អានតួអត្ថបទ
កម្ពុជា

ការ​ចុះ​ទៅ​មូលដ្ឋាន​របស់​លោក ហ៊ុន សែន គឺ​ជា​រឿង​ល្អ ​សាមញ្ញ និង​ជា​ទម្លាប់​ដែល​មេ​ដឹក​នាំ​បក្ស​នយោបាយ​ ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ញឹកញាប់!

លោក​ ហ៊ុន សែន នៅ​ព្រឹក​នេះ បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​គម្រោង​ពង្រីក​ប្រព័ន្ធ ផ្គត់​ផ្គង់​ទឹក​ស្អាត ជូន​ប្រជាពលរដ្ឋ​ខេត្ត​បាត់ដំបង​ និង​ខេត្ត​កំពង់​ចាម។ ចំណែក​ក្នុង​ហ្វេសបុក​របស់​ខ្លួន​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ថា លោក​នឹង​បើក​យុទ្ធនាការ​ជួប​មន្រ្តី​រាជការ ប្រជាពលរដ្ឋ នៅ​២៥​រាជធានី​ខេត្ត​ក្រុង ដោយ​ផ្តើម​ចេញ​ពី​ខេត្ត​បាត់​ដំបង​មុន​គេ។ ជា​ដំណើរ​ទៅ​មូលដ្ឋាន​របស់​ប្រមុខ​បក្ស​កាន់​អំណាច​ ដែល​ទាំង​អ្នក​វិភាគ និង​តំណាង​បក្ស​ប្រឆាំង​ខ្លួន​ឯង​ផង បញ្ជាក់​ថា មិន​មែន​ជា​ការ​លួច​ចម្លង​ពី​គ្នា​ទេ តែ​គឺ​រឿង​សាមញ្ញ និង​ជា​ទម្លាប់​ដែល​មេ​ដឹក​នាំ​បក្ស​នយោបាយ​ ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ញឹកញាប់ និង​ជា​ប្រចាំ។

លោក​ហ៊ុន សែន​ បាន​ចុះ​ទៅ​តំបន់​មូលដ្ឋាន ​និង​បាន​ចុះ​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​។
លោក​ហ៊ុន សែន​ បាន​ចុះ​ទៅ​តំបន់​មូលដ្ឋាន ​និង​បាន​ចុះ​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​។ @Samdech Hun Sen, Cambodia Prime Minister
ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋ​មន្រ្តី​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ខេត្ត​បាត់​ដំបង លោក​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ខេត្ត​សៀម​រាប បន្ទាប់​មក​គឺ​ខេត្ត​កំពង់​ធំ ជា​បន្ត​ទៀត​។ លោក ហ៊ុន សែន បាន​ចាត់​ទុក​ថា នេះ​គឺ​ជា​ឱកាស ដែល​លោក​អាច​ពិនិត្យ​មើល​អំពី​សមិទ្ធ​ផល​នៅ​តាម​បណ្តា​ខេត្ត និង​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​។ ពី​ថ្ងៃ​២០​កក្កដា ក៏​លោក​បាន​សម្តែង​ភាព​ស្និទ​ស្នាល​ជាមួយ​ពលរដ្ឋ និង​បាន​ចុះ​សួរ​សុខ​ទុក្ខ​ប្រជាជន​ និង​អាជីវករ​ក្នុង​ផ្សារ​សាមគ្គី​ក្រគរ ក្នុង​ខេត្ត​ពោធិសាត់​ទៀត​ផង។

ចំពោះ​ការ​ចុះ​សួរ​សុខ​ទុក្ខ​ប្រជាជន​និង​មន្ត្រី​នៅ​មូលដ្ឋាន ​នៅ​ពេល​នេះ អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ លោក ផៃ ស៊ីផាន អះអាង​ប្រាប់​វិទ្យុ​បារាំង​ថា​ ជា​សកម្មភាព​ធម្មតា​របស់​ថ្នាក់​ដឹកនាំ​បក្ស​កាន់​អំណាច​ គ្មាន​រៀន​សូត្រ​ពី​បក្ស​ប្រឆាំង​នោះ​ទេ ព្រោះ​ប្រឆាំង​មិន​ឈ្នះ​ឡើយ គឺ​ចាញ់​តែ​រហូត​ហ្នឹង។

ចំណែក​គណ​បក្សប្រឆាំង​នៅ​ពេល​នេះ តាម​រយៈ​លោក អេង ឆៃអ៊ាង ក៏​និយាយ​បែប​សម្រួល​ស្ថានការណ៍​ដែរ​ថា ការ​ចុះ​ទៅ​មូលដ្ឋាន​នេះ មិន​មែន​ជា​ការ​លូច​ចម្លង​គ្នា​អ្វី​ទេ។ ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ការ​ធ្វើ​អំពើ​ល្អ​របស់​មេដឹកនាំ​នយោបាយ​នីមួយៗ ក្នុង​ការ​ចុះ​ទៅ​ជួប​ពលរដ្ឋ ឬ​តាម​ដាន​ពី​ការ​អនុវត្ត​គោល​នយោបាយ​របស់​ខ្លួន​ គឺ​ជា​រឿង​ល្អ ហើយ​មិន​បាច់​ទៅ​កម្ចាត់​គ្នា​ដោយ​ផ្លូវ​តុលាការ ឬ​កម្ចាត់​គូ​ប្រជែង​ដោយ​វិធី​ផ្សេង​ទេ គឺ​ធ្វើ​តែ​អំពើ​ល្អ​ទៅ ពលរដ្ឋ​ជា​អ្នក​វិនិច្ឆ័យ​ហើយ។​

ដោយ​ឡែក ចំពោះ​អ្នក​វិភាគ​ និង​ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​វិញ លោក មាស នី គិតថា មិន​មាន​អ្វីប្លែក​ទេ ព្រោះ​ថ្នាក់​ដឹក​នាំជាន់​ខ្ពស់​របស់​គណបក្ស​នយោបាយ សុទ្ធតែ​ធ្លាប់​ចុះទៅ​មូលដ្ឋាន​ជា​យូរ និងជា​ទម្លាប់​មក​ហើយ។ ក៏ប៉ុន្តែ​ បណ្ឌិត មាស នី លើកឡើងថា លោកចាំបានថា ពី​ពេល​មុន​ កាលពី​ពេល​មាន​ជាង​៩០កៅអី ប្រមុខ​បក្ស​កាន់​អំណាច​ធ្លាប់​ប្រកាស​ ថា មិន​បាច់​ចុះ​មូលដ្ឋាន​ក៏​ឈ្នះ​ដែរ។ ក៏ប៉ុន្តែ​ពេល​ដែរ​ ជ្រុះ​អស់​២២កៅអី ទើប​ផ្តើម​ភ្ញាក់​ខ្លួន វិល​ទៅ​ចុះ​ទៅ​មូលដ្ឋាន​ ទាក់​ទាញ​សមាន​ចិត្ត​ពលរដ្ឋ​នៅ​ទី​ជន​បទ​ជាថ្មី ឡើងវិញ​។

យ៉ាងណា​ក៏ដោយ ចំពោះ​បក្ស​ប្រឆាំង​និង​ចំពោះ​អ្នក​តាម​ដាន​ការ​វិវត្តសង្គម មើលឃើញថា វិធីសាស្ត្រ​ ឬ​របៀប​ទទួល​យក​ព័ត៌មាន​ពិតដែល​ប្រមុខ​រដ្ឋាភិបាល​ធ្វើ​ពេល​នេះ​​ គឺមិន​ប្រាកដ​នោះទេ ថានឹង​​ទទួល​ព័ត៌មាន​ពិត​ពី​ប្រជាជន​ទាំង​ស្រុង​នោះទេ។ ត្បិត​ពេល​ខ្លះ ជាការ​សម្តែង ឬ​ជា​ការ​រៀបចំ ហើយ​​ប្រជាជន​ដែល​មាន​វិបត្តិ​ពិតប្រាកដ គ្មានឱកាស​បាន​ជួប​ប្រាស័យ​ដោយ​ផ្ទាល់​ជាមួយ​លោកនាយករ​ដ្ឋ​មន្ត្រីនោះឡើយ​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ