អានតួអត្ថបទ
កម្ពុជា

សង្គ្រោះ​ជាតិ​ស្នើ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​តួរ​លេខ​អ្នក​ទទួល​បាន​សញ្ជាតិ​ខ្មែរ

គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​១៩ សីហា​នេះ​ បាន​ប្រកាស​ឱ្យ​ដឹង​ថា គណបក្ស​នឹង​ស្នើ​ទៅ​ក្រសួង​យុត្តិធម៌ និង​ក្រសួង​មហា​ផ្ទៃ​ឱ្យ​ផ្តល់​បញ្ជី​ឈ្មោះ​ជន​បរទេស ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ និង​ស្នើ​ឱ្យ​ចាត់​វិធានការឱ្យ​ម៉ឺង​ម៉ាត់​ចំពោះ​ការ​ផ្តល់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ផង​ដែរ។ ការ​ស្នើ​នេះ គឺ​ខណៈ​ដែល​ចំនួន​ជនអន្តោប្រវេសន៍​បាន​កើន​ឡើង​យ៉ាង​ខ្លាំង ទន្ទឹម​នឹង​ភាព​ធូរ​រលុង​នៃ​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា។ យ៉ាងណា​ក៏​ដោយ​រដ្ឋាភិបាល​ស្វាគមន៍​ចំពោះ​សំណើរបស់​បក្ស​ប្រឆាំង។

ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា
ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

តើ​ចាប់​ពី​ឆ្នាំ​១៩៩៣ ដល់ឆ្នាំ​២០១៦ ជន​អន្តោប្រវេសន៍ ដែល​មាន​សញ្ជាតិ​ខ្មែរ​ស្រប​ច្បាប់​មាន​ប៉ុន្មាន​នាក់? នេះ​គឺ​ជា​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា។ ជា​សំណើ ដែល​គណបក្ស​ប្រឆាំង​ផ្ញើ​ជូន​ទៅ​កាន់​រដ្ឋាភិបាល​នៅ​សប្តាហ៍​ក្រោយ​នេះ។ សំណើ​នេះ​ គឺ​ធ្វើ​ឡើង​ទន្ទឹម​អាជ្ញាធរ​ប្រកាស​ថា​ជន​អន្តោប្រវេសន៍​វៀតណាម​បាន​កើន​ឡើង​ទ្វេដង​ក្នុង​រយៈ​ពេល​ជាង​១០​ឆ្នាំ​មក​នេះ។

រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ប្រកាស​ស្វាគមន៍​ចំពោះ​សំណើ​នេះ​ផង​ដែរ។ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​ឱ្យ​ដឹង​ថា អាជ្ញាធរ​មាន​ឯកសារ​ទាំង​អស់​ដើម្បី​បង្ហាញ​តាម​ការ​ស្នើ​សុំ ​ប្រសិន​បើ​គណបក្ស​សង្គ្រោះជាតិ​ស្នើ​តាម​រយៈ​រដ្ឋសភា។ ក្រៅ​ពី​ស្នើ​សុំ​បញ្ជី​ជន​អន្តោប្រវេសន៍ គណបក្ស​ប្រឆាំង​ក៏​បាន​ប្រកាស​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ​ ដើម្បី​ផ្តល់​ឈ្មោះ​ជនអន្តោ​ប្រវេសន៍​ទាំងឡាយ​ណា​ ដែល​ទទួល​បាន​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ​ដោយ​ខុស​ច្បាប់​ផង​ដែរ។

បន្ថែម​ពី​នេះ គណបក្ស​ក៏​នឹង​គ្រោង​នឹង​រៀប​ចំ​មេធាវី​ ដើម្បី​ដាក់​ពាក្យ​ប្តឹង​ជន​បរទេស ដែល​ប្រើ​ប្រាស់​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ដោយ​ខុស​ច្បាប់​ថែម​ទៀត​ផង។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គណបក្ស​ប្រឆាំង​ ដែល​មាន​បណ្តាញ​ទូទាំង​ប្រទេស​គ្រោង​នឹង​ដាក់​ពង្រាយ​អ្នក​អង្កេតការណ៍​ប្រមាណ​ជាង​៣​ពាន់​នាក់ ដើម្បី​ឃ្លាំ​មើល ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ជន​បរទេស​ ដែល​ប្រើ​អត្តសញ្ញាណបណ្ណ​ខ្មែរ​ខុស​ច្បាប់​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​ផង​ដែរ។
ក្នុង​សំណុំរឿង​ជន​អន្តោប្រវេសន៍ ដែល​កាន់​អត្តសញ្ញាណបណ្ណ​ខ្មែរ​ខុស​ច្បាប់​នេះ ក្រសួង​មហាផ្ទៃ​ក៏​គ្រោង​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ឱ្យ​បាន​ឆាប់​បំផុត ដើម្បី​មោឃៈភាព​លើ​ឯកសារ​របស់​ជន​បរទេស​ទាំងឡាយ​ ដែល​កាន់​កាប់​មុន​ពេល​ ដែល​ពួកគេ​យក​អត្តសញ្ញាណបណ្ណ​ទាំង​នោះ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត។

បញ្ហា​ជន​អន្តោប្រវេសន៍​នេះ គឺ​ជា​រឿង​រស៊ើប​មួយ​ក្នុង​សង្គម​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ខណៈ​ដែល​ការ​បោះឆ្នោត​ខិត​ជិត​ចូល​មក​ដល់។ ក្រសួង​មហាផ្ទៃ​បាន​បង្ហាញ​ទិន្នន័យថា​ នៅ​ឆ្នាំ​២០១៦​នេះ មាន​ជនអន្តោប្រវេសន៍​ជាង​១៦​ម៉ឺន​នាក់​ហើយ​ជនជាតិ​វៀតណាម​មាន​ប្រមាណ​១៦​ម៉ឺន​នាក់។ បន្ថែម​ពី​នេះ​ក្រសួង​មហាផ្ទៃ​ក៏​បាន​គូស​បញ្ជាក់​ដែរ​ថា ក្នុង​រយៈពេល​២​ឆ្នាំ​កន្លះ​ពី​ឆ្នាំ​២០១៤​ដល់​ពាក់​កណ្តាល​ឆ្នាំ​២០១៦​នេះ អាជ្ញាធរ​បាន​បណ្តេញ​ជន​បរទេស ដែល​រស់នៅ​ខុស​ច្បាប់​នៅ​កម្ពុជា​ប្រមាណ​ជាង​១​ម៉ឺននាក់ ហើយ​ក្នុង​នោះ វៀតណាម​ខុស​ច្បាប់​មាន​ជាង​៩​ពាន់​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ