អានតួអត្ថបទ
កម្ពុជា

ផ្លូវ​រថភ្លើង​ទៅ​កាន់​ព្រលាន​យន្តហោះ​ជា​លើកដំបូង​ ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន

អាជ្ញាធរ​កម្ពុជា ​និង​ក្រុមហ៊ុន​ឯកជន ​Royal Railway ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ដាក់​ឲ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​នូវ​កំណាត់​ផ្លូវ​រថភ្លើង​និង​ការ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ពី​រាជា​យ​ស្ម័​យាន ​ឆ្ពោះទៅ​កាន់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ជា​លើក​ដំបូង​។ ​កំណាត់​ផ្លូវ​រថភ្លើង​ដែលមាន​ប្រវែង​ជាង ​៩ ​គីឡូម៉ែត្រ ​គឺជា​មុខមាត់​ថ្មី​មួយ របស់​ទីក្រុង​ភ្នំពេញ ដើម្បី​បញ្ចៀ​ស​ការកកស្ទះ​ចរាចរណ៍។​ ​នេះ​បើ​តាម​អាជ្ញាធរ​នៃ​វិស័យ​ដឹក​ជញ្ជូន​។

រថភ្លើងដឹកជញ្ជូនអ្នកដំណើរពីកណ្តាលក្រុងភ្នំពេញទៅព្រលានយន្តហោះ
រថភ្លើងដឹកជញ្ជូនអ្នកដំណើរពីកណ្តាលក្រុងភ្នំពេញទៅព្រលានយន្តហោះ MPWT
ផ្សាយពាណិជ្ជកម្ម

កំណាត់​ផ្លូវ​រថភ្លើង​ថ្មី​នេះ ​មាន​ប្រវែង​សរុប ​៩៦១៣ ​ម៉ែត្រ ​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន ​ចាប់​ពី​ថ្ងៃ​ទី ​១០ ​ខែ​មេសា​ នេះ​រហូត​ដល់​ថ្ងៃ​ទី ​១ ​ខែ​សីហា ​ឆ្នាំ​២០១៨ ​ដោយ​មិន​គិតថ្លៃ​នោះ​ទេ​។ ​នេះ​បើ​តាម​លោក​ទេស​រដ្ឋមន្ត្រី ​ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ​ដែល​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ដាក់​ឲ្យ​ដំណើរ​ការ​កំណាត់​ផ្លូវ​រថភ្លើង​ជា​បណ្តោះអាសន្ន ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​ដែល​មាន​ការ​ចូលរួម​ពី​លោក ​ឧកញ៉ា ​គិត ម៉េង ​ប្រធាន​ក្រុមហ៊ុន ​Royal Group ​និង​ជា​ម្ចាស់​ភាគហ៊ុន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ផ្លូវ​ដែក ​Royal Railway​នេះ​។

បើ​តាម​សេចក្តី​រាយការណ៍ ​ផ្លូវ​ដែក​​នេះ​ ​​ត្រូវ​​បាន​រៀបចំ​​ឡើង​​ជា​ប្រភេទ​ Tramway ​ដែល​គេ​បង្កប់​ផ្លូវដែក​ទៅក្នុង​ផ្លូវ​ថ្នល់ ​ដែល​អាច​អនុញ្ញាត​អោយ​យានយន្ត​និង​យាន​ផ្សេង​ៗ ​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​បាន ​ដោយ​មិន​មាន​ការ​ព្រួយបារម្ភ​នោះទេ​។ ​សេវា​ដឹក​ជញ្ជូន​តាម​រថភ្លើង​នេះ ​ចេញ​ដំណើរ​រៀង​រាល់​៣០​នាទី ​ដោយ​ប្រើប្រាស់​ថេរៈ​វេលា​ប្រមាណ ​២២-​២៥​នាទី ​ពី​ស្ថានីយ​យ​ស្ម័​យាន​រាជធានី​ភ្នំពេញ​ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​ដោយ​ឆ្លងកាត់​កំណាត់​ផ្លូវ​សហព័ន្ធ​រុស្សី ​ចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​តែម្តង​។

សម្រាប់​រដ្ឋាភិបាល ​ការ​ដាក់​អោយ​ដំណើរ​ការ​ផ្លូវ​រថភ្លើង​នៅពេលនេះ ​គឺ​ដើម្បី​ផ្តល់​ជម្រើស​ក្នុងការ​ធ្វើ​ដំណើរ​ជូន​ប្រជា​ពលរដ្ឋ ​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា​ ពេល​វេលា ​សុវត្ថិភាព ​គ្មាន​ការ​រំខាន ​ព្រមទាំង​រួម​ចំណែក​កាត់​បន្ថយ​ការ​កក​ស្ទះ ​និង​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​។ ​ក្នុង​ដំណាក់កាល​ដំបូង​នេះ ​គេ​នឹង​ប្រើប្រាស់​រថភ្លើង​ចំនួន​២​គ្រឿង ​ដែល​មាន​ស្រាប់ ​សម្រាប់​ការ​ផ្តល់​សេវា​ដឹកជញ្ជូន​អ្នក​ដំណើរ​ទៅ​មក ​ខណៈ​រង​ចាំ​ក្បាល​រថភ្លើង​ថ្មី​ចំនួន​០៣​គ្រឿង​ទៀត​ ដែល​បាន​បញ្ជា​ទិញ​មក​ពី​ប្រទេស​ម៉ិច​ស៊ី​ក​។

គួរ​រំលឹក​ជូន​ថា ​កាល​ពី​ថ្ងៃ​ទី ​៤​ មេសា​កន្លង​ទៅ ​រដ្ឋាភិបាល​កម្ពុជា ​ក៏​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ជា​បណ្ដោះអាសន្ន​នូវ​កំណាត់​ផ្លូវ​រថភ្លើង​ពី​ក្រុង​ប៉ោយប៉ែត​-​សិរីសោភ័ណ ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ដោយ​ឥតគិតថ្លៃ​ផងដែរ​ ចាប់​តាំង​ពី ​ថ្ងៃ​ទី​៤ ​មេសា ​ដល់​ថ្ងៃ​ទី ​១ ​សីហា ​ឆ្នាំ​២០១៨ ​បន្ទាប់​ពី​បោះបង់​ចោល​អស់​រយៈពេល​ជាង​៤៥​ឆ្នាំ​ដោយសារ​តែ​ភ្លើង​សង្គ្រាម​។ ​ការ​ស្តា​ឡើងវិញ​នូវ​កំណាត់​ផ្លូវ​រថភ្លើង​ជា​បន្តបន្ទាប់​នេះ ​គឺ​ជា​ផែនការ​របស់​រដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​កាត់​បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ ​តាមរយៈ​ការផ្តល់​ជម្រើស​កាន់តែ​ច្រើន​ឡើង ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ ​តួយ៉ាង​ ការ​ធ្វើ​ដំណើរ​តាមផ្លូវ​ទឹក ​និង​ប្រព័ន្ធ​ដឹក​ជញ្ជូន​រថយន្ត​ក្រុង​សាធារណៈ​ជា​ដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ