អានតួអត្ថបទ
កម្ពុជា

អនុក្រឹត្យ​ស្តីពី​ការ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​អ្នក​ទោស​គ្រឿង​ញៀន​ អាច​មាន​ប្រសិទ្ធភាព​នៅ​ឆ្នាំ ​២០១៦​នេះ

ក្រោយ​ពី​លោក​ឧបនាយក​រដ្ឋ​មន្ត្រីស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ បាន​ប្រកាស​តឿន ឱ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពន្លឿន​សេចក្តី​ព្រាង​អនុក្រឹត្យ ស្តីពី​មូល​និធិ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន, នៅ​ព្រឹក​ថ្ងៃ​ទី ៩កុម្ភៈ នេះ មន្ត្រី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា អនុក្រឹត្យ​នេះ នឹង​អាច​សម្រេច​បាន ក្នុង​ឆ្នាំ ២០១៦​នេះ​តែ​ម្តង។ អនុក្រឹត្យ​នេះ ត្រូវ​បាន​ក្រសួង​មហា​ផ្ទៃ ​បញ្ជាក់​ថា គឺ​ដើម្បី​គ្រប់គ្រង និង​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​របស់អ្នក​ទោស​ជួញ​ដូរ​គ្រឿងញៀន។ តាម​មន្ត្រី​ដដែល អនុក្រឹត្យ​នេះ បាន​ព្រាង​ចប់​សព្វ​គ្រប់​ហើយ នៅ​ចាំ​តែ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពិនិត្យ​ និង​ផ្តល់​យោបល់​ចុង​ក្រោយ តែ​ប៉ុណ្ណោះ។

ពិធី​ដុតបំផ្លាញ​គ្រឿងញៀន នៅ​ក្នុង​ខ័ណ្ឌ​មានជ័យ កាល​ពី​ថ្ងៃ​អង្គារ ២៨ សីហា ២០១២
ពិធី​ដុតបំផ្លាញ​គ្រឿងញៀន នៅ​ក្នុង​ខ័ណ្ឌ​មានជ័យ កាល​ពី​ថ្ងៃ​អង្គារ ២៨ សីហា ២០១២ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

លោក​នាក់ យុទ្ធា អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហាផ្ទៃ បាន​ប្រាប់​វិទ្យុ​បារាំង​ថា សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​មូល​និធិ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន អាច​នឹង​សម្រេច​ឲ្យ​អនុវត្ត​បាន ក្នុង​ឆ្នាំ​២០១៦​នេះ​តែ​ម្តង។

ខ្លឹមសារ​នេះ​ ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​ បន្ទាប់​ពី​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ជា​ថ្មី​ម្តង​ទៀត នៅ​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ ឆ្នាំ ២០១៥ និង​ទិស​ដៅ​ការងារ​ឆ្នាំ ២០១៦ កាល​ពី​ដើម​ខែ​នេះ បាន​តឿន ​ដល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​ឲ្យ​ពន្លឿន​ការងារ​នេះ ឲ្យ​បាន​កាន់​តែ​ឆាប់​រហ័ស ព្រោះ​ថា​សេចក្តី​ព្រាង​អនុក្រឹត្យ​នេះ បាន​ធ្វើ​រួច​ជា​យូរ​មក​ហើយ។ តាម​លោក​រដ្ឋមន្ត្រី ភាព​យឺត​យ៉ាវ​នៃ​ការ​ធ្វើ​អនុក្រឹត្យ​នេះ គឺ​ប្រៀប​ដូចជាការ​រាំងខ្ទប់​ដំណើរ​ការ​បង្ក្រាប​គ្រឿង​ញៀន។

រីឯ​លោក​នាក់ យុទ្ធា ការពិត ឲ្យ​ដឹង​ថា​សេចក្តី​ព្រាង​អនុក្រឹត្យ​នេះ ត្រូវ​បាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន និង​ក្រសួង​យុត្តិធម៌ ពិភាក្សា​គ្នា និង​បញ្ជូន​ទៅ​កាន់​ក្រសួង​សេដ្ឋកិច្ច តាំង​ពី​យូរ​មក​ហើយ​ ប៉ុន្តែ​មិន​ដឹង​ថា តើ​ក្រសួង​សេដ្ឋកិច្ច នៅ​មាន​ភាព​ប្រទាំង​ប្រទើស​អ្វី​ផ្សេង​នោះ​ទេ។ តែ​លោក​ជឿ​ថា អនុ​ក្រឹត្យ​នេះ អាច​សម្រេច​បាន​ក្នុង​ឆ្នាំ​នេះ ដោយសារ​តែ​ការ​ពន្លឿន​របស់​លោក​ស ខេង តាំង​ពី​ឆ្នាំ ២០១៥មក។

លោក​នាក់ យុទ្ធា បាន​បន្ថែម​ថា ពេល​នេះ​ប្រហែល​ជា​អនុក្រឹត្យ​នេះ បាន​ឆ្លង​ទៅ​ដល់​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី​ផង​ក៏​មិន​ដឹង។ យ៉ាងណា​ក៏​ដោយ វិទ្យុ​បារាំង​អន្តរជាតិ មិន​អាច​ទាក់ទង​សុំការ​បំភ្លឺ​បន្ថែម​ពី​ខាង​ក្រសួង​សេដ្ឋកិច្ច​បាន​ទេ នៅ​ព្រឹក​ថ្ងៃទី​៩កុម្ភៈ។

កន្លង​មក​ក្រសួង​មហា​ផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច បាន​ទាស់​គំនិត​គ្នា​បន្តិច​បន្តួច ក្នុង​សេចក្តី​ព្រាង​អនុក្រឹត្យ​នេះ​ ដោយសារ​ក្រសួង​មហាផ្ទៃ ចង់​ប្រមូល​ចាត់​ចែង​ទ្រព្យ​សម្បត្តិ​ទាំង​ឡាយ​ណា ដែល​តុលាការ​រក​ឃើញ​ ថា​ពាក់ព័ន្ធ​នឹង​ជំនួញ​គ្រឿង​ញៀន យក​ទៅ​លក់ និង​ប្រើប្រាស់ ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន។ ប៉ុន្តែ​ក្រសួង​សេដ្ឋកិច្ច ចង់​យក​ទ្រព្យ​សម្បត្តិ​ទាំង​នោះ ទៅ​លក់ ហើយ​បង្វែរ​ចូល​ថវិកា​ជាតិ​សិន​ ទើប​កាត់​ថវិកា​នោះ ចូល​មក​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​តាម​ក្រោយ​។

សូម​បញ្ជាក់​ថា អនុក្រឹត្យ​ស្តីពី​មូល​និធិ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ឬ​ហៅថា​អនុក្រឹត្យ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​នេះ បង្កើត​ឡើង​ក្នុង​គោលដៅ​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ទោស​ជួញ​ដូរ​គ្រឿងញៀន​ ទៅ​ប្រើប្រាស់​ដើម្បី​បម្រើ​ផល​ប្រយោជន៍ជាតិ។ ប៉ុន្តែ​បើ​តាម​លោក​នាក់ យុទ្ធា ទោះបី​ជា​អនុ​ក្រឹត្យ​នេះ ត្រូវ​បាន​សម្រេច​ក៏​ដោយ ក៏​មិន​ទាន់​អាច​យក​ទ្រព្យ​សម្បត្តិ​ទាំង​នោះ ទៅ​ប្រើប្រាស់​បាន​នោះ​ទេ​ ព្រោះ​នៅ​មាន​និតិវិធី​ផ្សេង​ទៀត លុះ​ណា​មាន​សាលដីកា​សម្រេច​ជា​ស្ថាពរ​របស់​តុលាការ។ យ៉ាង​ណា​ក៏​ដោយ ក្នុង​សន្និបាត​គ្រឿង​ញៀន ក្រសួង​មហាផ្ទៃ ចង់​ធ្វើ​វិសោធនកម្ម​ច្បាប់​គ្រឿង​ញៀន ដើម្បី​បង្រួប​នីតិវិធី​នៃ​អនុក្រឹត្យ​នោះ​ ឲ្យ​ខ្លី ឲ្យ​ងាយ​ស្រួល​ ​ក្នុង​ការ​ចាត់​ចែង​ទ្រព្យ​សម្បត្តិ​អ្នក​ទោស​ឲ្យ​បាន​ឆាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ