អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កម្ពុជា​រង​គ្រោះ​ព្រោះ​គ្រឿង​ញៀន

ចុះផ្សាយ​នៅ​ថ្ងៃ៖

សភាព​ការណ៍​គ្រឿង​ញៀន​នៅ​ក្នុង​តំបន់​និង​ពិភពលោក នៅ​តែ​បន្ត​ជះ​ឥទ្ធិពល​ដល់​សន្តិសុខ សណ្ដាប់​ធ្នាប់ សុខភាព​សាធារណៈ និង​ភាព​ក្រី​ក្រ​របស់​ប្រជាពលរដ្ឋ​ទូទៅ។ នៅ​កម្ពុជា​ក៏​ដូច​គ្នា​ដែរ​។ បទ​ល្មើស​គ្រឿង​ញៀន​នៅ​តែ​បន្ត​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ កំណើន​បទ​ល្មើស​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ជា​កត្តា​ចម្បងមួយ ​ដែល​បង្ក​ឲ្យ​មាន​អសន្តិសុខ​សង្គម ដូច​ជា​ចោរកម្ម និង​អំពើ​ហិង្សា​ជា​ដើម​។

ពិធី​ដុតបំផ្លាញ​គ្រឿងញៀន នៅ​ក្នុង​ខ័ណ្ឌ​មានជ័យ កាល​​ពី​​​ពេល​កន្លង​មក។​
ពិធី​ដុតបំផ្លាញ​គ្រឿងញៀន នៅ​ក្នុង​ខ័ណ្ឌ​មានជ័យ កាល​​ពី​​​ពេល​កន្លង​មក។​ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

របាយ​ការណ៍​គ្រឿងញៀន​ពិភពលោក​របស់​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​គ្រឿង​ញៀន ​និង​ឧក្រិដ្ឋកម្ម ​(UNODC) ​ក្នុង​ឆ្នាំ​២០១៥ បង្ហាញ​ថា ​ការ​ដាំដុះ ​ការ​ផលិត ​ការ​ចរាចរ ​និង​ការ​ប្រើប្រាស់​គ្រឿងញៀន​ ពុំ​មាន​ការ​ថយ​ចុះ​ទេ ​ទាំងនៅ​​ក្នុង​ក្រប​ខណ្ឌ​​តំបន់ ​និង​សកល​លោក។ នៅ​កម្ពុជា​ក៏​ដូច​គ្នា​ដែរ​។ បញ្ហា​គ្រឿង​ញៀន​នៅ​តែ​ជា​បញ្ហា​ស្មុគស្មាញ និង​គួរ​ឲ្យ​បារម្ភ​នៅឡើយ​​។

របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ អាជ្ញាធរ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​បាន​ចំនួន​ជាង​៣​ពាន់​ករណី កើន​ឡើង​១២៨​ភាគ​រយ បើ​ធៀប​នឹង​ឆ្នាំ​២០១៤​។ សម្រាប់​បទ​ល្មើស​ទាំង​ជាង​៣​ពាន់​ករណី​នេះ សមត្ថកិច្ច​ឃាត់​ខ្លួន​មនុស្ស​ចំនួន​៧​ពាន់​៨​នាក់ កើន​ឡើង​១២៣​ភាគ​រយ បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ដែល​មាន​តែ​ជាង​៣​ពាន់​នាក់​តែ​ប៉ុណ្ណោះ​។ ចំណែក​គ្រឿង​ញៀន​ដែល​រឹប​អូស​បាន​មាន​ចំនួន​សរុប​ប្រមាន​១​តោន​៦​រយ​គីឡូក្រាម ​រួម​មាន មេតំហ្វេតាមីន​ ហេរ៉ូអ៊ីន កញ្ឆា​ក្រៀម និង​អ៊ិចស្តាស៊ី​ជា​ដើម​។

កំនើន​នៃ​បទ​ល្មើស​គ្រឿង​ញៀន មាន​ន័យ​ថា ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​ក្នុង​សង្គម​ខ្មែរ មាន​កាន់​តែ​ច្រើន​។ គ្រឿង​ញៀន​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិសេស​លើ​ពលករ​ឆ្លង​ដែន កុមារ​អនាថា កម្មករ និង​ជា​ពិសេស​គឺ​យុវវ័យ​​។ យុវវ័យ ដែល​មិន​បាន​យល់​ដឹង​ទូលំទូលាយ​ពី​ឥទ្ធិពល​និង​គ្រោះ​ថ្នាក់​នៃ​គ្រឿង​ញៀន​គ្រប់​ប្រភេទ​។ បើ​តាម​របាយការណ៍ យុវជន​ដែល​ក្លាយ​ខ្លួន​ជា​ជន​​រង​គ្រោះ​ដោយ​សារ​​គ្រឿង​ញៀន​នៅ​កម្ពុជា ភាគ​ច្រើន​មាន​អាយុ​ចាប់​តាំង​ពី​អាយុ​១០​ឆ្នាំ​ដល់​៣៥​ឆ្នាំ​។

ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន ត្រូវ​បាន​គេ​ដឹង​ជា​ទូទៅ​ហើយ​ថា បង្ក​ផល​ប៉ះពាល់​ច្រើន ទាំង​ទៅ​លើ​បុគ្គល​អ្នក​ប្រើ​ផ្ទាល់ ក៏​ដូច​ជា​ក្រុម​គ្រួសារ និង​សង្គម​ទូទៅ​ផង​ដែរ​។ នៅ​ក្នុង​សង្គម​កម្ពុជា ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន គឺ​ជា​កត្តា​ចម្បង​ដែល​បង្ក​ឲ្យ​មាន​អសន្តិសុខ​សង្គម ដូច​ជា​ចោរកម្ម និង​អំពើ​ហិង្សា។

ជាក់​ស្ដែង នៅ​តាម​ទំព័រកាសែត​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ព័ត៌មាន​ឆក់​ប្លន់ ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​តែ​ជន​ល្មើស​ត្រូវ​ការ​លុយ​ដើម្បី​ទិញ​ដូរ​គ្រឿង​ញៀន​។ នៅ​មាន​ករណី​ជា​ច្រើន​ផ្សេង​ទៀត ដែល​ជន​ល្មើស​លើក​ដៃ​ប្រព្រឹត្ត​បទ​ល្មើស រំលោភ​សេពសន្ទវៈ កាប់​សម្លាប់​អ្នក​ដទៃ ដោយ​សារ​តែ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​គ្រឿង​ញៀន​។ អំពើ​ចោរកម្ម​និង​ហិង្សា​ទាំង​នេះ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា មាន​លក្ខណៈ​កាន់​តែ​សាហាវ​ឡើង​ៗ​ជា​រៀង​រាល់​ថ្ងៃ​។

ជា​ការ​ពិត អាជ្ញាធរ​មាន​សមត្ថកិច្ច មិន​មែន​មិន​យល់​ពី​ឥទ្ធិពល​អាក្រក់​ដែល​បណ្ដាល​មក​ពី​គ្រឿង​ញៀន ដូច​ដែល​បាន​រៀបរាប់​ខាង​ដើម​នេះ​ទេ​។ កន្លង​មក សមត្ថកិច្ច​និង​ស្ថាប័ន​ពាក់​ព័ន្ធ​បាន​ធ្វើ​ការងារ​ជា​ច្រើន​ណាស់ ដើម្បី​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន។ ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ ការ​បង្ក្រាប​គ្រឿង​ញៀន​កន្លង​មក ភាគ​ច្រើន​លើស​លុប គឺ​ជា​ករណីជួញ​ដូរ​ថ្នាំ​ញៀន​តូច​តាច​​តែ​ប៉ុណ្ណោះ​។ យូរ​ៗ​ម្ដង ទើប​គេ​បាន​លឺ​ពី​ព័ត៌មាន​បង្ក្រាប​គ្រឿង​ញៀន​ទ្រង់ទ្រាយ​ធំ នៅ​កម្ពុជា​។ លោក​ ស ខេង ​ក៏ធ្លាប់សម្ដែង​ក្ដី​បារម្ភ​ចំពោះ​បញ្ហា​នេះ និង​បាន​អំពាវនាវ​ឲ្យ​នគរបាល​កម្ពុជា​ទូទាំង​ប្រទេស ផ្ដោត​ការ​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត ដើម្បី​ស្វែង​រក​ចាប់​ខ្លួន​មេ​ខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន​ធំ​ៗ។

ចំពោះ​មុខ​បញ្ហា​គ្រឿង​ញៀន​ដែល​រីក​ធំ​ធាត់​ឡើង​ដូច​សព្វ​ថ្ងៃ​នេះ វិធានការ​ជាក់​លាក់​ដើម្បី​ដោះ​ស្រាយ​គួរ​តែ​ត្រូវ​បាន​ដាក់​ចេញ​ជា​បន្ទាន់ និង​ជា​ដាច់​ខាត​​។ ការ​ស៊ើប​អង្កេត​ប្រមូល​ភស្តុតាង​ដើម្បី​ឈាន​ទៅ​ចាប់​មេ​ខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន ក៏​ជា​រឿង​ចាំ​បាច់ ដែល​គួរ​តែ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​។

ចំណែក​ការ​បង្ក្រាប​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស​ជា​លក្ខណៈ​តូច​តាច ឬ​​​ធំដុំ​​ក៏​ដោយ គឺ​ជា​រឿង​ល្អ ដែល​សុទ្ធ​តែ​បង្ហាញ​ពី​ភាព​ជោគជ័យ​គួរ​ឲ្យ​អបអរ។ ក៏​ប៉ុន្តែ នៅពី​ក្រោយ​ជោគជ័យ​នេះ ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់ ក៏​ត្រូវ​ព្រួយ​ចិត្ត​ខ្លះ​ដែរ អំពី​ទំហំ​នៃ​ការ​រីករាល​ដាល​របស់​គ្រឿង​ញៀន​នៅ​កម្ពុជា​។ ព្រោះ​សូម​កុំ​ភ្លេច​ថា បញ្ហា​គ្រឿង​ញៀន មិន​មែន​ជា​បញ្ហា​ដាច់​ដោយ​ឡែក​ឡើយ​។ គ្រឿង​ញៀន​នាំ​មក​នូវ​បញ្ហាសង្គម​​ច្រើន​ទៀត ដែល​ស្មុគស្មាញ​និង​គួរ​ឲ្យ​បារម្ភ។ បើ​ទោះ​បី​ជា​កម្ពុជា មិន​មែន​ជា​ប្រទេស​តែ​មួយ​លើ​លោក​ដែល​រង​គ្រោះ​ដោយ​សារ​គ្រឿង​ញៀន​ក៏​ដោយ ក៏​វា​មិន​មែន​មាន​ន័យ​ថា កម្ពុជា​គួរ​តែ​បណ្ដែត​បណ្ដោយ​ឲ្យ​បញ្ហា​គ្រឿង​ញៀនបន្ត​គម្រាម​កំហែង​ដល់​សន្តិសុខ​សង្គម​ដែរ​។ មាន​ការងារ​ច្រើន​ណាស់​ដែលស្ថាប័ន​ពាក់ព័ន្ធ​ចាំ​បាច់​ត្រូវ​ធ្វើ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​បញ្ហា​គ្រឿង​ញៀន ក្លាយ​ទៅ​ជា​សង្គ្រាម​ថ្មី​មួយ​ទៀត​សម្រាប់​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ