អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

IMF៖ កំណើន​សេដ្ឋកិច្ច​កម្ពុជា​វិជ្ជមាន តែ​អាច​ប្រឈម​នឹង​ការ​បាត់​ទំនុក​ចិត្ត​ព្រោះ​ហានិភ័យ​នយោបាយ​

«ទស្សន​វិស័យ​សេដ្ឋកិច្ច​កម្ពុជា នៅ​តែ​មាន​ភាព​វិជ្ជមាន ប៉ុន្តែ​អាច​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ។ ហានិភ័យ​ម៉ាក្រូ​សេដ្ឋកិច្ច និង​ហានិភ័យ​នានា ដូច​មាន​ក្នុង​របាយការណ៍​កាល​ពី​ឆ្នាំ ២០១៧ បាន​បង្ហាញ​ថា​ភាព​មិន​ប្រាកដ​ប្រជា​ក្នុង​ផ្នែក​នយោបាយ ធ្វើ​ឲ្យ​អតិថិជន និង​អ្នក​វិនិយោគ​បាត់​បង់​ទំនុក​ចិត្ត។» នេះ​គឺ​ជា​សម្រង់​សម្តី​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF បន្ទាប់​ពី​ក្រុម​បុគ្គលិក​ជំនាញ​របស់​ស្ថាប័ន​នេះ ដែល​ដឹក​នាំ​ដោយ​លោក Jarkko Turunen បាន​មក​បំពេញ​ទស្សនកិច្ច នៅ​ទីក្រុង​ភ្នំពេញ ពី​ថ្ងៃ​ទី ១២ ដល់​ថ្ងៃ​ទី​ ១៦​មីនា​កន្លង​ទៅ​នេះ។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF
មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF REUTERS/Yuri Gripas
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​សប្តាហ៍​ដែល​មាន​ការ​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ទីភ្នាក់ងារ​សាធារណៈ​ផ្សេងៗ​ជា​ច្រើន ក្រុម​បុគ្គលិក​ជំនាញ​ការ​​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF អាច​ធ្វើ​ការ​​វាយ​តំលៃ​បាន​​ថា ​សេដ្ឋកិច្ច​កម្ពុជា មាន​ភាព​វិជ្ជមាន​ជាមួយ​នឹង​កំណើន​ផលិត​ផល​សរុប​ក្នុង​ស្រុក (GDP) ប្រមាណ ៧​ភាគ​រយ​ដដែល។ យ៉ាង​ណា​មិញ ស្ថាប័ន​នេះ បាន​សំណូម​ពរ​ឲ្យ​មាន​ការ​ផ្តោត​លើ​ការ​គ្រប់​គ្រង​ហានិភ័យ​ម៉ាក្រូ​សេដ្ឋកិច្ច ការ​ការពារ​និរន្តរភាព​សេដ្ឋកិច្ច និង​កំណែ​ទម្រង់​សារពើពន្ធ ដើម្បី​ទ្រទ្រង់​ដល់​ភាព​រឹង​មាំ​នៃ​​កំណើន​នេះ​ជា​បន្ត​ទៀត។

ក្នុង​សេចក្តី​ថ្លែងការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ១៧​មីនា ​ក្រុុម​ជំនាញ IMF បាន​បង្ហាញ​ពី​កិច្ច​ពិភាក្សា​ ជុំវិញ​ការ​អភិវឌ្ឍន៍​ និង​ទស្សន​វិស័យ​នៃ​សេដ្ឋកិច្ច​កម្ពុជា ដោយ​គូស​បញ្ជាក់​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​បន្ត​កើន​ឡើង​ក្នុង​រង្វង់ ៧​ភាគ​រយ តាម​រយៈ​ការ​​គាំទ្រ​កាន់​តែ​ច្រើន​លើ​ការ​ចំណាយ​ក្នុង​​ផ្នែក​សាធារណៈ ​ភាព​រឹង​មាំ​នៃ​វិស័យ​សំណង់ និង​សកម្មភាព​នានា​ក្នុង​វិស័យ​ទេសចរណ៍។ ចំណែក​អតិផរណា​វិញ បាន​ធ្លាក់​ចុះ ២​ភាគ​រយ ក្នុង​ខែ​មករា​ឆ្នាំ ២០១៨ ខណៈ​ឱនភាព​គណនី​ចរន្ត ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​ នៅ​តែ​មាន​ស្ថេរភាព ក្នុង​រង្វង់ ៨.៤​ភាគ​រយ នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប ​GDP ក្នុង​ឆ្នាំ ២០១៧ ហើយ​ទុន​បម្រុង​បរទេស បាន​​បន្ត​កើន​ឡើង រហូត​ដល់ ៨.៩​ពាន់​លាន​ដុល្លារ ក្នុង​ខែ​មករា ឆ្នាំ ២០១៨។

ចំពោះ​កំណើន​ឥណទាន​របស់​ធនាគារ​វិញ បាន​កើន​ឡើង​បន្តិច​ដល់​ទៅ ១៧.២​ភាគ​រយ ក្នុង​ខែ​មករា​ឆ្នាំ ២០១៨ ប៉ុន្តែ​កំណើន​ឥណទាន​ក្នុង​សកម្មភាព​អចលនទ្រព្យ និង​សំណង់ បាន​បន្ត​កើន​ឡើង​ក្នុង​ល្បឿន​លឿន ជាង​ឥណទាន​ក្នុង​វិស័យ​ផ្សេងៗ​ទៀត។

តាម​សេចក្តី​ថ្លែង​ការណ៍​ដដែល ក៏​មាន​ការ​បញ្ជាក់​ថា ឱនភាព​ទូទៅ​របស់​រដ្ឋាភិបាល ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​ កើន​ឡើង​ដល់ ២.៦​ភាគ​រយ​នៃ​ចំនួន GDP ក្នុង​ឆ្នាំ ២០១៧ ខណៈ​កំណើន​ប្រាក់​ចំនូល​នៅ​តែ​បន្ត​កើន ច្រើន​ជាង​កំណើន​ប្រាក់​ចំណាយ។ ចំពោះ​បំណុល​សាធារណៈ​វិញ នៅ​តែ​មាន​កម្រិត​ទាប គឺ​ត្រឹម ៦,៦៧១​លាន​ដុល្លារ ដែល​ស្មើ​នឹង​ប្រហែល ៣០​ភាគ​រយ​នៃ​ចំនួន GDP​សរុប គិត​ត្រឹម​ចុង​ឆ្នាំ ២០១៧។

គួរ​រម្លឹក​ជូន​ថា កាល​ពី​សប្តាហ៍​មុន​ធនាគារ​ពិភព​លោក World Bank ក៏​ទើប​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ ដោយ​វាយ​តំលៃ​ថា កម្ពុជា គឺ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​ទាប ខណៈ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ធ្លាប់​បាន​និយាយ​ថា កម្ពុជា​មាន​គម្រោង​ក្នុង​ដៃ​ជា​ច្រើន ដែល​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​បន្ត​កើន​ឡើង​ក្នុង​រង្វង់ ៧​ភាគ​រយ​នៅ​ឆ្នាំ​ ២០១៨។ ហើយ​​គម្រោង​នេះ​ក៏​នឹង​ធ្វើ​ឲ្យ​​ផលិត​ផល​ក្នុង​ស្រុក​សរុប GDP មាន​តំលៃ​កើន​ឡើង​ដល់​ទៅ ២៤.៥​ពាន់​លាន​ដុល្លារ​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ