អានតួអត្ថបទ
កម្ពុជា

លោក​ហ៊ុន សែន បញ្ចប់​បេសកកម្ម​វគ្គ​ទី​៣​នៅ​ថ្ងៃ​ព្រហស្បិ៍នេះ​ ហើយ​នឹង​បន្ត​ទៅ​ខេត្ត​កណ្តាល​នៅ​សប្តាហ៍​ក្រោយ

បន្ទាប់​ពី​បេសកកម្ម​នៅ​តាម​ខេត្ត​ដែល​ស្ថិត​នៅ​ភូមិ​ភាគ​បច្ចិម និង​ឦសាន កាល​ពី​ខែ​មុន លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ក្នុង​ដំណើរ​ចុះ​ពិនិត្យ​មើល​វឌ្ឍនភាព​តាម​បណ្តា​រាជធានី-ខេត្ត​បាន​ទៅ​ដល់​ខេត្ត​កំពង់​ស្ពឺ​នៅ​ថ្ងៃ​ទី​០៤​សីហា​នេះ។ នៅ​ក្នុង​ដំណើរ​ទៅ​កាន់​ខេត្ត​មួយ​ចំនួន រួម​ទាំង​កំពង់ស្ពឺ​នៅ​ភូមិ​ភាគ​នីរតី​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ធ្វើ​ការ​យ៉ាង​ច្រើន​ជាមួយ​អាជ្ញាធរ​ខេត្ត ព្រម​ទាំង​ដោះស្រាយ​បញ្ហា​នានា ដែល​ជា​កង្វល់​របស់​ប្រជាពលរដ្ឋ​ផង​ដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដំណើរ​ចុះពិ​និត្យ​មើល​វឌ្ឍនភាពតា​ម​បណ្តា​រាជធានី-ខេត្ត​។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដំណើរ​ចុះពិ​និត្យ​មើល​វឌ្ឍនភាពតា​ម​បណ្តា​រាជធានី-ខេត្ត​។ @Samdech Hun Sen, Cambodia Prime Minister
ផ្សាយពាណិជ្ជកម្ម

នៅខេត្ត​កំពង់​ស្ពឺ​ នា​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ហ៊ុន សែន បាន​ប្រាប់​អភិបាល​ខេត្ត​កំពង់​ស្ពឺ នៅ​ក្នុង​វេទិកា​សាធារណៈ​ជាមួយ​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ឲ្យ​ទាត់​ចោល​នូវ​ការ​ពិភាក្សា​ណា​ទាំង​អស់​លើ​ការ​កសាង​ព្រលាន​យន្ត​ហោះ​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ទទួល​ដំណឹង​ ដែល​គេ​ផ្សព្វ​ផ្សាយ​ថា​នឹង​មាន​ព្រលាន​យន្ត​ហោះ​កើត​ឡើង​នៅ​ខេត្ត​កំពង់​ស្ពឺ ក៏​ប៉ុន្តែ​លោក​ជា​ប្រមុខ​រដ្ឋាភិបាល​មិន​បាន​ដឹង​រឿង​នេះ ហើយ​ក៏​ប្រកាស​ថា​គ្មាន​ព្រលាន​យន្ត​ហោះ​ទេ​នៅ​កំពង់​ស្ពឺ។

ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន ក៏​បាន​ប្រកាស​បញ្ជា​ឲ្យ​និរាករណ៍​ឯកសារ​ទាំង​ឡាយ ដែល​បង្ហាញ​ពី​ការ​ចង់​ផ្លាស់​ប្តូរ​បេនឡាន, ផ្សារ នៅ​ខេត្ត​កំពង់ស្ពឺ ដែល​កន្លង​មក​មាន​ជម្លោះ​ដ៏​រ៉ាំរ៉ៃ។

កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣​សីហា នៅ​ខេត្ត​ព្រះសីហនុ លោក​នាយក​រដ្ឋ​មន្ត្រី បាន​ដោះស្រាយ​បញ្ហា​ជា​ច្រើន​ដែរ ក្នុង​នោះ លោក​បាន​ប្រកាស​នៅ​ចំពោះ​មុខ​មន្ត្រី​រាជការ ដោយ​ឲ្យ​អាជ្ញាធរ​ខេត្ត​ពិនិត្យ​និង​ដក​យក​មក​វិញ ចំពោះ​គម្រោង​វិនិយោគ​កោះ​ ដែល​គ្មាន​សកម្មភាព ជា​ពិសេស​ធ្វើ​ឡើង​ដោយ​ជន​មួយ​ចំនួន ដែល​យក​អាជ្ញាបណ្ណ (License) ដើរ​លក់ គឺ​ត្រូវ​ដក​មក​វិញ​ជា​បន្ទាន់។

ដោយឡែក ទាក់ទង​ទៅ​នឹង​បញ្ហា​ដីធ្លី​រវាង​យោធា និង​ប្រជាជន គម្រោង​នៃ​ការ​ចិញ្ចឹម​ត្រី​របស់​ក្រុមហ៊ុន​ឯកជន រួម​ទាំង​ដំណើរ​ការ​លក់​ដូរ​នៅ​ទីផ្សារ ដែល​លោក​ជួយ​សាងសង់​បន្ទាប់​ពី​ឆេះ គឺត្រូវ​បាន​ដោះស្រាយ​បញ្ចប់ ដោយ​ផ្តល់​បណ្ណ​កម្មសិទ្ធិ ឲ្យ​លក់​ដូរ​តកូន​តចៅ ហើយ​បញ្ឈប់​ការ​សុំដី​រដ្ឋ​សម្រាប់​អង្គភាព​យោធា​នីមួយ​ៗ។

ការបូមខ្សាច់​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ការ​បាក់ដី​ឆ្នេរ ការការពារ​ធនធាន​ធម្មជាតិ ព្រៃលិច​ទឹក ការ​ចុះ​បញ្ជី​ដីសារពើពន្ធ​របស់​រដ្ឋ រក្សា​នូវ​កិត្យានុភាព​ទេសចរណ៍ ដោយសារ​ខេត្ត​ព្រះ​សីហនុ ពឹង​ផ្អែក​៧០% ទៅ​លើ​វិស័យ​សេវាកម្ម តាម​រយៈ​កំពង់​ផែ​សមុទ្រ ក៏​ត្រូវ​បាន​លើក​ឡើង​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ដែរ។

នៅ​ឯ​ខេត្ត​កំពត​វិញ ប្រមុខ​រដ្ឋាភិបាល​ខ្មែរ បាន​ចាប់​អារម្មណ៍​និង​ជម្រុញ​ឲ្យ​អាជ្ញាធរ​សិក្សា​ពី​ស្ថានភាព​ស្ពាន​ថ្ម​ចំណាស់ ដ៏​ទ្រុឌទ្រោម​ដែល​បាន​កសាង​ឡើង​តាំង​ពី​ជំនាន់​បារាំង ដោយ​ចាត់​ទុក​ថា វា​ទាក់​ទង​ទៅ​នឹង បញ្ហា​ចរាចរណ៍​ក្នុង​ខេត្ត​ដ៏​ចាំបាច់មួយ​នេះ។

នៅ​ក្នុង​ដំណាក់​កាល​នីមួយ​ៗ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ក្នុង​ការ​ចុះ​ពិនិត្យ​មើល​វឌ្ឍនភាព​តាម​ ខេត្ត-រាជធានី បាន​រង​នូវ​ការ​រិះគន់​ផង​និង​លើក​សរសើរ​ផង ក៏​ប៉ុន្តែ​អ្នក​តាមដាន​សភាពការណ៍​កម្ពុជា​យល់​ថា បញ្ហា​ដែល​កើត​មាន និង​ដំណោះ​ស្រាយ​ប្រកប​ដោយ​ប្រសិទ្ធិភាព​មែន​នោះ​គឺ​ជួយ​កាត់​បន្ថយ​ច្រើន​ដល់​បញ្ហា​ដ៏​រ៉ាំរ៉ៃ​ក្នុង​សង្គម​ខ្មែរ។

​សូម​បញ្ជាក់​ថា លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ប្រកាស​កាល​ពី​ខែ​មុន​ថា​នឹង​ធ្វើ​យុទ្ធនា​ការ​ចុះ​គ្រប់​២៥​រាជធានី​-​ខេត្ត ដើម្បី​ជួប​សំណេះ​សំណាល ជាមួយ​មន្ត្រីរាជការ កម្លាំង​ប្រដាប់​អាវុធ និង​ប្រជាពលរដ្ឋ។ កន្លង​មក ខេត្ត​មួយ​ចំនួន​ដែល​លោក​បាន​បញ្ចប់​យុទ្ធនាការ​នេះ រួម​មាន ខេត្ត​បាត់ដំបង បន្ទាយ​មាន​ជ័យ កំពង់ធំ សៀមរាប ស្ទឹងត្រែង និង ខេត្ត​ក្រចេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ