អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន សែន ប្រកាស​បន្ត​បេក្ខភាព​ជា​នាយក​រដ្ឋ​មន្រ្តី​របស់​កម្ពុជា​ដល់​ឆ្នាំ​ ២០២៣

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន​ សែន បាន​ប្រកាស​ថា លោក​នៅ​តែ​បន្ត​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយក​រដ្ឋ​មន្រ្តី​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការ​បោះឆ្នោត​ជាតិ​ អាណត្តិ​ទី​៦​នៅ​ឆ្នាំ​២០១៨ និង​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ក្រោយ​ៗ​ទៀត។ ការ​ប្រកាស​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ពេល​នេះ គឺ​ជា​ការ​បង្ហាញ​ពី​ទំនុក​ចិត្ត​លើ​ជ័យ​ជំនះ​របស់​គណបក្ស​កាន់​អំណាច​នៅ​ពេល​ខាង​មុខ ខណៈ​ដែល​គណបក្ស​នេះ នឹង​ប្រជែង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​ ២០១៧ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​ ២០១៨​ខាង​មុខ។

លោក​នាយករដ្ឋ​មន្រ្តី ​ហ៊ុន សែន​
លោក​នាយករដ្ឋ​មន្រ្តី ​ហ៊ុន សែន​
ផ្សាយពាណិជ្ជកម្ម

នេះ​មិន​មែន​ជា​លើក​ទី​១ ហើយ​ក៏​មិន​មែន​ជា​រឿង​ចំឡែក​ដែរ ដែល​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​ប្រកាស​ពី​ការ​បន្ត​បេក្ខភាព​របស់​លោក ​ជា​នាយក​រដ្ឋ​មន្រ្តី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កំពុង​កាន់​អំណាច។ គេ​នៅ​ចាំ​បាន​ថា លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន ក៏​ធ្លាប់​បាន​ប្រកាស​ជា​រើយ​ៗ​មក​ហើយ​ថា លោក​នឹង​បន្ត​ឈរ​ឈ្មោះ​ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្តី​របស់​ប្រទេស​កម្ពុជា រហូត​ដល់​លោក​លែង​ចង់​ធ្វើ និង​ក្នុង​ករណី​ ដែល​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​តែ​បោះឆ្នោត​គាំទ្រ​រូប​លោក។

ការ​ប្រកាស​បេក្ខភាព​ជា​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​ជា​ថ្មី​របស់​លោក ហ៊ុន សែន បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ពិសារ​អាហារ​ស្រាយ​បួស ខែ​រ៉ាម៉ាឌន​នៃ​សាសនិក​ឥស្លាម​កម្ពុជា​ថ្នាក់​ជាតិ​លើក​ទី​៣ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ល្ងាច​ថ្ងៃ​ទី​ ១៤ ខែ​មិថុនា ម្សិលមិញ ស្រប​ពេល​ ដែល​ប្រទេស​កម្ពុជា ក៏​កំពុង​ត្រៀម​ខ្លួន​រៀប​ចំ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ពេល​នេះ មិន​មែន​មាន​ន័យ​ថា មាន​ការ​ប្រជែង​បេក្ខភាព​នាយក​រដ្ឋ​មន្រ្តី​ នៅ​ក្នុង​ជួរ​គណបក្ស​កាន់​អំណាច​នោះ​ទេ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​សន្និបាត​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ចុង​ក្រោយ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៦ ក៏​បាន​ប្រកាស​ពី​ការ​គាំទ្រ​បេក្ខភាព​នាយក​រដ្ឋ​មន្រ្តី​របស់​លោក ហ៊ុន​ សែន នៅ​អាណត្តិ​ទី​៦​ ឆ្នាំ​២០១៨ និង​អាណត្តិ​ក្រោយ​ៗ​ទៀត​ផង​ដែរ។

យោង​តាម​កំណត់​ត្រា​នានា បាន​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន គឺ​ជា​មេដឹកនាំ​ ដែល​កាន់​អំណាច​បាន​យូរ​ជាង​គេ​របស់​ប្រទេស​កម្ពុជា និង​នៅ​តំបន់​អាស៊ី ក៏​ដូច​ជា​នៅ​លើ​ពិភព​លោក​ថែម​ទៀត​ផង។ គិត​ត្រឹម​ឆ្នាំ​ ២០១៦​នេះ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ទើប​តែ​មាន​អាយុ​ ៦៥​ឆ្នាំ​ប៉ុណ្ណោះ។ ហើយ​បើ​គិត​ទៅ​ដល់​ឆ្នាំ​ ២០១៨ និង​ឆ្នាំ​ ២០២៣ នោះ​ប្រធាន​គណបក្ស​កាន់អំណាច​រូប​នេះ នឹង​មាន​អាយុ​ជាង​៧០​ឆ្នាំ​ប៉ុណ្ណោះ។ លោក សុខ ឥសាន បាន​ថ្លែង​ថា គ្រប់​កិច្ច​ប្រជុំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា តែង​តែ​បាន​ប្រកាស​ជំហរ​គាំទ្រ​បេក្ខភាព​របស់​លោក​នាយក​រដ្ឋ​មន្រ្តីហ៊ុន សែន។ លោក ហ៊ុន សែន បាន​ក្លាយ​ជា​នាយក​រដ្ឋ​មន្រ្តី​ទី​២​ របស់​កម្ពុជា​នៅ​ឆ្នាំ​១៩៩៣ និង​បាន​ក្លាយ​ជា​នាយក​រដ្ឋ​មន្រ្តី​តែ​ម្នាក់​គត់​របស់​កម្ពុជា បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក បាន​ឈ្នះ​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​១៩៩៨៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ