អានតួអត្ថបទ
កម្ពុជា

តំណាង​រាស្ត្រ គ្រោង​កោះហៅ​ប៉ូលិស​អន្តោ​ប្រវេសន៍ បំភ្លឺ​ករណី​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍​មិន​ស្មើភាព

បន្ទាប់ពី​ការ​ចាប់ខ្លួន​សកម្ម​ជន​ការ​ពារ​បរិស្ថាន​តំបន់​អា​រ៉ែ​ង ជនជាតិ​អេ​ស្ប៉ា​ញ លោក អា​ឡិច ហើយ​​បណ្តេញ​​ចេញពី​កម្ពុជា កាលពី​ថ្ងៃទី២៣កុម្ភៈ រួចមក អ្នក​តំណាង​រាស្ត្រ​​មណ្ឌល​​ខេត្ត​សៀមរាប របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បានប្រកាសថា លោក​នឹងធ្វើ​លិខិត​​កោះ​ហៅ​ប៉ូលិស​ន្តោ​ប្រវេសន៍ ព្រមទាំង​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ចូល​ឆ្លើយបំភ្លឺ​អង្គប្រជុំ​រដ្ឋសភា។ ជាការ​ឆ្លើយបំភ្លឺ នៅពេល​រដ្ឋសភា ចូល​កង ក្នុង​ខែមេសា ស្តីពី​ការអនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍​មិន​ស្មើភាព​គ្នា លើ​ជនបរទេស ដែល​រស់នៅ​កម្ពុជា។

លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ មណ្ឌល​ខេត្ត សៀមរាប
លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ មណ្ឌល​ខេត្ត សៀមរាប សហការី
ផ្សាយពាណិជ្ជកម្ម

លោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រ​វ័យក្មេង មណ្ឌល​ខេត្តសៀមរាប មកពី​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​នៅ​ថ្ងៃទី២៥កុម្ភៈ​ថា លោក​គ្រោង​នឹង​សរសេរ​លិខិត​កោះអញ្ជើញ​ប៉ូលិស​នៅ​​នាយកដ្ឋាន​អន្តោប្រវេសន៍​របស់​ក្រសួងមហាផ្ទៃ រួមទាំង​រដ្ឋមន្ត្រី ចូល​ឆ្លើយបំភ្លឺ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា ក្នុងពេល​រដ្ឋសភា ចូល​កង​វិញ នៅ​ខែមេសា​ខាងមុខ។ 

តាម​លោក​តំណាងរាស្ត្រ ប៉ូលិសអន្តោប្រវេសន៍ ព្រមទាំង​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ត្រូវ​ឆ្លើយ​បំភ្លឺ​​អង្គប្រជុំ​រដ្ឋសភា ជុំវិញ​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍ លើ​ជនបរទេស ដែល​រស់នៅ​កម្ពុជា។ នោះ​គឺ​លោក​តំណាងរាស្ត្រ អ៊ុំ សំអាន អះអាងថា ប៉ូលិស​បាន​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍ មិន​ស្មើភាព​គ្នា លើ​ជនបរទេស ជនជាតិ​អេ​ស្ប៉ា​ញ លោក អា​ឡិច ជា​សកម្មជន​ការពារ​​បរិស្ថាន​តំបន់​អា​រ៉ែ​ង និង​ជនជាតិ​វៀតណាម។ ជនជាតិ​វៀតណាម ដែល​រស់នៅ​កម្ពុជា ត្រូវបាន​តំណាងរាស្ត្រ​អះអាងថា ភាគច្រើន​រស់នៅ​ដោយ​ខុសច្បាប់ ហើយ​ត្រូវ​ប៉ូលិស អនុវត្ត​ច្បាប់ ចាប់បញ្ជូន​ទៅវិញ តិចតួច​ប៉ុណ្ណោះ។

ម្យ៉ាងវិញទៀត អ្នកតំណាងរាស្ត្រ មកពី​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ក៏​គ្រោង​នឹង​សួរនាំ​ពី​ការចេញ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឲ្យ​ដល់​ជនជាតិ​វៀតណាម ដែល​កំពុង​រស់​នៅ​​កម្ពុជា​ផងដែរ។ តាម​លោក​អ៊ុំ​សំអាន ទាំង​ជនជាតិ​វៀតណាម អ្នក​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដោយ​ខុសច្បាប់ ព្រមទាំង​ប៉ូលិស អ្នកធ្វើ​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ឲ្យ​ជនជាតិ​វៀតណាម គឺ​ត្រូវ​មានទោស​ជាប់ពន្ធនាគារ។ នេះ​បើ​យោងតាម​ច្បាប់​សញ្ជាតិ។

របាយការណ៍​ក្រសួងមហាផ្ទៃ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ចន្ទ បង្ហាញថា ជនបរទេស​ដែល​​ធ្វើ​ជំរឿន នៅ​ឆ្នាំ២០១៤ មាន​ជាង ១០ ម៉ឺន​នាក់ ក្នុងនោះ ជនបរទេស​អន្តោប្រវេសន៍ ដែល​បាន​បង្ហាញមុខ មាន​ជាង ៣៣.០០០ នាក់ និង​ជនបរទេស ដែល​ប្រើប្រាស់​លិខិត មិន​ប្រក្រតី មាន​ជាង ៧២.០០០ នាក់។

របាយការណ៍​ដដែល ក៏បាន​បង្ហាញថា ក្នុង​រយៈពេល ៣ ខែ​ចុង​ក្រោយនេះ ក្រសួង​បាន​បណ្តេញចេញ​ជនបរទេស ដែល​រស់នៅ​កម្ពុជា​ខុសច្បាប់ និង​ពាក់ព័ន្ធ​នឹង​បទល្មើស មាន​ចំនួន ១.៣២៥ នាក់ មាន ៣៣ សញ្ជាតិ ក្នុងនោះ មាន​ជនជាតិ​វៀតណាម ច្រើនជាងគេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ