អានតួអត្ថបទ
កម្ពុជា

បក្ស​សង្គ្រោះ​ជាតិ​៖ លោក​ហ៊ុន សែន​គួរ​គោរព​ពាក្យ​សម្តី​របស់​ខ្លួន

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​បដិសេធ​មិន​ផ្លាស់​ប្តូរ​កាល​បរិច្ឆេទ​ការ​បោះឆ្នោត​តាម​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ហើយ​លោក​បាន​ព្រមាន​ទៅ​កាន់​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​បញ្ចប់​ការ​ប្រើប្រាស់​នយោបាយ​ចាប់​ដៃ ជាន់​ជើង​ជា​បន្ត​ទៀត។ ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ គណបក្ស​សង្គ្រោះជាតិ​ថា​ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន គួរ​គោរព​ពាក្យ​សម្តី​របស់​ខ្លួន​ដែល​បាន​សន្យា​ពី​ការ​ផ្លាស់​ប្តូរ​ពេល​វេលា​បោះឆ្នោត និង​បញ្ឈប់​ការ​គាប​សង្កត់​បក្ស​ប្រឆាំង​ជា​បន្ត​ទៀត។ យ៉ាងណា​ក៏​ដោយ បក្ស​កាន់​អំណាច​ថា​ បក្ស​ប្រឆាំង​មិន​បាន​ឱ្យ​តម្លៃ​ចំពោះ​ចរចា​របស់​ខ្លួន។

លោក នាយករដ្ឋមន្ត្រីហ៊ុន សែន
លោក នាយករដ្ឋមន្ត្រីហ៊ុន សែន RFI-ចាន់ណា
ផ្សាយពាណិជ្ជកម្ម

លោក​អេង ឆៃអ៊ាង​ស្នើ​ឱ្យ​លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន គោរព​ពាក្យ​សម្តី​របស់​ខ្លួន​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត។ លោក អេង ឆៃអ៊ាង(សម្លេង)៖

ប្រតិកម្ម​តប​របស់​មន្ត្រី​ការិយាល័យ​នយោបាយ​ជាន់​ខ្ពស់​នៃ​បក្ស​ប្រឆាំង​នេះ​ គឺ​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន បាន​គូស​បញ្ជាក់​ថា បក្ស​កាន់​អំណាច​របស់​លោក​មិន​ព្រម​ផ្លាស់​ប្តូរ​កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត​តាម​ការ​ទាមទារ​របស់​បក្ស​ប្រឆាំង​នោះ​ទេ។ ក្រៅ​ពី​នោះ ប្រមុខ​បក្ស​កាន់​អំណាច ក៏​បាន​ព្រមាន​ដោយ​សម្តី​ខ្លាំង​ៗ​ទៅ​កាន់​បក្ស​ប្រឆាំង​ថា គួរ​តែ​បញ្ឈប់​នយោបាយ​ចាប់​ដៃ​ជាន់​ជើង​ជាមួយ​បក្ស​កាន់​អំណាច​តទៅ​ទៀត។ បន្ថែម​ពី​លើ​នេះ លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​បញ្ជា​ឱ្យ​តាម​ចាប់​ខ្លួន​បាតុករ​ដែល​បាន​ធ្វើ​បាតុកម្ម​កាល​ពី​ឆ្នាំ​២០១៤​ដាក់​ពន្ធនាគារ​ ហើយ​បាន​ស្នើ​ឱ្យ​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៧​រូប​ដែល​ពាក់ពន្ធ​នឹង​បាតុកម្ម​រំដោះ​ទីលាន​ប្រជាធិបតេយ្យ ចូល​ខ្លួន​ទៅ​តាម​ការ​កោះហៅ​របស់​តុលាការ​ថែម​ទៀតផង។

ឆ្លើយ​តប​នឹង​ប្រតិកម្ម​នេះ លោក អេង ឆៃអ៊ាង បាន​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា កំពុង​ប្រើប្រាស់​នយោបាយ​គាប​សង្កត់​គណបក្ស​ប្រឆាំង​សារជា​ថ្មី។ លោក ឈឹម ផលវរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​ថា គណបក្ស​ប្រឆាំង​ខ្លួន​ឯង​គឺ​ជា​អ្នក​ធ្វេស​ប្រហែស​ទាក់ទង​នឹង​ការ​ចរចា​ស្តី​ពី​ការ​ផ្លាស់ប្តូរ​ពេល​បោះឆ្នោត​នេះ ព្រោះ​ថា​មិនមាន​ចែង​ឱ្យ​បាន​ច្បាស់លាស់​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា។ ជម្លោះ​នយោបាយ​ដែល​បាន​អូស​បន្លាយ​សឹង​រយៈ​ពេល​មួយ​ឆ្នាំ​ក្រោយ​ការ​បោះឆ្នោត​ខែ​កក្កដា អាណត្តិ​ទី​៥​កន្លង​ទៅ។

អ្នក​វិភាគ​សង្គម លោក​ស្រី ​ជា វណ្ណាត បាន​លើក​ឡើង​ថា ការ​កើន​ឡើង​កំដៅ និង​ភាព​ស្និទស្នាល​គ្នា​រវាង​អ្នក​នយោបាយ​នៅ​កម្ពុជា គឺ​ជា​ទម្លាប់​ដដែល​ៗ​ដែល​គ្មាន​អ្វី​ប្លែក​នោះ​ទេ។ ប៉ុន្តែ​លោក​ស្រី បាន​សង្កត់​ធ្ងន់​ថា ការ​ព្រមាន​ពី​បក្ស​កាន់​អំណាច​នេះ ជា​សញ្ញាណ​បង្ហាញ​សាច់ដុំ​ទៅ​ដល់​បក្ស​ប្រឆាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ