អានតួអត្ថបទ
កម្ពុជា-នយោបាយ

ចិន​គាំទ្រ​ចំណាត់​ការ​របស់​រដ្ឋាភិបាល ខណៈ​អាមេរិក​និង​អង់គ្លេស​ទាមទារ​ឲ្យ​ដោះ​លែង​លោក​ កឹម សុខា

យ៉ាង​ហោច​ណាស់ មាន​ប្រទេស​មហា​អំណច​ចំនួន​២ គឺ​អាមេរិក និង​អង់គ្លេស បាន​ចេញ​ប្រតិកម្ម​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​លោក កឹម សុខា និង​បាន​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​ប្រធាន​គណបក្ស​ប្រឆាំង​មក​វិញ។ ប៉ុន្តែ​ចិន ដែល​ជា​ប្រទេស​មហា​អំណាច​ទី​មួយ ដែល​បាន​បង្ហាញ​ការ​គាំទ្រ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​គណបក្ស​ប្រឆាំង ខណៈ​បារាំង និង​រុស្ស៊ី បាន​រក្សា​ភាព​ស្ងៀម​ស្ងាត់។

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ចចូលទៅចាប់ខ្លួនដល់ក្នុងផ្ទះ
លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ចចូលទៅចាប់ខ្លួនដល់ក្នុងផ្ទះ @the cambodia daily
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​បណ្តា​ប្រទេស​ធំៗ​ដែល​បញ្ចេញ​ប្រតិកម្ម ក្រោយ​ពី​ការ​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​មក ចិន​គឺ​ជា​ប្រទេស​ទី​១​ហើយ ដែល​បាន​បង្ហាញ​ការ​គាំទ្រ​របស់​ខ្លួន​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា។ តាម​រយៈ​អ្នក​នាំ​ពាក្យ​របស់​ខ្លួន រដ្ឋាភិបាល​ចិន​ប៉េកាំង បាន​បង្ហាញ​ការ​គាំទ្រ​លើ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា ខណៈ​ដែល​ប្រទេស​មហា​អំណាច​ពីរ​ទៀត គឺ​បារាំង និង​រុស្ស៊ី បាន​រក្សា​ភាព​ស្ងៀម​ស្ងាត់​នៅ​ឡើយ។

គួរ​ជំរាប​ជូន​ថា មក​ទល់​នឹង​ពេល​នេះ មាន​ប្រទេស​មហាអំណាច​អាមេរិក និង​អង់គ្លេស បាន​បង្ហាញ​ប្រតិកម្ម​មិន​គាំទ្រ​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​លើ​គណបក្ស​ប្រឆាំង​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី ៣ កញ្ញា ក្រសួង​ការ​បរទេស​អាមេរិក បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ព្រួយ​បារម្ភ​របស់​ខ្លួន​ភ្លាមៗ នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ការ​ចាប់​ខ្លួន​លោក កឹម សុខា។ ដោយ​ឡែក​អង់គ្លេស​កាល​ពី​ថ្ងៃ​ទី ៤ កញ្ញា តាម​រយៈ​លោក Hon Mark Field រដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ច​ការ​បរទេស​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិច​នៃ​ប្រទេស​អង់គ្លេស បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដែរ។ សេចក្តី​ថ្លែងការណ៍​នេះ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ងាក​មក​ស្តារ​ស្ថានភាព​នេះ​ឡើង​វិញ ដើម្បី​ធានា​ដល់​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ។ លោក Mark Field បាន​ថ្លែង​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​វាយ​ប្រហារ​ជា​ស៊េរី​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ។ នៅ​ថ្ងៃ​ទី ៤ កញ្ញា ដែរ ស្ថានទូត​អូស្រ្តាលី​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែរ ដោយ​បាន​បង្ហាញ​ពី​ក្តី​ព្រួយ​បារម្ភ​និង​បាន​វាយ​តម្លៃ​ជា​ទូទៅ​លើ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ថា គឺ​ជា​ការ​គំរាម​កំហែង​ដល់​ការ​រឹត​ត្បិត​នៃ​លម្ហ​នយោបាយ ជា​ពិសេស​សេរីភាព​របស់​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​សារព័ត៌មាន ក្នុង​ការ​ដើរ​តួ​នាទី​របស់​ពួក​គេ​ក្នុង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន ស្ថានទូត​អូស្ត្រាលី បាន​ដាក់​ការ​ព្រួយ​បារម្ភ​ជា​ពិសេស​លើ​ការ​ចាប់​ខ្លួន​លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី ៣ កញ្ញា ថា គឺ​ជា​ការ​បង្ហាញ​នូវ​ការ​វិវត្តន៍​កាន់​តែ​អាក្រក់​ទៅ​នៃ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​មុន​ពេល​បោះ​ឆ្នោត​ជាតិ​ នា​ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ។

ក្រៅ​ពី​នេះ​ប្រតិកម្ម​ពី​បណ្តា​ប្រទេស​ធំ​ខាង​លើ​នេះ​ហើយ ក៏​មាន​ដែរ​ប្រតិកម្ម​មក​ពី​សហភាព​អឺរ៉ុប (EU) ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ខាង​សិទ្ធិ​មនុស្ស (United Nations Human Rights), អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International), អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Right Watch) និង អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សភា​អាស៊ាន​ជា​ដើម។ សហគមន៍​អន្តរជាតិ​ទាំង​នេះ​ សុទ្ធ​សឹង​តែ​បាន​លើក​ឡើង​ពី​ក្តី​ព្រួយ​បារម្ភ​របស់​ខ្លួន ចំពោះ​សភាពការណ៍​ចុង​ក្រោយ​បង្អស់​នៅ​កម្ពុជា និង​បាន​ជម្រុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា ចាត់​វិធានការណ៍​ចាំ​បាច់​នានា ដើម្បី​ធានា​រក្សា​នូវ​លម្ហ​លទ្ធិប្រជាធិបតេយ្យ នៅ​ក្នុង​ប្រទេស​នេះ​ឡើង​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ