អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន សែន៖ «សម រង្ស៊ី ជាដៃគូដ៏ល្អរបស់ខ្ញុំ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថ្ងៃនេះថា លោក សម រង្ស៊ី គឺជាសមភាគី និងជាដៃ​គូ​ដ៏​ល្អ​មួយរបស់លោក។ នៅក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឯខេត្តសៀមរាប លោក​នាយក​រដ្ឋមន្ត្រី អំពាវវ នាវឲ្យគាំទ្រវប្បធម៌សន្ទនា ហើយសូមឲ្យពលរដ្ឋ​គ្រប់​និន្នាការ​ទាំងអស់ ត្រូវតែរួបរួមគ្នា ដើម្បីសេចក្តីសុខនិងការអភិវឌ្ឍរបស់ជាតិយើងទាំងអស់គ្នា។ ចំណែក លោក សម រង្ស៊ី កាលពីម្សិលមិញ ក៏បានថ្លែងដែរថា ឆ្នាំថ្មី ឆ្នាំមមែនេះ គឺជាឆ្នាំល្អ។ ភាពតាន​តឹងបាន​បញ្ចប់​ជាស្ថាពរ ហើយគណបក្សសង្គ្រោះជាតិ នឹងនៅតែបន្តវប្បធម៌សន្ទនា ជាមួយ​គណបក្ស​កាន់អំណាច ដោយការគោរពនិងទុកចិត្តគ្នាទៅវិញទៅមក។

លោក សម រង្ស៊ី និង លោក ហ៊ុន សែន នៅព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត
លោក សម រង្ស៊ី និង លោក ហ៊ុន សែន នៅព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត Facebook@sam rainsy
ផ្សាយពាណិជ្ជកម្ម

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ពី​ខេត្តសៀមរាប​មក​ថា លោក​សប្បាយរីករាយ​ណាស់ ដែលមាន​ប្រមុខ​បក្ស​ក្រៅ​រដ្ឋាភិបាល គឺ លោក សម រង្ស៊ី បាន​ចូលរួម​នៅក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ដែរ  ព្រោះនេះ​គឺជា​ប្រវត្តិសាស្ត្រ​ដែល​ប្រមុខ​បក្ស​នៅក្នុង​និង​ក្រៅ​រដ្ឋាភិបាល បាន​ជួបជុំ​និង​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ជាមួយគ្នា។ លោក​អនុ​ប្រធាន​​បក្ស​ប្រជាជន បាន​សម្តែង​ភាព​ជិតស្និត​ជាមួយនឹង​លោក សម រង្ស៊ី ដែល​គេ​កម្រ​នឹង​បានឮ។
 
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ៖  «ខ្ញុំ​បាន​ជួប​ដៃគូ​ដ៏​ល្អ​មួយ គឺ​ឯកឧត្តម សម រង្ស៊ី ដែល​ថ្ងៃនេះ មាន​វត្តមាន។ ខ្ញុំ​បាន​និយាយ​នៅក្នុង​ការចរចា អំពី​បញ្ហា​ពាក់ព័ន្ធ ជាមួយ​ថា យើង​ត្រូវបង្កើត​ការសន្ទនា​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន។ ឯកឧត្តម សម រង្ស៊ី ក៏បាន​ទទួលយក ហើយ​យើង​បានក្លាយ​ជា​សហ​ស្ថា​និក​នៃ​វប្បធម៌​សន្ទនា​ដែល​យើង​ទទួល​ភារកិច្ច​បន្ត និង​ដឹកនាំ​ការងារ​នេះ ផ្ទាល់​របស់​យើង។ សូម​អបអរ​សា​រទ»

បន្ថែម​ពី​លោក ហ៊ុន សែន បាន​រម្លឹកថា ជាង​ពាក់កណ្តាល​ជីវិត​របស់លោក គឺ​លោក​ចរចា​ដើម្បី​សន្តិភាព​ច្រើនជាង​ធ្វើ​ចម្បាំង។ លោក​ចង់​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​និង​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​នៅ​កម្ពុជា ប្រកាន់យក​វប្បធម៌​សន្ទនា។ លោកនាយក​រដ្ឋមន្ត្រី បាន​ប្រកាស​ថា វប្បធម៌​សន្ទនា​ដែល​លោក​និង​លោក​សម រង្ស៊ី ជា​សហ​ស្ថាបនិក​នេះ គឺ​មិនមែន​សម្រាប់​តែមួយ​ជំនាន់​របស់លោក​នោះទេ គឺ​សម្រាប់​ជន​ជំនាន់​ក្រោយ និង ជំនាន់កូន​ៗ​របស់​លោក​បន្ថែមទៀត។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​អំពាវ​ឲ្យ​ប្រជាពលរដ្ឋ មិន​ថា អ្នកបោះឆ្នោត​គាំទ្រ​គណបក្ស​ណាមួយ​នោះទេ គឺជា​ជនជាតិខ្មែរ​ទាំងអស់គ្នា ត្រូវតែ​រួបរួមសាមគ្គី ជជែក​ចរចា​គ្នា ដើម្បី​សេចក្តីសុខ​និង​វឌ្ឍនភាព​របស់​ជាតិ​ទាំងអស់គ្នា។ លោក សម រង្ស៊ី និង​ភរិយា បាន​ស្តាប់​សុន្ទរកថា​ដោយ​យកចិត្តទុកដាក់ ហើយ​ពេលខ្លះ លោក​ប្រមុខ​បក្ស​សង្គ្រោះ​ជាតិ​និង​ភរិយា ញញឹម និង​បាន ងក់ក្បាល​យល់ស្រប​តាម ព្រមទាំង​ទះដៃ​អបអរ​សា​រទ​ផងដែរ។ ទោះយ៉ាងណា លោក ហ៊ុន សែន បាន​គូសបញ្ជាក់ថា ការសន្ទនា​ជាមួយគ្នា គឺ​មិនមែន​ឃុបឃិត​គ្នា ធ្វើអំពើ​ផ្តេសផ្តាស់​នោះទេ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ៖«ហើយ​សូមកុំ​ភ័ន្តច្រឡំ​ថា វប្បធម៌​សន្ទនា​នេះ ! តិតៗទៅ​អង្គុយ​ជាមួយគ្នា ដើម្បី​ឃុបឃិត​គ្នា​ធ្វើ​រឿង​អី​មួយ! វប្បធម៌​សន្ទនា​របស់​យើង គោល​គោលដៅ​សំខាន់​ពីរ​យ៉ាង មួយ៖ពង្រីង​សន្តិភាព មួយទៀត៖ជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ​របស់​យើង»

ក្រៅពី​ការ​ថ្លែង​សរសើរ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ​ចរចា​នៃ​បក្ស​ទាំងពីរ​ក្នុងការ​ស្វែងរក​សន្តិភាព​នាពេល​កន្លងទៅ លោក ហ៊ុន សែន ក៏បាន​ផ្ញើ​សារ​ដល់​បក្ស​ដទៃ​ផ្សេងទៀត​នៅ​កម្ពុជា​ផងដែរ។ លោក​ថា គ្រប់​បក្សនយោបាយ​ទាំងអស់​នៅ​កម្ពុជា អាច​មើលមុខ​គ្នា​និង​ជជែក​ចរចា​គ្នា បាន​ក្នុងនាម​ជា​ខ្មែរ​ដូចគ្នា។ ទាំង​ជជែក​រវាង បក្សនយោបាយ​នៅក្រៅ​រដ្ឋាភិបាល​ជាមួយនឹង​បក្ស​នៅក្រៅ​រដ្ឋាភិបាល ឬ​បក្ស​នៅក្នុង​រដ្ឋាភិបាល​ជាមួយនឹង​បក្ស​នៅក្រៅ​រដ្ឋាភិបាល  គឺ​សុទ្ធតែ​អាច​ជជែក​គ្នា​បាន​ទាំងអស់ ដើម្បី​សេចក្តីត្រូវការ គឺ​សេចក្តីសុខ​របស់​ជាតិ។ នេះ​បើតាម​លោក ហ៊ុន សែន។

ជា​បុគ្គល​មាន​ឥទ្ធិពល​ខ្លាំង​នៅក្នុង​បក្ស​កាន់អំណាច លោក​ប្រមុខ​រដ្ឋាភិបាល  បាន​បន្ទន់​ឥរិយាបថ​យ៉ាងខ្លាំង នៅក្នុង​សុន្ទរ​ថា​រយៈពេល​ជិត២ម៉ោង​របស់លោក។ លោក ហ៊ុន សែន ក៏បាន​រម្លឹក​ឡើងវិញ​ថា ក្នុង​ការចរចា ត្រូវតែ​ឲ្យ​តម្លៃ​និង​គោរព​គ្នា។ លោក​ថែមទាំង​បាន​រៀប​រាប់ថា តាំងពី​ការ​ពី​អង្គុយ​នៅ​តុ​ចរចា​ដ៏​ត្រូវ​អង្គុយ​ដោយ​ស្មើ​ចំពោះមុខ​គ្នា ដោយ​មិន​ឲ្យ​ខាង​ណា​​អង្គុយ​ខ្ពស់ជាង​ឬ​មានប្រៀប​ជាង​នោះដែរ៕ 

ដោយ ហេង ឧត្តម

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ