ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 11/11 12h00 GMT
កម្ពុជា

​កូរ៉េ ​លើក​ទឹក​ចិត្ត ​និង​ផ្តល់​ការងារ​ដល់​ពលករ​កម្ពុជា​បន្ថែម​ទៀត​​នៅ​ឆ្នាំ​ជា​បន្ត​បន្ទាប់​

media  
ពលករ​ខ្មែរ​ (រូបភាពឯកសារ)

កូរ៉េ​ខាង​ត្បូង នឹង​បន្ត​ផ្តល់​កូតា​ការងារ សម្រាប់​ពលករ​កម្ពុជា​បន្ថែម​ទៀត នៅ​ឆ្នាំ​បន្ត​បន្ទាប់​ខាង​មុខ ខណៈ​បច្ចុប្បន្ន​នេះ ពលករ​កម្ពុជា​ចំនួន​៤៥ ០០០​នាក់ កំពុង​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​។ ការ​ប្រកាស​បែប​នេះ បាន​ធ្វើ​ឡើង​ខណៈ​ដែល​ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​កូរ៉េ មាន​ជំនួប​មួយ​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​កម្ពុជា ស្តី​ពី​ប្រព័ន្ធ​អនុគ្រោះ​ការងារ(EPS) នា​ព្រឹក​ថ្ងៃទី​២២​ខែ​កក្កដា​នេះ​។ 

ក្នុង​ជំនួប​មួយ​នៅ​ក្រសួង​ការងារ​ជាមួយ​លោក អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​កម្ពុជា​លោក KIM DONG MAN ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ថ្លែង​ថា លោក​ប្តេជ្ញា​ជម្រុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ លើ​វិស័យ​បញ្ជូន​ពលករ​នេះ ឲ្យ​កាន់​តែ​រឹង​មាំ​ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយៗ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ការងារ រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា-កូរ៉េ​ខាង​ត្បូង​។

តាម​លោក KIM DONG MAN កូរ៉េ​នឹង​ផ្តល់​ជូន​អ្នក​បច្ចេក​ទេស ដើម្បី​បណ្តុះ​បណ្តាល​ផ្នែក​បច្ចេកវិទ្យា​ដល់​ពលករ​កម្ពុជា ដែល​កំពុង​បម្រើ​ការងារ​នៅ​សាធារណ​រដ្ឋ​កូរ៉េ ឲ្យ​ទទួល​បាន​នូវ​ជំនាញ​ខាង​បច្ចេក​វិទ្យា កាន់​តែ​ប្រសើរ​ឡើង ដើម្បី​ពួក​គេ​ត្រឡប់​មក​ស្រុក​កំណើត​វិញ នឹង​មាន​ជំនាញ​មួយ​ច្បាស់​លាស់​បន្ថែម​ទៀត​។

ចាប់​ពី​ឆ្នាំ​២០០៧ មក​ដល់​ខែ មិថុនា ឆ្នាំ​២០១៩​នេះ មាន​ពលករ​កម្ពុជា​ចំនួន ៦៥ ២២៥​នាក់ ក្នុង​នោះ​ស្ត្រី​ចំនួន ១៣ ៥៩៥នាក់ បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​សាធារណៈ​រដ្ឋ​កូរ៉េ​តាម​រយៈ​ប្រព័ន្ធ​អនុញ្ញាត​មុខ​របរ​។ ក្នុង​រយៈ​ពេល​ដូច​គ្នា​មាន​ពលករ​ប្រមាណ​ជា ២ម៉ឺន​នាក់ បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ដោយ​សារ​ការ​ផុត​កិច្ច​សន្យារ​ការងារ​។ បច្ចុប្បន្ន​មាន​ពលករ​ប្រមាណ​ជា ៤៥ ០០០​នាក់ កំពុង​បំរើ​ការងារ​នៅ​សាធារណ​រដ្ឋ​កូរ៉េ​។ នេះ​បើ​តាម​លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​។ លោក​បន្ត​ថា ពលករ​នៅ​ទីនោះ ទទួល​បាន​ប្រាក់​ខែ​ជា​មធ្យម​ចំនួន ១៣០០​ដុល្លារ ក្នុង​១ខែ​។ តាម​ការ​ប៉ាន់​ប្រមាណ ពលករ​ទាំង​នោះ បាន​ផ្ញើរ​ប្រាក់​មក​ក្រុម​គ្រួសារ​របស់​ពួក​គេ​នៅ​ប្រទេស​កម្ពុជា ប្រមាណ​ជា ៣០០​លាន​ដុល្លារ ក្នុង​១ឆ្នាំៗ​។

កម្ពុជា​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ជា​ប្រទេស​ដែល​បាន​បញ្ជូន​ពលករ​ច្រើន​ជាង​គេ​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ក្នុង​ចំណោម ប្រទេស​ចំនួន​១៦ នា​ឆ្នាំ​២០១៩​នេះ តាម​ពី​ក្រោយ​ដោយ​ប្រទេស​នេប៉ាល់ ហើយ​វៀត​ណាម​ជាប់​លេខ​៣ ឥណ្ឌូនេស៊ី​លេខ៤ និងថៃ លេខ៥​។

សូម​រំលឹក​ថា ចាប់​ពី​ឆ្នាំ​២០១៨​មក ការ​ជ្រើស​រើស​បេក្ខជន ដើម្បី​ដាក់​ពាក្យ​សុំ​ស្វែង​រក​ការងារ​ធ្វើ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក្រោម​ប្រព័ន្ធ EPS គឺ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​កត្តា​ចាំ​បាច់ ៣យ៉ាង គឺ ទី១ តេស្ត​ភាសាកូរ៉េ EPS-TOPIK តាម​ប្រព័ន្ធ​កុំព្យូទ័រ ទី២ តេស្ត​ជំនាញ និងទី៣ ការ​វាយ​តម្លៃ​សមត្ថ​ភាព​។ មាន​ន័យ​ថា បេក្ខជន​ដែល​ប្រឡង​ជាប់​តេស្ត​សមត្ថភាព​ភាសា​កូរ៉េ ត្រូវ​ប្រឡង​ជាប់​តេស្ត​ជំនាញ និង​ការ​វាយ​តម្លៃ​សមត្ថភាព ទើប​ក្លាយ​ជា​បេក្ខជន​ជាប់​ជា​ស្ថាពរ មាន​សិទ្ធិ​ដាក់​ពាក្យ​សុំ​ស្វែង​រក​ការងារ​ធ្វើ​នៅ​កូរ៉េ​។

សូម​បញ្ជាក់​ដែរ​ថា ចាប់​តាំង​ពីឆ្នាំ​២០០៧​មក ការ​ប្រឡង​តេស្ត​សមត្ថភាព​កូរ៉េ (EPS-TOPIK) ត្រូវ​បាន​រៀប​ចំ​ធ្វើ​ចំនួន​១៦​លើក​មក​ហើយ ហើយ​លើក​ទី១៦ កំពុង​អនុវត្ត ដែល​ការ​ធ្វើ​តេស្ត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អង្គភាព​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​នៃ​ក្រសួង​មុខ​របរ​និង​ការងារ​នៃ​កូរ៉េ រួម ជា​មួយ​គណៈ​កម្មាធិការ​បណ្តុះ​បណ្តាល និង​បញ្ជូន​ពលករ​ទៅ​បរទេស​របស់​កម្ពុជា​។ ដោយ​ឡែក ជាង​១០​ឆ្នាំ​មក​នេះ មាន​បេក្ខជន​ដាក់​ពាក្យ​សុំ​សិទ្ធិ​ប្រឡង​សរុប​ចំនួន ៤៣៤ ០៥៤​នាក់ ហើយ​បេក្ខជន​ដែល​ប្រឡង​ជាប់​មាន​សរុប​ចំនួន ៨៩ ៣៩៣​នាក់​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ