ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
កម្ពុជា

​ក្រសួង​បរិស្ថាន​នឹង​ចាត់​វិធាន​ការ​ក្តៅ​ដល់​អ្នក​លក់​វត្ថុ​អនុស្សាវរីយ៍​ធ្វើ​ពី​ភ្លុក​ដំរី ​និង​កុយ​រមាស​

media  
ភ្លុកដំរី និង កុយរមាស @សហការី

ក្រសួង​បរិស្ថាន​នៅ​ថ្ងៃ​ទី​៣០​ខែ​សីហា​នេះ បាន​ស្នើ​ឲ្យ​ម្ចាស់​អាជីវកម្ម ​ដែល​លក់​វត្ថុ​អនុស្សាវរីយ៍ ហើយ ​សង្ស័យ​ថា​មាន​លក់​គ្រឿង​ចម្លាក់​ធ្វើ​អំពី​ភ្លុក​ដំរី ​និង​កុយរមាស ​ឬ​ធ្វើ​ពាណិជ្ជកម្ម​ទាក់ទង​នឹង​រូបភាព​ផ្សេង​ទៀត ​ពាក់ព័ន្ធ​នឹង​សត្វព្រៃ ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​។ ​បំរាម​របស់​ក្រសួង​បរិស្ថាន​ដូច្នេះ​ធ្វើ​ឡើង​ដោយ​សំអាង​ថា ​ការ​ធ្វើ​អាជីវកម្ម​ភ្លុក​ដំរី ​និង​កុយ​រមាស ​គឺ​ជា​សកម្មភាព​ល្មើស​នឹង​ច្បាប់​ព្រៃឈើ ​និង​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ​។ 

ជុំវិញ​ចំណាត់ការ​ទប់ស្កាត់​ការ​ជួញដូរ​ភ្លុក​ដំរី ​និង​កុយរមាស​នេះ ​ក្រសួង​បរិស្ថាន ​បាន​ចាប់ផ្តើម​ជា​ជំហាន​ដំបូង ​ដោយបាន​ជូន​ដំណឹង​ទៅដល់​ម្ចាស់​ទីតាំង​លក់​វត្ថុ​អនុស្សាវរីយ៍​រួចហើយ​ចំនួន​៣២​កន្លែង ​នៅក្នុង​ខេត្ត​សៀមរាប ​និង​ខេត្ត​ព្រះសីហនុ​ដោយ​ចាត់ទុក​ថា​ការ​ធ្វើ​អាជីវកម្ម​ភ្លុក​ដំរី ​និង​កុយរមាស ​ជា​អំពើ​ខុសច្បាប់​។ ​ជំហាន​បន្ទាប់ ​ក្រសួង​បរិស្ថាន​នឹង​ធ្វើការ​ជូន​ដំណឹង​ដូចគ្នា​នេះ​ដល់​ម្ចាស់​អាជីវកម្មដ្ឋាន​ពាក់ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ​ជា​បន្ត​។

លោក ​នេត្រ ភក្ត្រា ​រដ្ឋ​លេខាធិការ ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន ​បាន​ព្រមាន​ថា ​ម្ចាស់​អាជីវកម្មដ្ឋាន​ដែល​លក់​វត្ថុ​អនុស្សាវរីយ៍ ​នឹង​ប្រឈម​ចំណាត់ការ​ផ្លូវ​ច្បាប់ ​ប្រសិនបើ​មាន​លាក់ទុក ​ឬ​លក់​វត្ថុ​អនុស្សាវរីយ៍​ធ្វើ​ពី​ភ្លុក​ដំរី ​និង​កុយ​រមាស​។

របាយការណ៍​អង្កេត​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​កាលពី​ពេល​ថ្មី​ៗ​នេះ ​បង្ហាញ​ថា​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​មួយ​ចំនួន ​មាន​លក់​គ្រឿង​ចម្លាក់​ពី​ភ្លុក​ដំរី ​និង​កុយ​រមាស​។​ ជាមួយគ្នា​នេះ ​ការ​ជួញដូរ ​វត្ថុ​ហាមឃាត់​ទាំង​នេះ ​ត្រូវបាន​ចាត់​ចូល​ជា​បទល្មើស​ព្រហ្មទណ្ឌ ​ដោយ​ជនល្មើស​នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ​និង​ត្រូវ​ចាត់​ចូល​ជា​ឧក្រិដ្ឋជន​ដូចមាន​ចែង​នៅក្នុង​ច្បាប់​ស្តីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ ​និង​ហិរញ្ញប្បទាន​ភេរវកម្ម​។ ​នេះ​បើតាម ​លោក ​នេត្រ ភក្តា្រ​។

សូម​បញ្ជាក់​ថា​កន្លង​មក ​សមត្ថកិច្ច​កម្ពុជា​បាន​ចាប់​ឃាត់​ភ្លុក​ដំរី ​កុយ​រមាស ​និង​គ្រឿង​ចម្លាក់ពីភ្លុក​ដំរី ​កុយ​រមាស ​ដែល​លួច​នាំចូល​ក្នុង​ប្រទេស​កម្ពុជា ​និង​លួច​នាំចេញ​ទៅ​ក្រៅ​ប្រទេស​ជាច្រើន​ករណី​។ ​យោងតាម​តួលេខ​ដែល​ទទួល​បាន ​ចាប់ពី​ឆ្នាំ​២០១៦​ រហូត​មក​ទល់​នឹង​ចុង​ឆ្នាំ ​២០១៨ ​ភ្លុក​ដំរី ​និង​កុយ​រមាស​ជាច្រើន​ពាន់​ដុំ​មាន​ទម្ងន់​សរុប​ប្រមាណ​ជាង ​៥​តោន ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បង្ក្រាប​។

វត្ថុតាង​ទាំងនេះ ​ត្រូវ​បាន​ភាគី​បរទេស​មួយ​ចំនួន ​ស្នើសុំ​ឱ្យ​មាន​ការ​ដុត​បំផ្លាញ​ចោល ​ក៏​ប៉ុន្តែ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​កាល​ពី​ខែ ​កុម្ភៈ​ ឆ្នាំ​២០១៧ ​កន្លងទៅ ​បាន​ណែនាំ​ឱ្យ​សមត្ថកិច្ច​រក្សា​ទុក​នូវ​ភ្លុក​ដំរី​ កុយ​រមាស ​និង​សំណាក​សត្វ​កម្រ​ដទៃ​ទៀត ​ដែល​កម្លាំង​សមត្ថកិច្ច​កម្ពុជា​បង្ក្រាប​បាន ​ដើម្បី​ដាក់​តាំង​ពិព័រណ៌​សម្រាប់​សាធារណជន​ទស្សនា ​និង​សម្រាប់​បម្រើ​ឱ្យ​ការ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ផង​ដែរ​ ព្រោះនេះ​គឺ​ជា​របស់​កម្រ​ហើយ​វា​ជា​របស់​ដែល​វា​ជិត​ដាច់​ពូជ​ទៀត​ផង​។ ​បច្ចុប្បន្ន ​ភ្លុក​ដំរី ​និង​កុយ​រមាស ​រួមនឹង​សំណាក​សត្វ​កម្រ​ផ្សេងទៀត​ត្រូវ​បាន​រក្សាទុក​នៅ​កន្លែង​ដ៏មាន​សុវត្ថិភាព​បំផុត​។ នេះ​បើតាម​ក្រសួង​បរិស្ថាន​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ