អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ស្រុក​ខ្មែរ៖ ការ​អាន​កើន​ឡើង តែ​អ្នក​និពន្ធ​នៅ​មាន​កម្រិត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​ទី​ ១១​មីនា​ខាង​មុខ​នេះ គឺ​ជា​ទិវា​ជាតិ​អំណាន​។ ទាក់​ទង​នឹង​ការ​អាន គេ​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ បាន​ងាក​មក​អាន​សៀវភៅ​កាន់​តែ​ច្រើន​ឡើង​ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ កំណើន​និង​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​អាន​ដូច្នេះ កើត​ឡើង​ស្រប​ពេល​ដែល​ចំនួន​ និង​សមត្ថភាព​របស់​អ្នក​និពន្ធ​ខ្មែរ​ហាក់​នៅ​មាន​កម្រិត​នៅ​ឡើយ​។ ដើម្បី​ថែ​រក្សា​កំណើន​នៃ​អ្នក​អាន​សៀវភៅ​នៅ​កម្ពុជា អ្នក​ជំនាញ​ស្នើ​ឲ្យ​អ្នក​និពន្ធ​ខ្មែរ​ជំនាន់​ថ្មី ​រួស​រាន់​បង្កើន​សមត្ថភាព​ខ្លួន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​អាន​។

ទិវា​​ជាតិ​​អំណាន​ ​ប្រារព្ធ​​ឡើង​​នៅ​​សាកល​វិទ្យាល័យ​ភូ​មិន្ទ​​ភ្នំពេញ​ នា​ពេល​កន្លង​មក។​
ទិវា​​ជាតិ​​អំណាន​ ​ប្រារព្ធ​​ឡើង​​នៅ​​សាកល​វិទ្យាល័យ​ភូ​មិន្ទ​​ភ្នំពេញ​ នា​ពេល​កន្លង​មក។​ សហការី
ផ្សាយពាណិជ្ជកម្ម

ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​អាន​សៀវភៅ​នៅ​កម្ពុជា មាន​សន្ទុះ​កើន​ឡើង​គួរ​ឲ្យ​កត់​ស្គាល់​។ សន្ទុះ​អ្នក​អាន​សៀវភៅ​ខ្មែរ​ដែល​កើន​ឡើង​នេះ មិន​មែន​ជា​រឿង​ចៃដន្យ​ទេ​។ មាន​កត្តា​សំខាន់​ៗ​ចំនួន​៣ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ងាក​មក​អាន​សៀវភៅ​កាន់​តែ​ច្រើន​ឡើង​។ ទី​១ គឺ​ការ​អប់រំ​ផ្សព្វ​ផ្សាយ​ទូលំ​ទូលាយ​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ និង​បណ្ដាញ​សង្គម ដែល​ចាប់​ផ្ដើម​ផ្ដល់​តម្លៃ​ និង​លើក​កម្ពស់​ការ​អាន​សៀវភៅ​។ ទី​២ គឺ​ការ​បង្កើត​ឲ្យ​មាន​ពិព័រណ៍​សៀវភៅ​ជា​ទៀង​ទាត់ ជា​រៀង​រាល់​ឆ្នាំ​។ និង​ទី​៣ ការ​បង្កើត​ទិវា​ជាតិ​អំនាន ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​។

មិន​មាន​ទិន្នន័យ​ច្បាស់​លាស់​អំពី​ចំនួន​អ្នក​អាន​សៀវភៅ​នៅ​កម្ពុជា​ដែល​កើន​ឡើង​សព្វ​ថ្ងៃ​នេះ​ទេ​។ ប៉ុន្តែ​សន្ទុះ​នៃ​កំណើន​អ្នក​អាន​សៀវភៅ​នៅ​កម្ពុជា បាន​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ឡើង តាម​រយៈ​ចំណង​ជើង​សៀវភៅ ​ដែល​បោះ​ពុម្ព​ដាក់​លក់​កាន់​តែ​ច្រើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ នៅ​តាម​បណ្ណាគារ និង​តូប​លក់​សៀវភៅ​នានា​។ ​ការ​បោះ​ពុម្ព​សៀវភៅ​កាន់​តែ​ច្រើន មាន​ន័យ​ថា អ្នក​អាន​ក៏​មាន​ចំនួន​ច្រើន​ឡើង​។

ក្រៅ​ពី​កំណើន​ការ​ដាក់​លក់​សៀវភៅ​នៅ​តាម​បណ្ណាគារ ពិព័រណ៍​សៀវភៅ​ប្រចាំ​ឆ្នាំ​ ក៏​ជា​ភស្តុតាង​មួយ​ទៀត ដែល​បញ្ជាក់​បាន​យ៉ាង​ច្បាស់​អំពី​កំណើន​អ្នក​អាន​សៀវភៅ​នៅ​កម្ពុជា។ កាល​ពី​ឆ្នាំ​ ២០១១ ពិព័រណ៍​សៀវភៅ មាន​ស្តង់​ចំនួន​ ១០​ប៉ុណ្ណោះ​ដែល​ចូល​រួម និង​ទាក់​ទាញ​អ្នក​ទស្សនា​បាន​ប្រមាណ​ ៣០០​នាក់​។ ចំនួន​ស្តង់​បាន​កើន​ឡើង​ដល់​ ១៥​ស្តង់ មាន​អ្នក​ទស្សនា​ចំនួន​ ១​ពាន់​នាក់​នៅ​ឆ្នាំ​ ២០១៣។ នៅ​ឆ្នាំ​ ២០១៤ ចំនួន​ស្តង់​សៀវភៅ កើន​ឡើង​ទ្វេរ​មួយ​ជា​ពីរ គឺ​ ៣០​ស្តង់​ និង​មាន​អ្នក​ចូល​រួម​ទស្សនា ដែល​កើន​ឡើង​យ៉ាង​គំហុក​ដល់​ ៧​ពាន់​ ៥​រយ​នាក់​។ ​នៅ​ឆ្នាំ​ ២០១៥ ពិព័រណ៍​សៀវភៅ​មាន​ស្តង់​ក្រុមហ៊ុន និង​ស្តង់​លក់​សៀវភៅ​សរុប​ ៥២​ស្តង់ ដោយ​មាន​អ្នក​ចូល​រួម​ជាង​ ១​ម៉ឺន​ ២​ពាន់​នាក់​។ ចុង​ក្រោយ​នេះ គឺនៅ​ឆ្នាំ​ ២០១៦ ស្តង់​ក្រុមហ៊ុន​និង​គ្រឹះស្ថាន​បោះ​ពុម្ព​ផ្សាយ​ដែល​ចូល​រួម​ក្នុង​ពិព័រណ៍​សៀវភៅ​មាន​ចំនួន​ ៦៥ ដោយ​មាន​អ្នក​ចូល​រួម​រហូត​ដល់​ទៅ​ ២​ម៉ឺន​ ៥​ពាន់​នាក់​។

ប៉ុន្តែ ទន្ទឹម​នឹង​សន្ទុះ​កើន​ឡើង​នៃ​អ្នក​អាន​សៀវភៅ​នៅ​កម្ពុជា​នេះ គេ​សង្កេត​ឃើញ​ថា នៅ​តាម​តូប​លក់​សៀវភៅ និង​បណ្ណាគារ​នានា សៀវភៅ​ថ្មី​ៗ​ដែល​បោះ​ពុម្ព​ផ្សាយ​ជា​ខេមរ​ភាសា ភាគ​ច្រើន​លើស​លុប គឺ​ជា​សៀវភៅ​ដែល​បក​ប្រែ​ពី​ភាសា​បរទេស​។ សៀវភៅ​របស់​អ្នក​និពន្ធ​ខ្មែរ​ជំនាន់​ថ្មី ដែល​ដាក់​លក់​នៅ​លើ​ទី​ផ្សារ​សព្វ​ថ្ងៃ​ មាន​ចំនួន​តិច​តួច​នៅ​ឡើយ​។ នេះ​ក៏​ព្រោះ​តែ​អ្នក​និពន្ធ​ខ្មែរ​នៅ​មាន​ចំនួន​តិច​។ ហើយ​ក្នុង​ចំណោម​ចំនួន​ដ៏​តិច​នោះ​ទៀត​សោត  អ្នក​និពន្ធ​ខ្មែរ​ជំនាន់​ថ្មី​ដែល​មាន​សមត្ថភាព ក៏​មាន​ចំនួន​កាន់​តែ​តិច​ទៅ​ទៀត​។

អ្នក​និពន្ធ​ ជា​មនុស្ស​សេរី និង​ជា​អ្នក​ច្នៃ​ប្រឌិត​បង្កើត​ថ្មី ដែល​ត្រូវ​ការ​ដឹង​រឿង​រ៉ាវ​ ក្នុង​ធម្មជាតិ​ និង​សង្គម​ជា​ច្រើន ដើម្បី​យក​មក​ប្រឌិត​ប្រៀប​ធៀប​ ទៅ​តាម​ទំនោរ​នៃ​ឆន្ទៈរបស់​ខ្លួន ទុក​ជា​ការ​កំសាន្ត និង​ពិចារណា សំដៅ​ទៅ​រក​ការ​បង្កើត​គំនិត​ថ្មី។ អ្នក​និពន្ធ​អាច​តាក់​តែង​ព្រឹត្តិការណ៍​មួយ​ ទៅ​ជា​កំណាព្យ​ ជា​រឿងប្រឌិត ជា​ចម្រៀង ភាព​យន្ត និង​រូប​ត្លុក​កំប្លុក​កំប្លែង​ក៏​មាន​ដែរ ទៅ​តាម​ជំនាញ​ ឬ​ទេព​កោសល្យ​របស់​ខ្លួន ដោយ​រើស​យក​ស្ថានការណ៍​សង្គម​ណាមួយ​ ទុក​ឲ្យ​អ្នក​អាន​ពិចារណា។​

ក្នុង​ទសវត្សរ៍ទី​ ៥០ ៦០ និង​ ៧០ អ្នក​និពន្ធ​ខ្មែរ​មួយ​ចំនួន ប្រឹង​ប្រែង​ត្រួស​ត្រាយ​កសាង​ស្នា​ដៃ​របស់​ខ្លួន​ រហូត​ទទួល​បាន​ការ​គាំទ្រ​ពី​សាធារណជន ពិសេស​ក្នុង​របប​សាធារណរដ្ឋ ដែល​មាន​ការ​បោះ​ពុម្ព​ផ្សាយ​ច្រើន។ ឯ​​បច្ចុប្បន្ន អ្នក​និពន្ធ​ហាក់​បាន​ចាត់​ទុក​ជា​ក្រុម​មនុស្ស​ ដែល​មិន​មាន​សារៈ សំខាន់ និង​ពុំ​មាន​អ្នក​គ្រប់​គ្រង​ត្រឹម​ត្រូវ​។ ទោះ​បី​មាន​ក្រុម​ សមាគម​អ្នក​និពន្ធ​ពីរ ឬ​បី ប្រឹង​ប្រែង​ឈរ​ដោយ​ខ្លួន​ឯង ទាំង​ត្រដាប​ត្រដួស​ក៏​ដោយ​ ក៏​គេ​មិន​អាច​រក​ឃើញ​ភាព​ច្បាស់​លាស់​មួយ​ ដើម្បី​អភិវឌ្ឍន៍​វិស័យ​សំណេរ​ និង​ជា​ទី​សង្ឃឹម​ សម្រាប់​អ្នក​និពន្ធ​ខ្មែរ​ស្រករ​ថ្មី​ឡើយ។

នៅ​ប្រទេស​កម្ពុជា វិជ្ជា​និពន្ធ មិន​ទាន់​ជា​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​មួយ ដូច​មុខ​វិជ្ជា​ឯទៀត​ទេ។ ការ​ដែល​ប្រជាជន​ខ្មែរ​មួយ​ចំនួន​បច្ចុប្បន្ន អាច​តាក់​តែង​និពន្ធ​បាន ការ​ដែល​គេ​ហៅ​អ្នក​និពន្ធ​ ជា​អ្នក​និពន្ធ​ មាន​តិច​ណាស់​ ដែល​បាន​ឆ្លង​កាត់​វគ្គ​បណ្តុះ​បណ្តាល​វិជ្ជា​និពន្ធ។ ឯ​ការ​បណ្តុះ​បណ្តាល​ទៀត​សោត​ មាន​រយៈ​ពេល​ខ្លី​ ហើយ​មិន​មាន​មេរៀន​ច្បាស់​លាស់​តាម​បែប​វិជ្ជា​ជីវៈ សម្រាប់​អ្នក​សិក្សា​ឡើយ។ គ្រូ​បង្រៀន​មួយ​ចំនួន​ ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​ទៅ​ក្នុង​ថ្នាក់​ គ្រាន់​តែ​ជា​អ្នក​ឧទ្ទេសនាម រំលែក​បទ​ពិសោធន៍​ ដែល​ពួក​គាត់​មាន​ទៅ​ឲ្យ​អ្នក​ជំនាន់​ថ្មី​តែ​ប៉ុណ្ណោះ។ គ្រូ​បង្រៀន​មុខ​វិជ្ជា​តែង​និពន្ធ​នោះ​ទៀត​សោត ច្រើន​តែ​បង្ហាញ​សើ​ៗទៅ​សិក្ខាកាម​ ពី​របៀប​សរសេរ​កំណាព្យ​ ឬ​ប្រលោម​លោក​តាម​បែប​បុរាណ ​ជា​ជាង​វែក​ញែក​បង្ហាញ​ពី​គំនិត​ដែល​មាន​នៅ​ក្នុង​អត្ថបទ​អក្សរ​សិល្ប៍​ទាំង​នោះ​ ឬ​បង្កើត​គំនិត​ថ្មី សម្រាប់​បម្រើ​សេចក្តី​ត្រូវ​ការ​របស់​អ្នក​អាន​ក្នុង​សង្គម​សព្វថ្ងៃ។ ពេល​ខ្លះ វាគ្មិន​មិន​ហ៊ាន​បក​ស្រាយ​នូវ​ទស្សនៈ​របស់​រឿង​ ដែល​ឆ្លុះ​បញ្ចាំង​មក​សង្គម​ ឬសំណួរ​របស់​សិក្ខាកាម​ ព្រោះ​គាត់​បារម្ភ​ គឺ​បារម្ភ​ថា អាច​នឹង​ប៉ះ​ពាល់​ដល់​ផ្នែក​នយោបាយ​ ឬ​ការ​ដឹកនាំ​របស់​ស្ថាប័ន​ខ្លះ​ក្នុង​រដ្ឋាភិបាល​ក៏​មាន​ដែរ។​ នេះ​គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​សមត្ថភាព​របស់​អ្នក​និពន្ធ​ខ្មែរ​ជំនាន់​ថ្មី មិន​បាន​ឈាន​ឲ្យ​ដល់​ស្តង់ដារ​នៃ​អត្ថន័យ​និង​តម្លៃ​នៃ​អ្នក​និពន្ធ​ដ៏​ពិត​ប្រាកដ​។

អ្នក​និពន្ធ គឺ​ជា​មូលដ្ឋាន​គ្រឹះ​បង្កើត​ស្នាដៃ​សម្រាប់​អ្នក​អាន​។ ហើយ​សន្ទុះ​កើន​ឡើង​នៃ​អ្នក​អាន​សៀវភៅ គឺ​ជា​សាក្សី​ដ៏​សំខាន់ ​ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា គ្រាប់​ពូជ​នៃ​ទម្លាប់​អាន​សៀវភៅ​នៅ​កម្ពុជា ចាប់​ផ្ដើម​រីក​ដុះ​ដាល​​ឡើង​វិញ​ហើយ​។ គឺ​ទម្លាប់​អាន​សៀវភៅ​នេះ​ហើយ ដែល​ជា​កត្តា​រួម​ចំណែក​ដ៏​សំខាន់ ក្នុង​ការ​អភិវឌ្ឍ​ប្រាជ្ញា​ស្មារតី​របស់​ប្រជាពលរដ្ឋ ដើម្បី​ឈាន​ទៅ​អភិវឌ្ឍ​ប្រទេស​។ ប៉ុន្តែ​ប្រសិន​បើ​ខ្មែរ នៅ​តែ​ខ្វះ​អ្នក​និពន្ធ​ប្រកប​ដោយ​សមត្ថភាព​និង​គុណភាព ហើយ​បណ្ដែត​បណ្ដោយ​ឲ្យ​ទីផ្សារ​សៀវភៅ​ខ្មែរ ​លុក​លុយ​ដោយ​សៀវភៅ​បក​ប្រែ​ពី​ភាសា​បរទេស នោះ​ចំណាប់​អារម្មណ៍​របស់​អ្នក​អាន​អាច​នឹង​ថយ​ចុះ​នៅ​ថ្ងៃ​ណា​មួយ​ជាក់​ជា​ពុំ​ខាន​។ ការ​បណ្ដុះ​ទម្លាប់​អាន​សៀវភៅ​ជា​រឿង​ដ៏​ល្អ​ ដែល​ត្រូវ​តែ​បន្ត​លើក​ទឹក​ចិត្ត ប៉ុន្តែ​ការ​អភិវឌ្ឍ​សមត្ថភាព​អ្នក​និពន្ធ ក៏​ជា​រឿង​ចាំ​បាច់ ដែល​មិន​អាច​មើល​រំលង​បាន​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ