អានតួអត្ថបទ
កម្ពុជា-ច្បាប់

​មន្ទីរ​សុខាភិបាល​ត្បូង​ឃ្មុំ​និង​ស្វាយ​រៀង​ប្ដឹង​គ្រូពេទ្យ​ជិត​៦០០​នាក់​ទៅ​តុលាការ ក្នុង​សំណុំ​រឿង​ព្យាបាល​ជំងឺ​គ្មាន​ច្បាប់​អនុញ្ញាត​

យ៉ាង​ហោច​ណាស់​គ្រូពេទ្យ​ភូមិ​ជិត​៦០០​នាក់ ត្រូវ​បាន​មន្ទីរ​សុខាភិបាល​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​និង​ខេត្ត​ស្វាយ​រៀង​ប្ដឹង​ឡើង​តុលាការ ក្នុង​សំណុំ​រឿង​ដូច​គ្នា​គឺ​គ្រូ​ពេទ្យ​ទាំង​នោះ​ព្យាបាល​ជំងឺ​តាម​ភូមិ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​មន្ទីរ​សុខា​ភិបាល​ខេត្ត​។ ក្នុង​នោះ​ខេត្ត​ត្បូង​ឃ្មុំ​ត្រូវ​បាន​មន្ទីរ​សុខា​ភិបាល​ប្ដឹង​ឡើង​តុលា​ការ​មាន​ចំនួន​១៤៨​រូប ខណៈ​ស្វាយ​រៀង​មាន​ចំនួន​៣៩៤​រូប​។ 

ការព្យាបាលដោយខុសច្បាប់ (រូបតំណាង)
ការព្យាបាលដោយខុសច្បាប់ (រូបតំណាង) @Internet
ផ្សាយពាណិជ្ជកម្ម

តុលាការ​ខេត្ត​ត្បូង​ឃ្មុំ​បាន​បិទ​បញ្ចប់​ការ​សាក​សួរ​ទៅ​លើ​គ្រូពេទ្យ​មួយ​ចំនួន ស្ថិត​ក្នុង​ស្រុក​មេមត់ និង​ស្រុក​អូរាំង​ឱ រួច​ហើយ​នៅ​ថ្ងៃ​ទី២៧​ខែឧសភា​ម្សិល​មិញ​។ អ្នក​នាំ​ពាក្យ​តុលាការ​ខេត្ត​ត្បូង​ឃ្មុំ​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​RFI នៅ​ថ្ងៃ​អង្គារ​នេះ​ថា សំណុំ​រឿង​គ្រូពេទ្យ​ក្នុង​ស្រុក​អូរាំងឱ​ត្រៀម​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ទី២០​មិថុនា ខណៈ​សំណុំ​រឿង​គ្រូពេទ្យ​ក្នុង​ស្រុក​មេមត់​ត្រៀម​ប្រកាស​នៅ​ថ្ងៃទី១២​ខែមិថុនា​ដូច​គ្នា ក្នុង​បទ​ចោទ​តែ​មួយ«បើក​សេវា​ឯកជន​ដោយ​ខុស​ច្បាប់​តាម​មាត្រា​៦និង១៣​នៃ​ច្បាប់​ស្ដី​ពី​ការ​គ្រប់​គ្រង​វិជ្ជា​ជីវៈ​ឯកជន​និង​វិស័យ​វេជ្ជ​សាស្ត្រ»។ បើ​តាម​គម្រោង​តុលា​ការ​នឹង​កោះហៅ​គ្រូពេទ្យ​ទាំង​នោះ​ម្ដង​មួយ​ស្រុក​រហូត​ដល់​គ្រប់​ស្រុក​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ដើម្បី​សាក​សួរ​អំពី​អាជីវកម្ម​ខុស​ច្បាប់​របស់​ពួក​គេ​។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូង​ឃ្មុំ​លោក កែវ វណ្ណៈ បាន​គូស​បញ្ជាក់​ថា សំណុំ​រឿង​គ្រូពេទ្យ​១៤៨​នាក់ ដែល​ត្រូវ​តុលាការ​កោះ​ហៅ​ក្នុង​សំណុំ​ព្យាបាល​ជំងឺ​តាម​ភូមិ​គ្មាន​ច្បាប់​អនុញ្ញាត​បាន​កើត​មាន​តាំង​តែ​ពី​ឆ្នាំ២០១៥​មក​ម្លេះ​។ ប៉ុន្តែ​ដោយ​សារ​ពួក​គេ​មិន​ស្ដាប់​តាម​ការ​អប់រំ​និង​ណែនាំ​ទើប​មន្ទីរ​ប្ដឹង​គ្រូពេទ្យ​ទាំង​នោះ​ទៅ​តុលាការ​ក្នុង​ឆ្នាំ​២០១៧​។ ប៉ុន្តែ​ជានីតិវិធី តុលាការ​បាន​ធ្វើ​ការ​កោះ​ហៅ​ពួក​គេ​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​។ លោក​ប្រធាន​មន្ទីរ​បាន​អះអាង​ថា តាំង​ពី​ឆ្នាំ​២០១៥​មក​ដល់​ពេល​នេះ មន្ទីរ​បាន​ធ្វើ​ការ​បោស​សម្អាត​គ្រូពេទ្យ​ដែល​ព្យាបាល​ជំងឺ​តាម​ភូមិ​គ្មាន​ច្បាប់​អនុញ្ញាត្ត​។

ចំណែក​នៅ​ខេត្ត​ស្វាយ​រៀង ប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត​ក៏​បាន​បញ្ជូន​ឈ្មោះ​គ្រួពេទ្យ​ចំនួន​៣៩៣​រូប ដែល​ប្រកប​របរ​ដើរ​ព្យាបាល​ជំងឺ​ពល​រដ្ឋ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត្ត​ទៅ​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​ដែរ​។ សូម​បញ្ជាក់​ជូន​ថា ដើម្បី​ទទួល​បាន​ភាព​ច្បាប់​ក្នុង​ការ​ប្រកប​របរ​វិជ្ជាជីវៈ​ផ្នែក​សុខាភិបាល គ្រូពេទ្យ​ក៏​ដូច​ជា​កន្លែង​ព្យាបាល​ជំងឺ ត្រូវ​មាន​សញ្ញាបត្រ​បញ្ជាក់​លើ​វិជ្ជាជីវៈ​ ឲ្យ​ច្បាស់​លាស់​ចេញ​ពី​សាលា​ដែល​ពួកគេ​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ