ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/07 12h00 GMT
កម្ពុជា

លោក​គឹម សុខ​ត្រូវ​តុលាការ​ចាប់​ខ្លួន​ក្រោម​សំឡេង​តវ៉ា

media  
លោក គឹម សុខ អ្នកវិភាគនយោបាយនិងសង្គមដែល​ត្រូវ​បាន​លោក​នាយករដ្ឋ​មន្រ្តី ​ហ៊ុន សែន ​ប្តឹង​ពី​បទបរិហាកេរ្តិ៍​។​ @Facebook

តុលាការ​ក្រុង​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ទី១៧ កុម្ភៈនេះ សម្រេច​ឃុំ​ខ្លួន​លោក គឹម សុខ អ្នក​វិភាគ​សម្តីឆៅ​ដាក់​ពន្ធនាគារ​ក្រោម​បទ​ចោទ​ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ និង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​។ បណ្តឹង​នេះ​គឺ​ធ្វើឡើង​តាម​បញ្ជា​ពី​លោកនាយក​រដ្ឋ​មន្ត្រីហ៊ុន សែន​ដែល​ប្តឹង​អ្នក​វិភាគ​រូប​នេះ​ ថា​ពីរឿង​បរិហារកេរ្តិ៍​បក្សកាន់​អំណាច​ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​សម្លាប់​លោក​បណ្ឌិត​កែមឡី​។ ទន្ទឹម​នឹង​នេះ ក្រុម​ប្រជាពល​រដ្ឋ​ដែល​រួម​មាន​ទាំង​ព្រះសង្ឃ​ផង បាន​រិះ​គន់​តុលាការ​កម្ពុជាថា អយុត្តិធម៌។

 

នៅម៉ោង​ប្រមាណ​ជាង​៣​រសៀលនេះ លោក​គឹម សុខ ត្រូវ​បាន​ប៉ូលិស​ចាប់​ដាក់​រថយន្ត​ចេញ​ពី​តុលាការ​ក្រុង​ភ្នំពេញ​ទៅ​កាន់​មន្ទីរ​ឃុំឃាំង​ព្រៃ​ស​ ខណៈ​ដែល​ប្រជាពល​ដែល​ឈរ​នៅ​ក្រៅ​របង​តុលាការ​មួយ​ក្រុម​ស្រែក​ថា​អយុត្តិធម៌ និង​រិះគន់​តុលាការ​កម្ពុជា​ជា​ខ្លាំង​។ លោកគឹម សុខ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ«​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ និង​បរិហារកេរ្តិ៍ជាសាធារណៈ» តាម​ពាក្យ​បណ្តឹង​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ លោកនាយក​រដ្ឋមន្ត្រី​ដែលបាន​ប្តឹង​អ្នកវិភាគ​រូបនេះ​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​៥០ម៉ឺន​ដុល្លារ ក្រោយ​ការ​អត្ថាធិប្បាយ​ក្នុង​ស្ថានីយ៍​វិទ្យុ​អន្តរជាតិ​មួយ​ជុំវិញ​ការ​សម្លាប់​លោក​បណ្ឌិត​កែម ឡី។ តុលាការ​បាន​បញ្ជាក់​ថា ការ​អត្ថាធិប្បាយ​របស់​លោកគឹម សុខ​គឺគ្មាន​មូល​ដ្ឋាន​ច្បាប់​នោះ​ទេ។

 
សូម​រំលឹក​ថា​រឿងរាវ​នេះ​ បានកើត​ឡើង​កាលពី​ថ្ងៃ​ទី១៣​ កុម្ភៈ។ ឆ្លើយ​នឹង​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី លោក​គឹម សុខ អ្នក​វិភាគ​សង្គម បាន​និយា​យថា៖ «គណបក្ស​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន ...មិន​ឃើញ​ថា គាត់​ធ្វើ​ដើម្បី​ចង់​បាន​បង្កើន​ប្រជាប្រិយ​ភាព​អី​ទេ... និយាយ​ឱ្យ​ចំ​តែ​ម្តង​ទៅ បន្ត​ប្លន់​អំណាច...»។ លោកគឹម សុខ​បន្ត​ប្រាប់​អាស៊ីសេរី​ទៀត​ថា៖ «...ធ្វើ​អស់​ហ្នឹង​ហើយ សម្លាប់​​ហើយ​អី​ហើយ​ហ្នឹង ទាំង​ចុង​ក្រោយសម្លាប់​ លោក កែម ឡី​ទៀត សម្លាប់​ហើយ​អីហើយ​ប៉ុន្តែ​ពលរដ្ឋ​នៅ​តែ​ងើប។ ចឹង​ហើយ​មាន​តែ​វិធីមួយ​ចុង​ក្រោយ​ទេ គឺ​ប្រើ​ច្បាប់...»។​ ​ពាក្យ​​ទាំង​នេះ​ហើយ​ដែល​ជំរុញ​ឱ្យលោកនាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចេញ​បញ្ជា​ឱ្យ​មេធាវី​ប្តឹង​លោក គឹម សុខ ទៅ​កាន់​តុលាការ។
 
ក្រៅ​ពីបណ្តឹង​ខាង​លើ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្តឹង​លោក គឹម សុខ មួយ​បណ្តឹង​បន្ថែម​ទៀត​ពី​បទ«ចោទ​រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​មួយ ដែល​មាន​ការ​សម្លាប់​មនុស្ស​ហើយ រក​មុខ​ឃាតក​មិនឃើញ» ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​១០លាន​រៀល ដែល​ស្មើ​នឹង​២ពាន់៥រយ​ដុល្លារ។ សរុបលោកគឹម សុខ​មាន​បណ្តឹង​ជាប់​ខ្លួន​ចំនួន​ពីរ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ប្តឹងក្រោយ​ការ​អត្ថាធិប្បាយ​កាលពីពេលថ្មីៗ​នេះ។​
 
សូម​កត់​សំគាល់​ថា លោក​គឹមសុខ គ្មាន​មេធាវី​ការ​ពារ​ក្តី​ទេ​ក្នុង​សំណុំរឿង​នេះ។ មុន​ពេល​ចូល​សវនាការ​បំភ្លឺ លោកគឹម សុខ បាន​ធ្វើដំណើរ​ដោយ​ថ្មើរ​ជើង​ចេញ​ពី​វត្តចាស់​ក្នុង​សង្កាត់​ជ្រោយ​ចង្វា រហូត​ដល់​តុលាការ ដោយ​មាន​អ្នក​គាំទ្រ​អម​ដំណើរ​ជា​ច្រើន​នាក់​ដែល​នៅ​ក្នុង​នោះ​មាន​ព្រះ​សង្ឃ​ផង​ដែរ។
 
ព្រះតេជ​គុណ ប៊ុត ប៊ុន​ទិញ ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម និង​ជាអ្នក​រិះគន់​រដ្ឋាភិបាល​ផង បាន​តាមដាន​ព្រឹត្តការណ៍​​ពេញ​មួយ​ថ្ងៃ បាន​មាន​សង្ឃ​ដីកា​រិះ​គន់​ថា​ការ​សម្រេច​ឃុំខ្លួន​នេះ គឺ​ជារឿង​អយុត្តិ​ធម៌ ហើយ​មាន​សង្ឃដីកា​បន្ត​ថា ការ​រិះគន់​ប៉ុណ្ណេះ មិនគួរ​ចាប់​ដាក់​ពន្ធនាគារ​នោះ​ទេ។ ប៉ុន្តែ​ទាំង​លោកនាយករដ្ឋ​មន្ត្រី និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា ការអត្ថា​ធិប្បាយ​របស់​លោក​គឹម សុខ គឺជាការ​ចោទ​គណបក្ស​កាន់អំណាច​ទាំង​ងងឹត​ងងុល។
ចំពោះការ​ចាប់ខ្លួន​លោក​គឹម សុខ ក្រុម​អ្នកវិភាគ​នៅ​កម្ពុជា​បាន​អះអាង​ថា វាជា​បំបិទ​សិទ្ធិ​សេរីភាព​ក្នុងការ​បញ្ចេញមតិ​ ដែល​គ្មាន​អ្នកណា​ហ៊ាន​អត្ថាធិប្បាយ​ទៀត​ឡើយ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ