អានតួអត្ថបទ
កម្ពុជា

រដ្ឋា​ភិបាល​បង្កើត​គណៈកម្មការ​ចម្រុះ ដែល​មាន​សមាស​ភាព​រដ្ឋមន្ត្រី​គ្រប់​ក្រសួង​ជា​សមាជិក

រដ្ឋា​ភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី ០១ ខែ​កុម្ភៈ​ ឆ្នាំ ២០១៧ បាន​សម្រេច​បង្កើត​គណៈកម្មការ​ថ្មី​មួយ​ទៀត ដែល​មាន​សមាស​ភាព​ចម្រុះ​ ដើម្បី​បន្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​ទូទាំង​ប្រទេស​។ គណៈកម្មការ​ថ្មី​មួយ​នេះ​ បាន​បង្កើត​ឡើង​បន្ទាប់​ពី​គេ​មើល​ឃើញ​ថា ​បញ្ហា​គ្រឿង​ញៀន​ កាន់​តែ​មាន​ភាព​ស្មុគ​ស្មាញ និង​គួរ​ឲ្យ​ព្រួយ​បារម្ភ។

រូបភាពចាស់៖ ពិធី​​ដុត​បំផ្លាញ​​គ្រឿងញៀន ​នៅ​ក្នុង​ខ័ណ្ឌ​មានជ័យ កាល​ពីពេលកន្លងមក។
រូបភាពចាស់៖ ពិធី​​ដុត​បំផ្លាញ​​គ្រឿងញៀន ​នៅ​ក្នុង​ខ័ណ្ឌ​មានជ័យ កាល​ពីពេលកន្លងមក។ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​សម្រេច​មួយ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន កាល​ពី​ថ្ងៃ​ពុធ គណៈកម្មការ​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា គណៈកម្មការ​ចម្រុះ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់ ត្រូវ​បាន​បញ្ចូល​ទៅ​ដោយ​គ្រប់​សមាស​ភាព​ថ្នាក់​ដឹក​នាំ​កំពូល​របស់​ក្រសួង​ស្ថាប័ន​នានា​របស់​ប្រទេស​។

លោក​ឧបនាយករដ្ឋមន្ត្រី​ កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ ជា​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​ផ្សព្វ​ផ្សាយ​អប់​រំ​ អម​ដោយ​អនុប្រធាន ៧​រូប និង​សមាជិក ១០​រូប​ផ្សេង​ទៀត​។ ក្នុង​ចំណោម​សមាជិក​ទាំង​នោះ គេ​សង្កេត​ឃើញ​សុទ្ធ​តែ​សមាសភាព​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ដឹក​នាំ​ក្រសួង​នានា​ ដូច​ជា​លោក ចម ប្រសិទ្ធ លោក​ស៊ុន ចាន់ថុល លោក ហ៊ឹម ឆែម លោក ហង្សជួន ណារ៉ុន លោក ខៀវ កាញារីទ្ធ និង​រដ្ឋមន្ត្រី ជា​ច្រើន​ទៀត​។

នៅ​ក្នុង​សេចក្តី​សម្រេច​ដែល​មាន ១៣​ប្រការ​នេះ ក៏​បាន​បង្កើត​គណៈកម្មការ និង​អនុគណៈ​កម្មការ មួយ​ចំនួន​ផង​ដែរ រួម​មាន៖ គណៈកម្មការ​ទទួល​បន្ទុក​អនុវត្ត​វិធានការ​រដ្ឋបាល គណៈកម្មការ​បង្ការ​ទប់​ស្កាត់ និង​បង្ក្រាប​គ្រឿង​ញៀន​ខុស​ច្បាប់​តាម​ច្រក។ គណៈកម្មការ​
ទទួល​បន្ទុក​សហប្រតិបត្តិ​ការ​អន្តរជាតិ​។ អនុគណៈកម្មការ​ទទួល​បន្ទុក​ទប់​ស្កាត់​ និង​បង្ក្រាប​គ្រឿង​ញៀន​ តាម​អាកាស​យានដ្ឋាន​ អន្តរជាតិ កំពង់​ផែ​អន្តរជាតិ​ ច្រក​ទ្វារ​ព្រំ​ដែន​អន្តរជាតិ​ និង​ច្រក​ទ្វារ​ព្រំដែន​ទ្វេ​ភាគី។ អនុ​គណៈកម្មការ​ទទួល​បន្ទុក​ទប់​ស្កាត់ និង​បង្ក្រាប​គ្រឿង​ញៀន​ តាម​បញ្ញើ​ប្រៃសណីយ៍​។ ជា​ការ​កត់​សម្គាល់​គណៈកម្មការ​ទាំង​អស់​នេះ ត្រូវ​ដឹក​នាំ​ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ។

តាម​របាយការណ៍​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​នៃ​យុទ្ធនាការ​បង្ក្រាប​ គ្រឿង​ញៀន​ ប្រចាំ​ខែ​មករា ឆ្នាំ​២០១៧ បង្ហាញ​ថា យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង គ្រឿង​ញៀន​ខុស​ច្បាប់​លើក​ទី ១ នៅ​កម្ពុជា សមត្ថកិច្ច​បង្ក្រាប​បាន ចំនួន ១,១៤៤​ករណី ឃាត់​ខ្លួន​ជន​សង្ស័យ​ដែល​ជា​អ្នក​ជួញ​ដូរ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​បាន​ចំនួន​ ២៧៧៣​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ