អានតួអត្ថបទ
កម្ពុជា-អាមេរិក

រយៈ​ពេល​១១​ខែ​ឆ្នាំ​២០១៧ ការ​នាំ​ចេញ​ទៅ​អាមេរិក​មាន​ការ​កើន​ឡើង

ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អាមេរិក​ក្នុង​រយៈ​ពេល​១១ខែ​ដើម​ឆ្នាំ​២០១៧​នេះ ​មាន​ទំហំ​ជា​ទឹក​ប្រាក់​ប្រមាណ​២,៨២៦លាន​ដុល្លារ។ ការ​នាំ​ចេញ​នេះ​មាន​ការ​កើន​ឡើង​ប្រៀប​ធៀប​រយៈ​ពេល​១១​ខែ​ដូច​គ្នា ​កាល​ពី​ឆ្នាំ​២០១៦។ នេះ​បើ​តាម​ទិន្នន័យ​ពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល​អាមេរិក។

រូបភាព​តំណាង៖ កម្មការ​កម្មការិនី​កាត់ដេរ​កម្ពុជា
រូបភាព​តំណាង៖ កម្មការ​កម្មការិនី​កាត់ដេរ​កម្ពុជា ©rfi
ផ្សាយពាណិជ្ជកម្ម

ទិន្នន័យ​ពី​គេហទំព័រ​ការិយាល័យ​ជំរឿន​របស់​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ថា​ការ​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​ក្នុង​រយៈ​ពេល​១១​ខែ​នៃ​ឆ្នាំ​២០១៧ មាន​ទំហំ​ជា​ទឹក​ប្រាក់​ប្រមាណ ២ ៨២៦​លាន​ដុល្លារ​អាមេរិក កើន​ឡើង​ប្រហែល​៧​ភាគ​រយ បើ​ធៀប​នឹង​រយៈ​ពេល​១១​ខែ​ដូច​គ្នា កាល​ពី​ឆ្នាំ​២០១៦ ដែល​មាន​ទំហំ​ប្រមាណ​២ ៦៣៣​លាន​ដុល្លារ​អាមេរិក។ ចំពោះ​ការ​នាំ​ចេញ​ពី​សហរដ្ឋ​អាមេរិក ចូល​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​ពី​៣៣៤​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​១១​ខែ​នៃ​ឆ្នាំ​២០១៦ មក​៣៦១​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈ​ពេល​១១​ខែ​នៃ​ឆ្នាំ​២០១៧​នេះ។

លោក តេង ឌឺ​លុច សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​លើក​ឡើង​ថា​លោក​មិន​សូវ​ប្រាកដ​ប៉ុន្មាន​ទេ​ចំពោះ​ទិន្នន័យ​នៃ​ការ​កើន​ឡើង​នេះ។ ប៉ុន្តែ​លោក​បន្ថែម​ថា ការ​កើន​ឡើង​នេះ​អាស្រ័យ​លើ​ការ​ប្រែ​ប្រួល​លើ​តម្លៃ​នៃ​ការ​នាំ​ចេញ ឬ​ការ​ប្រែ​ប្រួល​នៃ​បរិមាណ​នៃ​ការ​នាំ​ចេញ។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា ២ ឬ​៣​ឆ្នាំ​កន្លង​មក​នេះ​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​អាមេរិក ស្ថិត​ក្នុង​រង្វង់​២ ទៅ​៣​ពាន់​លាន​ដុល្លារ​អាមេរិក ពោល​គឺ​មិន​មាន​ការ​ប្រែ​ប្រួល​នោះ​ទេ។ លោក​បន្ថែម​ថា​អ្វី ដែល​គួរ​កត់​សម្គាល់​គឺ​ការ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​ទី​ផ្សារ​អឺរ៉ុប​ទៅ​វិញ​ទេ ដែល​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

​ក្រសួងពាណិជ្ជកម្មកម្ពុជាមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។ ប៉ុន្តែ​ក្រសួង​នេះ​ធ្លាប់​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា បច្ចុប្បន្ន​​ការ​​នាំ​​ចេញ​​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក​ភាគ​ច្រើន​គឺ​ជា​សម្លៀក​បំពាក់​ ស្បែកជើង កាបូប​ជា​ដើម​។ នេះ​បើ​តាម​អគ្គនាយករង​ពាណិជ្ជកម្ម​អន្តរ​ជាតិ​នៃ​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា​។

ជា​ការ​កត់​សម្គាល់ ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ មាន​ការ​កើន​ឡើង ក្នុង​ពេល​បញ្ហា​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​បាន​រុញ​ច្រាន​ឲ្យ​ទំនាក់​ទំនង នៃ​ប្រទេស​ទាំង​ពីរ​នេះ​មាន​ភាព​ល្អក់​កករ។ មន្ត្រី​គណបក្ស​ប្រឆាំង ដែល​ត្រូវ​បាន​តុលាការ​រំលាយ​បាន​ស្នើ​ឲ្យ​អាមេរិក ឬ​សហភាព​អឺរ៉ុប​ចាត់​វិធានការ​ដាក់​ទណ្ឌកម្ម​ផ្សេងៗ​លើ​រដ្ឋាភិបាល​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី​៤​ខែ​ធ្នូ លិខិត​មួយ ដែល​ត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយ និង​ចាត់​ទុក​ថា​ជា​លិខិត​របស់​ក្រសួង​ពាណិជ្ជកម្ម ជម្រាប​មក​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ឲ្យ​ដឹង​ថា​ទឹក​ប្រាក់​នៃ​ការ​នាំ​ចេញ​សរុប​ក្នុង​ឆ្នាំ​២០១៦​ទៅ​កាន់​សហរដ្ឋ​អាមេរិក​មាន​ទំហំ​ប្រមាណ​២ ៩១៦​លាន​ដុល្លារ​អាមេរិក។

ក្នុង​លិខិត​ដែល​នោះ ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ស្នើ​សុំ​លោក​នាយក​រដ្ឋមន្ត្រី ពិចារណា​រឿង​បញ្ចុះ​បញ្ចូល​សមាជិក​សហភាព​អឺរ៉ុប ដើម្បី​ទប់​ស្កាត់​ការ​សម្រេច​ព្យួរ​សម្បទាន​ពន្ធ​គយ​លើ​គ្រប់​មុខ​ទំនិញ ដោយ​សភា​អឺរ៉ុប​ជា​យថាហេតុ ។

ប៉ុន្តែ​លិខិត​នោះ មិន​បាន​លើក​ឡើង​ពី​ការ​ស្នើ​ឲ្យ​បញ្ចុះ​បញ្ចូល​សហរដ្ឋ​អាមេរិក​នោះ​ទេ ដោយ​លិខិត​នោះ​ក្រសួង​ពាណិជ្ជកម្ម​បញ្ជាក់​ថា​សហរដ្ឋ​អាមេរិក​មិន​បាន​ផ្តល់​ភាព​អនុគ្រោះ​ពន្ធ​គ្រប់​មុខ​ដូច​សហភាព​អឺរ៉ុប​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ