អានតួអត្ថបទ
កម្ពុជា-ច្បាប់

​CYN៖ គម្រប​ព្រៃ​ឈើ​ជិត​៣០០​ហិកតា ក្នុង​ខេត្ត​ស្ទឹង​ត្រែង និង​ព្រះវិហារ​ប្រឈម​នឹង​ការ​កាប់​ទន្ទ្រាន​យ៉ាង​អាថ៌​កំបាំង​

«ដែន​ជម្រក​សត្វ​ព្រៃ ព្រៃ​ឡង់ ក្នុង​ខេត្ត​ស្ទឹង​ត្រែង​និង​ព្រះ​វិហារ​កំពុង​ប្រឈម​នឹង​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​យ៉ាង​អាថ៌​កំបាំង» នេះ​គឺ​ជា​របាយ​ការណ៍​ស៊ើប​អង្កេត និង​ស្រាវ​ជ្រាវ​របស់​បណ្ដាញ​យុវជន​កម្ពុជា​ហៅ​កាត់ (CYN) ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី៥​វិច្ឆិកា តែ​ទើប​ត្រូវ​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី១៩ វិច្ឆិកា​នេះ​។ បើ​តាម​បណ្ដាញ​យុវជន​កម្ពុជា គម្រប​ព្រៃ​ឈើ​ជិត​៣០០​ហិក​តា ក្នុង​ខេត្ត​ស្ទឹង​ត្រែង និង​ព្រះ​វិហារ​កំពុង​ប្រឈម​នឹង​ការ​កាប់​ទន្ទ្រាន​។ 

ការ​កាប់​បំផ្លាញ​ព្រៃឡង់
ការ​កាប់​បំផ្លាញ​ព្រៃឡង់ @សហការី
ផ្សាយពាណិជ្ជកម្ម

បណ្ដាញ​យុវជន​កម្ពុជា​បាន​ប្រើ​ប្រាស់​ពេល​វេលា​៥ខែ​ចាប់​ពី​ខែ​កក្កដា​ដល់​ខែ​សីហា ទើប​អង្កេត​និង​ស្រាវ​ជ្រាវ​ឃើញ គម្រប​ព្រៃ​ឈើ​ជិត​៣០០​ហិក​តា ក្នុង​ខេត្ត​ស្ទឹង​ត្រែង និង​ព្រះ​វិហារ​កំពុង​ប្រឈម​នឹង​ការ​កាប់​ទន្ទ្រាន​យ៉ាង​អាថ៌​កំបាំង ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​អន្លង់​ជ្រៃ ស្រុក​ថាឡា​បរិវ៉ាត់ ខេត្ត​ស្ទឹង​ត្រែង​និង​ស្រុក​ឆែប ខេត្ត​ព្រះ​វិហារ​។ ចំណែក​ស្ថាន​ភាព​ព្រៃ​ស្រោង ស្ថិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ និង​ព្រៃឡង់ ក្នុង​ខេត្ត​ទាំង​ពីរ ក៏រង​ការ​គំរាម​កំហែង​ពី​ការ​ទន្ទ្រាន​កាន់​កាប់​ដី​ខុស​ច្បាប់​ច្រើន​រយ​ហិក​តា​។ ជាក់​ស្ដែង​ដី​ព្រៃ​ប្រមាណ​១៧៦១​ហិក​តា​ត្រូវ​បាន​រក​ឃើញ​ថា កាប់​រាន​រួច​រាល់​។

បើ​តាម​បណ្ដាញ​យុវជន​កម្ពុជា មូល​ហេតុ​នៃ​ការ​ទន្ទ្រាន និង​ការ​កាប់​រាន​ដី​ព្រៃ គឺ​ធ្វើ​ឡើង​ដើម្បី​កាន់​កាប់​ដី និង​បំប្លែង​ដី​ទៅ​ជា​ដី​សម្រាប់​ដាំ​ដំណាំ​កសិកម្ម​ដែល​មាន​ដូច​ជា​ចម្ការ​ដំឡូង ចម្ការ​ចន្ទីរ​ដោយ​អ្នក​ចំណូល​ស្រុក និង​អ្នក​ដែល​មិន​ត្រូវ​បាន​កំណត់​អត្ត​សញ្ញាណ​ច្បាស់​លាស់​។ ជាក់​ស្ដែង​អ្នក​ភូមិ​ខ្លះ​ដែល​មិន​មាន​ដី​ចម្ការ ឬ​មាន​ដី​ចម្ការ​តិច​តួច​ក៏​បាន​ចាប់​ផ្ដើម​រាន​ដី​ព្រៃ​ដើម្បី​ពង្រីក​ដី​ចម្ការ​របស់​ខ្លួន និង​ចាប់​ផ្ដើម​កាន់​កាប់​ដី​ជា​កម្ម​សិទ្ធិ​ផង​ដែរ ក្នុង​គោល​បំណង​ដាំ​ដំណាំ​ចន្ទី​និង​ដំឡូងមី​។

តាម​រយៈ​សកម្មភាព​នេះ​បណ្ដាញ​យុវជន​កម្ពុជា​មើល​ឃើញ​ថា មក​ពី​ការ​អនុវត្ត​ច្បាប់​និង​ការ​បំពេញ​មុខ​ងារ​របស់​អាជ្ញាធរ​ពាក់​ព័ន្ធ​ជា​ពិសេស​មន្ត្រី​ឧទ្យាន​នុរក្ស និង​មន្ត្រី​រដ្ឋ​បាល​អនុវត្ត​ច្បាប់​នៅ​មាន​កម្រិត​នៅ​ឡើយ ទើប​ជា​ហេតុ​ធ្វើ​ឲ្យ​ព្រៃ​ឡង់​នៅ​តែ​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​ពី​ការ​កាប់​ឈើ ការ​ទន្ទ្រាន​ដី​ព្រៃ​និង​ការ​បរ​បាញ់​សត្វ​ជា​ដើម។ ប្រឈម​បញ្ហា​នេះ​បណ្ដាញ​យុវជន​កម្ពុជា​ទទូច​ឲ្យ​ក្រសួង​បរិស្ថាន មន្ទីរ​បរិស្ថាន ក្នុង​ខេត្ត​ស្ទឹង​ត្រែង និង​ព្រះ​វិហារ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​តាម​រយៈ​ការ​បង្ការ​និង​បង្ក្រាប រាល់​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ឲ្យ​ខូច​ខាត​ធ្ងន់​ធ្ងរ​ដល់​ដែន​ជម្រក​សត្វ និង​ព្រៃ​ឡង់​។ លោក នេត្រ ភត្ត្រា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​បាន​គូស​បញ្ជាក់​ថា ក្រសួង​បរិស្ថាន​មិន​លើក​លែង​ឲ្យ​ជន​ទាំង​ឡាយ​ណា​ដែល​កាប់​ទន្ទ្រាន​រុក​រាន​ដី​ព្រៃ​ដោយ​ខុស​ច្បាប់​នោះ​ទេ ប្រសិន​បើ​មាន​ភស្តុតាង​គ្រប់​គ្រាន់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ