អានតួអត្ថបទ
កម្ពុជា

កម្ពុជា-វៀតណាម ឯកភាព​ពន្លឿន​ការ​បោះ​បង្គោល​ព្រំដែន​ ដែល​នៅ​សេសសល់

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​បំពេញ​ទស្សនកិច្ច​រយៈពេល ២​ថ្ងៃ​នៅក្នុង​ប្រទេស​វៀតណាម ហើយ​តាម​គម្រោង​នឹង​បញ្ចប់​នៅ​ល្ងាច​ថ្ងៃទី ២១​ធ្នូ​នេះ។ អ្វី​ជាការ​កត់​សម្គាល់ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ភាគី​ទាំងពីរ​សម្រេច​បាន​លទ្ធ​ផល​មួយ​ចំនួន ពិសេស​ការឯកភាព​គ្នា​ក្នុង​ការ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ ដែល​នៅ​សេសសល់​ឲ្យ​បាន​ឆាប់​តាម​ ដែល​អាច​ធ្វើ​ទៅ​បាន។

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​កំពុង​បំពេញទ​ស្សន​កិច្ច​រយៈ​ពេល ​២​ថ្ងៃ​នៅ​ក្នុង​ប្រទេស​វៀតណាម ​ហើយ​តាម​គម្រោង​នឹង​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​ទី​ ២១​ធ្នូ​នេះ។ ​
លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​កំពុង​បំពេញទ​ស្សន​កិច្ច​រយៈ​ពេល ​២​ថ្ងៃ​នៅ​ក្នុង​ប្រទេស​វៀតណាម ​ហើយ​តាម​គម្រោង​នឹង​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​ទី​ ២១​ធ្នូ​នេះ។ ​ @Samdech Hun Sen, Cambodia Prime Minister
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល២ថ្ងៃ​ទៅកាន់​ប្រទេស​ក្បែ​ខាង​កម្ពុជា​នេះ យ៉ាង​ហោច​ណាស់​​មាន​ឯកសារ​ផ្លូវការ​ចំនួន៣ត្រូវបាន​ចុះហត្ថលេខា​រវាង​ប្រទេស​ទាំងពីរ ក្នុងនោះ រួមមាន ទី១,ការចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ស្តីពី​ជំនួយ​ផ្នែក​ច្បាប់ ទី២,សន្ធិសញ្ញា​ស្តីពី​ការផ្ទេរ​ទណ្ឌិត​គ្នា និង​ទី៣ គឺ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​សាសនា​ប្រទេស​ទាំងពីរ។ ពិធី​ចុះហត្ថលេខា ដែល​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ជំនួប​ទ្វេភាគី​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួន​ហ្វ៊ុ​ក (Nguyễn Xuân Phúc) កាលពី​ថ្ងៃទី២០ធ្នូ។ នេះ​បើ​យោងតាម​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​រយៈ​ពេល ២ថ្ងៃ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន ទៅកាន់​ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី ២០ ដល់ ២១ ធ្នូ ឆ្នាំ២០១៦នេះ។

ក្រៅពី​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទាំង៣នេះ ភាគី​ទាំងពីរ​ក៏បាន​ប្តេជ្ញា​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​គោលការណ៍​ដែល​មានចែង​ក្នុង​សេចក្តីប្រកាស​រួម​កម្ពុជា-វៀតណាម ឆ្នាំ​១៩៩៩, ឆ្នាំ២០០៥, ឆ្នាំ២០១១, ឆ្នាំ២០១៤, និង​ឆ្នាំ២០១៦ដើម្បី​គោរព​ឯករាជ្យភាព អធិបតេយ្យភាព បូរណភាព​ទឹកដី និង​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​គ្នា​ទៅវិញទៅមក រួមទាំង​ការធានា​ថា នឹងមិន​អនុញ្ញាតិ​ឱ្យមាន​កងកម្លាំង​អមិត្រ​ណាមួយ​ប្រើប្រាស់​ទឹកដី​របស់ខ្លួន ដើម្បី​គំរាមកំហែង​ដល់​សន្តិសុខ​ប្រទេសមួយ​ទៀតឡើយ។ បន្ថែម​លើ​នេះ ភាគី​ទាំងពីរ​ក៏បាន​ប្តេជ្ញាចិត្ត​រួមគ្នា ក្នុងការ​ព​ន្លឿ​ន​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់។ បញ្ហា​ព្រំដែន​ដែលជា​រឿង​រសើប ត្រូវបាន​ភាគី​ទាំងពីរ សម្រេចការ​បោះបង្គោល​ខ​ណ្ឌ​សីមា​បាន​ជាង៨៣%ហើយ​មកទល់នឹង​ពេលបច្ចុប្បន្ន​នេះ។ ក្នុងន័យនេះ មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ បានបញ្ជាក់​ពី​ការអះអាង​សារជាថ្មី នូវ​ការគោរព​និង​ការអនុវត្ត​ឱ្យបាន​ពេញលេញ​នូវ​សន្ធិ​សញ្ញា​​កំណត់ព្រំដែន និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ដទៃទៀត​រវាង​រដ្ឋ​ទាំងពីរ។

លើ​ការផ្តោះប្តូរ​ពានិជ្ជកម្ម​វិញ ភាគី​ទាំងពីរ​ក៏បាន​បន្ត​ប្តេជ្ញា​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​បាន៥ពាន់​លាន​ដុល្លា​ក្នុងពេល​ខាងមុខ។

សូមបញ្ជាក់ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅកាន់​ប្រទេស​វៀតណាម​លើក​នេះ គឺ​ធ្វើឡើង​ចំពេល​ដែល​ប្រទេស​ទាំងពីរ​ត្រៀម​រៀបចំ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី៥០ (២៤មិថុនា) នៃ​ទំនាក់ទំនង​ការទូត​របស់​ប្រទេស​ទាំងពីរ ដោយ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​អញ្ជើញ​ទៅ​ដាក់​កម្រងផ្កា​នៅ​វិមាន​វីរជន​យុទ្ធជន​ពលី និង​វិមាន​សព​លោក ហូ ជី​មិញ អតីត​មេដឹកនាំ​វៀតណាម និង​ក៏បាន​ជួប​ជាមួយ​ប្រធាន​រដ្ឋ​វៀតណាម លោក​ត្រាន់​ដាយ​ក្វាង, ប្រធានរដ្ឋសភា លោកស្រី ង្វៀន​ធី គឹម​ងិន និង​អគ្គលេខា​បក្ស​កុំ​ម្មុយ​នី​ស​វៀតណាម លោក ង្វៀង ហ្វ៊ូ​ជុង ផងដែរ។ តាម​គម្រោង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើ​ដំណើរ​មកដល់​ប្រទេស​កម្ពុជា​វិញ​នៅ​ល្ងាច​ថ្ងៃនេះ បន្ទាប់ពី​លោក​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ចុងក្រោយ នៅ​ទីក្រុង​ហូជីមិញ នៅ​រសៀល​ថ្ងៃទី ២១ ធ្នូ ឆ្នាំ២០១៦នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ