អានតួអត្ថបទ
កម្ពុជា

លោកហ៊ុន សែន ទាត់​ចោល​ការ​ប្រើ​គោរមងារ “សម្តេច”

នៅ​ព្រឹក​ថ្ងៃ​ទី​៨ កក្កដា​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ដឹកនាំ​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​របស់​ខ្លួន​ ដើម្បី​ពិភាក្សា​ទៅ​សេចក្តី​ព្រាង​ច្បាប់ និង​ពិធីសារ​មួយ​ចំនួន។ ប៉ុន្តែ​នៅ​ក្នុង​នោះ ប្រមុខ​រដ្ឋាភិបាល​ បាន​ប្រកាស​ទាត់​ចោល​ការ​ណែនាំ​ឱ្យ​ប្រើប្រាស់​គោរមងារ​«សម្តេច» បន្ទាប់​ពី​ក្រសួង​ព័ត៌មាន​បាន​ដាក់​កំហិត​ខ្លាំង។

លោក​​ហ៊ុន​ សែន​ ​បា​ន​ប្រកាស​ទាត់​ចោល​ការ​ណែនាំ​ឱ្យ​ប្រើប្រា​ស់​គោរម​ងារ​«សម្តេច» ​បន្ទាប់​ពី​ក្រសួង​ព័ត៌មាន​បាន​ដាក់​កំហិត​ខ្លាំង​។ ​
លោក​​ហ៊ុន​ សែន​ ​បា​ន​ប្រកាស​ទាត់​ចោល​ការ​ណែនាំ​ឱ្យ​ប្រើប្រា​ស់​គោរម​ងារ​«សម្តេច» ​បន្ទាប់​ពី​ក្រសួង​ព័ត៌មាន​បាន​ដាក់​កំហិត​ខ្លាំង​។ ​ @Samdech Hun Sen, Cambodia Prime Minister
ផ្សាយពាណិជ្ជកម្ម

នៅ​ទី​បំផុត លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ បាន​សម្រេច​ទាត់​ចោល​ការ​ណែនាំ​ឱ្យ​ប្រើ​គោរម​ងារ​ជា​ “សម្តេច”។ ការ​សម្រេច​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​មាន​ងារ​ជា​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ​គឺ​បន្ទាប់​ពី​ក្រសួង​ព័ត៌​មាន​កាល​ពី​ថ្ងៃ​ទី​ ៦​កក្កដា បាន​ដាក់​កំហិត និង​ព្រមាន​ខ្លាំង​ៗ​ជា​លើក​ចុង​ក្រោយ​ដល់​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់ ត្រូវ​តែ​ប្រើ​គោរមងារ​សម្តេច​នៅ​ក្នុង​ការ​អត្ថា​ធិប្បាយ ឬ​សំណេរ​របស់​ខ្លួន។ ក្រសួង​បន្ត​ថា ស្ថាប័ន​ដែល​អនុវត្ត​ផ្ទុយ​ពី​ការ​ណែនាំ​នេះ​ នឹង​ត្រូវ​ប្រឈម​នឹង​ការ​ដក​អាជ្ញា​ប័ណ្ណ។

សូម​រំលឹក​ថា មុន​ការ​ព្រមាន​ខ្លាំង​ៗ​នេះ ក្រសួង​កាល​ពី​ថ្ងៃ​ទី​១២ ឧសភា កន្លង​ទៅ​បាន​ណែនាំ​ផ្ទាល់​មាត់​ទៅ​ដល់​ម្ចាស់​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់​ឱ្យ​ប្រើ​គោរម​ងារ​ជា​សម្តេច​ដែល​ព្រះ​មហាក្សត្រ​ប្រទាន​ដល់​ថ្នាក់​ដឹកនាំ​ជាតិ។ ហើយ​ឱសានុវាទ​ ដែល​ត្រូវ​ផុត​កំណត់​នោះ​ គឺ​ចុង​ខែ​មិថុនា​កន្លង​ទៅ​នេះ។ ប៉ុន្តែ​ស្ថាប័ន​សារព័ត៌មាន​មួយ​ចំនួន មិន​បាន​គោរព​តាម​ការ​ណែនាំ​នេះ​ទេ​ដូចជា​កាសែ​ត ភ្នំពេញ​ប៉ុស្តិ៍ និង​កាសែត​ឌឹខេម​បូឌា​ដេលី វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក វិទ្យុ​អាស៊ី​សេរី​ និង​វិទ្យុ​បារាំង​អន្តរជាតិ​ជា​ខេមរ​ភាសា​ជា​ដើម។

លោក​ផៃ​ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី បាន​បញ្ជាក់​មូល​ហេតុ​ ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​សម្រេច​ទាត់​ចោល​ការ​ណែនាំ​នេះ គឺ​លោក​មិន​គាំទ្រ​ដល់​ចំណាត់​ការ​របស់​ក្រសួង​ព័ត៌មាន​នោះ​ទេ។ ជា​ការ​មិន​គាំទ្រ​ ព្រោះ​តែ​នោះ គឺ​ជា​ការ​បង្ខិត​បង្ខំ​ទៅ​ដល់​អ្នក​សារព័ត៌មាន។ សម្រាប់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន សារព័ត៌មាន​ទាំង​អស់​មាន​ជម្រើស​ក្នុង​ការ​ប្រើ​គោរម​ងារ​ជា​សម្តេច​នេះ។​

​ក្រៅ​ពី​នេះ ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ដឹកនាំ​ការ​ពិភាក្សា​ពី​កិច្ច​ព្រម​ព្រៀង និង​ពិធី​សារ​មួយ​ចំនួន ដូចជា​កិច្ច​ព្រម​ព្រៀង​ស្ដីពី​ការ​បង្កើត​អង្គភាព​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​បូក​៣ និង​ពិធី​សារ​ស្តីពី​ការ​បើក​ចំហ​សេវា​ហិរញ្ញ​វត្ថុ​ជា​ដើម។

យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​ការ​ព្រមាន​ខ្លាំង​ៗ​ពី​ក្រសួង​ព័ត៌មាន ស្ថាប័ន​មួយ​ចំនួន​ដូចជា​វិទ្យុ​វីអូឌី​ជា​ដើម ក៏​បាន​ប្តូរ​ការ​ប្រើ​គោរមងារ​ពី​លោក មក​ជា​សម្តេច​វិញ​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ