អានតួអត្ថបទ
កម្ពុជា

លោក​ហ៊ុន សែន៖ រដ្ឋាភិបាល​បើក​ចំហ​ចំពោះ​ការ​ពិនិត្យ​ផែនទី​ក្រោយ​យូ​អ៊ិន និង​មហា​អំណាច​បាន​ផ្តល់​ឱ្យ

ក្រោយ​ការ​ផ្ញើលិខិត​ទៅកាន់​អង្គការ​សហប្រជាជាតិ សហរដ្ឋ​អាមេរិក និង​អង់គ្លេស រួមទាំង​បារាំង ដើម្បីស្នើសុំ​យកផែន​ទីបោន​មក​បញ្ជាក់​ពីភាព​ស្អាត​ស្អំ​របស់​រដ្ឋាភិបាល លោកនាយ​ករដ្ឋមន្ត្រី​នៅថ្ងៃព្រហស្បតិ៍​ទី​១៦ កក្កដា​នេះ​បាន​ប្រកាស​ថា រដ្ឋាភិបាល​នឹង​បើក​ចំហរ​ឱ្យ​គ្រប់​គណបក្ស​នយោបាយ អាច​ចូល​ពិនិត្យ​បាន។

លោក​​នាយក​​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​ថ្មី​អាណាត្តិ​ទី៥​ នៅ​វិមាន​សន្តិភាព​ ថ្ងៃ​ទី​​ ២៥​ កញ្ញា​ ២០១៣​
លោក​​នាយក​​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​ថ្មី​អាណាត្តិ​ទី៥​ នៅ​វិមាន​សន្តិភាព​ ថ្ងៃ​ទី​​ ២៥​ កញ្ញា​ ២០១៣​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

“មិន​អាច​ទុក​ឱ្យ​គេ​ចោទ​ប្រកាន់​ បើទោះ​បី​យើងខំ​ប្រឹង​ពន្យល់​យ៉ាងណា អញ្ចឹងទេ​សុំ​ផែន​ទី​ពី​បរ​ទេស។ ​អ្នក​ផលិត​គឺ​បា​រាំង ​ហើយ​ហៅ​អ្នក​ឯកទេស​បារាំងមក​តែ​ម្តង ហើយ​គឺ​ថា​ពេល​ហ្នឹង​បក្ស​នានា បក្ស​ណា​ប៉ុន្មាន​ក៏​ដោយ​មួយ​ប្រទេស​ចង់​ចូល​មក​ពិនិត្យ​មក​ផ្ទៀង​មក សូម​អញ្ជើញ”។  នេះ​ជាការ​ប្រកាស​ពី​លោក​នាយក​រដ្ឋម​ន្ត្រីហ៊ុន សែន​ចំពោះ​បញ្ហា​ព្រំដែន​ជា​មួយ​ប្រទេស​វៀតណាម។

ការ​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​បាន​ផ្ញើ​លិខិត​បី​ផ្សេងគ្នា​ទៅ​កាន់​ប្រទេសមហា​អំណាច​អង់គ្លេស បារាំង និង​សហរដ្ឋ​អាមេរិក។ មហា​អំណាច​ទាំង​បី​ដែល​បារាំង​ជាអ្នក​ផលិត​ផែន​ទី ហើយអង់​គ្លេស​អាមេរិក​ជា​អ្នក​ទទួល​ស្គាល់​ផែន​ទីបោន ដែល​កម្ពុជា​បាន​យក​ទៅ​តម្កល់​ទុក​នៅ​អង្គការ​សហប្រ​ជាជាតិ​ឆ្នាំ១៩៦៤ ។ លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការ​ចោទ​ពី​បក្ស​ប្រឆាំង​រឿង​ប្រើប្រាស់​ផែន​ទី​ក្លែង​ក្លាយ គឺជា​រឿង​អយុត្តិធម៌​ចំពោះ​រូបលោក និង​រដ្ឋាភិបាល​នៃ​បក្សកាន់​អំណាច​ដែលមិន​អាច​ទទួល​យក​បាន​ទេ​។

លោកហ៊ុន សែន​កាលពី​ល្ងាច​ថ្ងៃ​ពុធ បាន​សរសេរ​លិខិត​បីច្បាប់​ទៅ​កាន់​ប្រធានា​ធិបតី​បារាំង​ក្នុង​នាមដែល​បារាំង​ជាអ្នក​គូស​ផែនទី​ខ្នាត​លើ១/១រយ​ពាន់ ប្រធានាធិបតី​អាមេរិក និងនាយក​រដ្ឋមន្ត្រីអង់គ្លេស ក្នុងនាម​ប្រទេស​មហា​អំណាច​ទាំងពីរ​ជាអ្នក​ទទួល​ស្គាល់​អធិបតេយ្យ​ភាព​កម្ពុជា។ អធិបតេយ្យ​ភាពដែល​កម្ពុជា​បាន​ប្រកាស​នៅ​ក្នុង​ការ​រៀបចំ​សន្និ​សីទ​ចតុ​ភាគី ឆ្នាំ​១៩៦៤​ដែល​មាន​ប្រទេស​អង់គ្លេស និងអាមេរិក ជាអ្នក​ដឹង​ឮ។

បន្ថែម​ពី​លើនេះ អង់គ្លេស និង​អាមេរិក ទាំង​សម័យ​រដ្ឋាភិបាល​សង្គមរាស្ត្រនិយម និង​សម័យ​រដ្ឋាភិបាល​បច្ចុប្បន្ន ​បាន​ឆ្លើយឆ្លង​ជាមួយ​កម្ពុជា​ពី​កិច្ចការ​ព្រំដែន​នេះ ហើយ​កម្ពុជាជឿ​ជាក់​ថា​ប្រទេស​ទាំង​ពីរ​នេះ នឹង​មាន​ផែន​ទី​បោន។​ ផែន​ទី​ដែល​នឹង​អាច​ដោះស្រាយ​ចម្ងល់​ចំពោះការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម បន្ទាប់​ពី​បក្ស​ប្រឆាំង​និង​មតិ​សង្គមជាតិ​មួយ​ចំនួន បាន​ចោទរដ្ឋាភិបាល​កម្ពុជា​ថា​បាន​ធ្វើ​ឱ្យបាត់​បង់​ទឹក​ដី។

ក្រៅ​ពី​នេះ លោកនាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​សង្កត់​ធ្ងន់​ថា ការ​ផ្តល់​ផែន​ដើម​គឺនឹង​អាច​បញ្ចប់​ការញុះ​ញង់​បង្កើត​ឱ្យ​មាន​ស្មារតី​ជាតិ​និយម​ជ្រុល​ដែល​អាច​បង្កើត​មហន្តរាយ​ដ៏​ធំធេង​ដល់​ជាតិ​កម្ពុជា។ សូម​បញ្ជាក់​ថា បញ្ហា​ព្រំដែន​កម្ពុជា និង​វៀតណាម បាន​កើន​កម្តៅ​មិន​ធ្លាប់​មាន​នា​ពេល​ថ្មីៗ​នេះ។ ប្រជាពល​រដ្ឋ​ប្រទេស​ទាំងពីរ​បាន​ផ្ទុះ​អំពើ​ហិង្សា​នៅ​ព្រំដែន​ដែល​បណ្តាល​ឱ្យ​មាន​របួស​ទាំង​សង​ខាង កម្ពុជា​បាន​ចេញ​កំណត់​ទូត​ប្រឆាំង​នឹង​សកម្មភាព​វៀត​ណាម​នៅ​តាម​ព្រំដែន​ក្នុង​ខេត្តរតនៈគីរី និង​ខេត្ត​កណ្តាល​ជា​ដើម។

លោកយ៉ែម បុញ្ញ​ឫទ្ធិ បាន​អះអាង​ថា គណបក្ស​សង្គ្រោះជាតិ​សូមគាំទ្រ ប៉ុន្តែ​ការ​អនុញ្ញាតិ​មើល​ផែន​ទីពី​រដ្ឋាភិបាល​គឺជា​ជំហ៊ាន​ដំបូង​តែ​ប៉ុណ្ណោះ។ បើតាម​អ្នក​នាំ​ពាក្យ​រូបនេះ ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ចំពោះ​កិច្ច​ដែល​មាន​សមាភាព​មក​ពី​គណបក្ស​នយោ​បាយ​នៅ​ក្នុង​អាសនៈ​សភា​គឺ​ជាយន្តការ​បន្ត​ដើម្បីបង្ហាញ​ពី​តម្លាភាព។លោក សុខទូច បន្ថែម​ថា ការអនុញ្ញាតិ​​ឱ្យ​គ្រប់​និន្នាការ​ចូល​រួម​ពិនិត្យ​មើល​ផែនទី​ដែល​បាន​ពី​អន្តរជាតិនោះ គឺនឹង​អាច​បញ្ចប់​ការ​មិន​ទុក​ចិត្ត​គ្នា និង​បញ្ចប់ការ​ធ្វើពាណិជ្ជ​កម្មលើ​បញ្ហា​ព្រំដែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ