​ទៅលើប៉ូលិសចរាចរណ៍។ @Samdech Hun Sen, Cambodia Prime Minister
ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​មន្ដ្រីនគរបាល​​ចរាចរណ៍​តូច​តាច​ម្នាក់​រង​គ្រោះ​ព្រោះ​ពាក្យ​សម្ដី​ប្រមាថ​របស់​មន្ដ្រី​ជាន់​ខ្ពស់ អ្វី​ដែល​នាយក​រដ្ឋ​មន្ដ្រី​ខ្មែរធ្វើ គឺ​អន្តរាគមន៍​ភ្លាម​ៗ និង​ជំរុញ​ឲ្យ​មន្ដ្រី​ទាំង​ពីរ​បាន​ជួប​គ្នា​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​សម្ដែង​ការ​អបអរ​នៅ​ពេល​ដឹង​ថា​មន្ដ្រី​ជាន់​ខ្ពស់​ព្រម​ទទួល​ស្គាល់​កំហុស និង​សន្យា​​កែ​ប្រែ​ខ្លួន។

បន្ថែម​ពី​លើ​កិច្ច​អន្តរាគមន៍​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ក្រសួង​មហាផ្ទៃ អប់រំ​ណែនាំ​មន្ដ្រី​របស់​ខ្លួន អំពី​សីលធម៌ សុជីវធម៌ និង​វិន័យ​ថែម​ទៀត​ផង​​។ ជា​ការ​ពិត ការ​អប់រំ សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ធានា​នូវ​សីលធម៌ សុជីវធម៌ និង​វិន័យ​របស់​មន្ដ្រី​។ ប៉ុន្តែ​វា​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​។ ហើយ​នៅ​ក្នុង​ករណី​នេះ​ទៀត​សោត ការ​អប់រំ​សឹង​តែ​អាច​និយាយ​បាន​ថា មិន​ចាំ​បាច់ទាល់​តែ​សោះ​។ មិន​ចាំ​បាច់​ព្រោះ សីលធម៌ សុជីវធម៌ និង​វិន័យ គួរ​តែ​ជាគុណ​​តម្លៃ​នៃ​មន្ដ្រី​ដែល​មាន​តំណែង​និង​តួនាទី​ខ្ពង់​ខ្ពស់​។ សីលធម៌ សុជីវធម៌ និង​វិន័យ មិន​មែន​ជា​អ្វី​ដែល​មន្ដ្រី​ជាន់​ខ្ពស់​ត្រូវ​រៀនសូត្រ​បន្ថែម​នោះ​ទេ​។

មួយ​វិញ​ទៀត ប្រសិន​បើ​​ចង់​ឲ្យ​មន្ដ្រី​របស់​ខ្លួន​មាន​ឥរិយាបថ​ល្អ ថ្នាក់​ដឹក​នាំ​ខ្លួន​ឯង​ចាំ​បាច់​ត្រូវ​ធ្វើ​ខ្លួន​ជា​គំរូ! មាន​ន័យ​ថា ប្រសិន​បើ​​ថ្នាក់​ដឹក​នាំ​ចង់​ឃើញ​​កូន​ចៅ​របស់​ខ្លួន​មាន​សីលធម៌​និង​សុជីវធម៌ ថ្នាក់​ដឹក​នាំ​​ខ្លួន​ឯង​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​មាន​សីលធម៌​និង​សុជីវធម៌ ដោយ​ប្រកាន់​ឥរិយាបថ​ល្អ​ប្រសើរ ប្រើ​ប្រាស់​ពាក្យ​សម្ដី​ពិរោះ​ពិសារ មិន​ជេរ​ប្រមាថ​នរណា បើ​ទោះ​បើ​ជា​គេ​មាន​គោលនយោបាយ​ប្រឆាំង​នឹង​ខ្លួន​ក៏​ដោយ​។ នេះ​គឺ​ជា​រឿង​សំខាន់​និង​ចាំ​បាច់​។ ព្រោះ​សូម​កុំ​ភ្លេច​ថា គ្មាន​មេរៀន​ពី​ឋានសួគ៌​ឯណា​ដែល​រៀន​ឆាប់​ចាំ​ឆាប់​ចេះ ជាង​គំរូ​របស់​ថ្នាក់​ដឹក​នាំ​នេះ​ណាស់! ប្រសិន​បើ​ថ្នាក់​ដឹក​នាំ​ប្រព្រឹត្ត​ល្អ មន្ដ្រី​​ក្រោម​បង្គាប់​នឹង​ប្រព្រឹត្ត​ល្អ​។ ប្រសិន​មន្ដ្រី​ក្រោម​បង្គាប់​ប្រព្រឹត្ត​មិន​ល្អ នោះ​មាន​ន័យ​ថា ថ្នាក់​ដឹក​នាំ​ទំនង​ជា​បាន​អនុវត្ត​ទម្លាប់​មិន​ល្អ​ណា​មួយ​ហើយ! នេះ​និយាយ​ពី​បញ្ហា​សីលធម៌​និង​សុជីវធម៌​។

ដោយ​ឡែក ចំពោះ​វិន័យ​នៅ​ក្នុង​ការងារ​។ មន្ដ្រី​ថ្នាក់​លើ​​ត្រូវ​តែ​ធ្វើ​ជា​គំរូ​ល្អ​ដល់​មន្ដ្រី​ថ្នាក់​ក្រោម ដើម្បី​ឲ្យ​មាន​ការ​កែ​ប្រែ​ឥរិយាបថក្នុង​ការ​បំពេញ​ការងារ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ មាន​ភាព​ស្អាត​ស្អំ និង​តម្កល់​ផល​ប្រយោជន៍​ជាតិ ធំ​ជាង​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​ផល​ប្រយោជន៍​បក្ស​។ ទន្ទឹម​គ្នានេះ ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​ត្រូវ​ធ្វើ​គ្រប់​កម្រិត ពី​ថ្នាក់​លើ​ដល់​ថ្នាក់​ក្រោម​​។ ការងារ​ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​ប្រព្រឹត្ត​ពុក​រលួយ​នេះ ទាមទារ​ឲ្យ​ដើរ​ស្រប​គ្នានឹង​ការ​​ផ្ដល់​រង្វាន់​ដល់​មន្ដ្រីដែល​ល្អ​។

បន្ថែម​ពី​លើ​នេះ មន្ដ្រី​ថ្នាក់​លើ ក៏​មាន​តួនាទី​ចម្បង​សំខាន់​មួយ​ទៀត​ដែរ ក្នុង​ការ​​អប់រំ​មន្ដ្រី​ថ្នាក់​ក្រោម​របស់​ខ្លួន​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​អំពី​របៀប​ធ្វើ​ការ​។ ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គេ​បម្រើ​ប្រជាជន​បាន​ត្រឹម​ត្រូវ ចៀសវាង​ការ​មិន​អើ​ពើ មិន​ខ្វាយ​ខ្វល់​ចំពោះ​​ប្រជាជន​មូលដ្ឋាន​ក្រោមការ​គ្រប់​គ្រង​របស់​ខ្លួន​។ ជា​ថ្នូរ​មក​វិញ មន្ដ្រី​ថ្នាក់​ក្រោម​គ្រប់​រូប ត្រូវ​តែ​ទទួល​បាន​នូវ​ប្រាក់​ខែ​ច្រើន​ជាង​មុន ដើម្បី​ជីវភាព​ល្អ​​ប្រសើរ​ជាង​មុន។

សរុប​មក​វិញ សម្រាប់​មន្ដ្រី​ដែល​មាន​តួនាទី​និង​ភារកិច្ច​បម្រើ​ជាតិ​និង​ប្រជាជន សីលធម៌ សុជីវធម៌ និង​វិន័យ​ក្នុង​ការងារ គឺ​ជា​គុណ​តម្លៃ​ដែល​ត្រូវ​មាន​មិន​អាច​ខ្វះ​បាន​។ ការ​អប់រំ​មន្ដ្រី​ឲ្យ​យល់ ឲ្យ​ស្គាល់​អំពី​គុណ​តម្លៃ​ទាំង​នេះ​គឺ​ជា​រឿង​ចាំ​បាច់​។ ប៉ុន្តែ​ចាំ​បាច់​ជាង​នេះ មន្ដ្រី​ថ្នាក់​លើ​ក៏​ត្រូវ​រួម​ចំណែក​ផង​ដែរ ក្នុង​ការ​អនុវត្ត​ឥរិយាបថ​ល្អ​ៗ សម្រាប់​ជា​គំរូ​ដល់​មន្ដ្រី​ថ្នាក់​ក្រោម! ព្រោះ​សូម​កុំ​ភ្លេច​ថា នៅ​សង្គម​ខ្មែរ​ ជា​ទូទៅ​​អ្នក​ដឹក​នាំ​មាន​ឥទ្ធិពល​ខ្លាំង​ ទៅ​លើ​​មន្ដ្រីក្រោម​បង្គាប់​។ ការ​អប់រំ​ឲ្យ​ល្អ ទំនង​ជា​មិន​បាន​ផល​សម្រាប់​មន្ដ្រី​ថ្នាក់​ក្រោម ​ប្រសិន​បើ​មន្ដ្រី​ថ្នាក់​លើ​ប្រតិបត្ត​ខ្លួន​មិន​ល្អ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ