អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន សែន ជួប​អ្នក​គ្រប់​គ្រង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​អាទិត្យ​នេះ

តាម​គម្រោង​នៅ​ថ្ងៃ​អាទិត្យ​ទី​ ២៣ តុលា​ខាន​ស្អែក លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នឹង​ជួប​សំណេះ​សំណាល​ជាមួយ​គណៈ​អភិបាល​គ្រប់គ្រង​រាជធានី​ភ្នំពេញ​រាប់​ចាប់​តាំង​ពី​ចៅ​សង្កាត់​ឡើង​ទៅ នា​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ។ រាជធានី​ភ្នំពេញ គឺ​ជា​គោល​ដៅ​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សន​កិច្ច​ ២៥​រាជ​ធានី​ខេត្ត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ ហើយ​បញ្ហា​ជា​ច្រើន​ ដែល​កំពុង​តែ​កើត​មាន​នៅ​រាជធានី​ភ្នំពេញ​ដូច​ជា៖ ចរាចរណ៍ គ្រឿង​ញៀន ជម្លោះ​ដី​ធ្លី​រ៉ាំរ៉ៃ ក៏​នឹង​ត្រូវ​បាន​លើក​ឡើង​បន្ថែម​ពី​លើ​របៀប​វារៈ​ ដែល​មាន​ស្រាប់​ស្ដីពី​សមិទ្ធផល​របស់​រាជធានី​ភ្នំពេញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដំណើរ​ចុះពិ​និត្យ​មើល​វឌ្ឍនភាពតា​ម​បណ្តា​រាជធានី-ខេត្ត​។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដំណើរ​ចុះពិ​និត្យ​មើល​វឌ្ឍនភាពតា​ម​បណ្តា​រាជធានី-ខេត្ត​។ @Samdech Hun Sen, Cambodia Prime Minister
ផ្សាយពាណិជ្ជកម្ម

ដូចការ​សន្យា​ ដែល​បាន​លើក​ឡើង​កាល​ពី​ដើម​ខែ​តុលា​ នៅ​ទី​បំផុត​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន សម្រេច​បើក​វេទិកា​សាធារណៈ​ជាមួយ​គណៈអភិបាល​គ្រប់​គ្រង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ​ ដើម្បី​ស្ដាប់​ពី​សមិទ្ធផល​នានា ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ​ ២០១៦​។ នេះ​ជា​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក​មាន ចាន់​យ៉ា​ដា។

ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់​សម្គាល់​ ពលរដ្ឋ​ទូទៅ​ជា​ពិសេស​អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹង​កក់​ មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​នៅ​ក្នុង​កម្មវិធី​នេះ​ទេ។ រាជធានី​ភ្នំពេញ​ ដែល​ជា​គោលដៅ​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សន​កិច្ច​ ២៥​រាជ​ធានី ខេត្ត របស់ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។ រាជធានី​ភ្នំពេញ​ក៏​បាន​នាំ​ឲ្យ​សន្លឹក​ឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាក់​ចុះ​ ក្នុង​ឆ្នាំ​ ២០១៣ រហូត​ដល់​ចាញ់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ២ កៅអី ខណៈ​ដែល​បក្ស​ប្រឆាំង​ទទួល​ ៧​កៅអី ហើយ​គណបក្ស​កាន់​អំណាច​បាន​ត្រឹម​តែ​ ៥​កៅ​អី​ប៉ុណ្ណោះ។

អ្នកតាមដាន​ការ​អភិវឌ្ឍ​សង្គម​រំពឹង​ថា ពិធី​វេទិកា​សាធារណៈ​រវាង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​មន្ត្រី​រាជធានី​ភ្នំពេញ​ជួយ​ព្យាបាល​ដំបៅ​ចាស់​ឲ្យ​ជា​សះ​ ដើម្បី​ស្ដារ​ប្រជាប្រិយ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើង​វិញ។ ដំបៅ​ចាស់​រួម​មាន៖ ជម្លោះ​ដីធ្លី ការ​កក​ស្ទះ​ចរាចរ គ្រឿង​ញៀន សន្តិសុខ សម្រាម និង​ប្រព័ន្ធ​លូ​ជា​ដើម។

សូម​បញ្ជាក់​ថា លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទៅ​គ្រប់​បណ្ដា​ខេត្ត​នៅ​ទូទាំង​ប្រទេស​។ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ធ្លាប់​បាន​លើក​ឡើង​ថា ដំណើរ​ឆ្ពោះ​ទៅ​កាន់​មូលដ្ឋាន នោះ​គឺដើម្បី​ពិនិត្យ​មើល​សមិទ្ធផល​ជាតិ និង​ជួប​សួរ​សុខទុក្ខ​មន្ត្រី​រាជការ ព្រម​ទាំង​ពិនិត្យ​ និង​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដល់​ប្រជាពលរដ្ឋ​។ ភាគ​ច្រើន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន សម្រេច​ជួយ​ដោះស្រាយ​ដល់​វិស័យ​អប់រំ​ដោយ​ផ្ដល់​អំណោយ​ជា​អគារ​សិក្សា​បន្ថែម​នៅ​គ្រប់​ទិសទី​ ដែល​លោក​បាន​ទៅ​ដល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ