អានតួអត្ថបទ
កម្ពុជា

យុវជន​ដែល​ស្រឡាញ់​បរិស្ថាន ធ្វើ​សកម្មភាព​ច្រើន ​ជាង​សម្តី

​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ យុវជន​ប្រមាណ​ជា​៣០០​នាក់​ ដើរ​រើស​សំរាម​នៅ​មុខ​ព្រះរាជវាំង ​តាម​ទីផ្សារ​ និង​តំបន់​មាត់​ទន្លេ។ ជា​សកម្មភាព​ដែល​រៀប​ចំ​ដោយ​ក្រុម​បណ្តាញ​យុវជន​ស្ម័គ្រ​ចិត្ត និង​ក្រុម​សមាគម​ដែល​ស្រឡាញ់​បរិស្ថាន។ ជា​ការ​កត់​សម្គាល់ គេ​មើល​ឃើញ​ថា សម្រាប់​ទិវា​បរិស្ថាន​ឆ្នាំ​នេះ​ យុវជន​ដែល​ស្រឡាញ់​បរិស្ថាន​ ធ្វើ​សកម្មភាព​ច្រើន​ជាង​សម្តី។​ គួរ​រម្លឹក​ដែរ​ថា​ ​សាលាក្រុង​និង​ក្រសួង​បរិស្ថាន ក៏​រៀប​ចំ​សកម្មភាព​ដូច​គ្នា​នេះ​ផង​ដែរ​ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ។

យុវជន​​ប្រមូល​សំរាម​ និង​​ប្រមូល​ផ្តុំ​គ្នា​​នៅ​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ។​
យុវជន​​ប្រមូល​សំរាម​ និង​​ប្រមូល​ផ្តុំ​គ្នា​​នៅ​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ។​ សហការី
ផ្សាយពាណិជ្ជកម្ម

ដើម​ខែ​មិថុនា​នេះ​ ជា​រយៈ​ពេល​នៃ​ទិវា​បរិស្ថាន​ពិភពលោក។​ នៅក្រុង​ភ្នំពេញ​ យុវជន​ប្រមាណ​ជា​៣០០​នាក់ បាន​ចែក​ជា​៣ក្រុម​ ដែល​ក្រុម​ទី១ ​ត្រូវ​ដើរ​រើស​សំរាម​ពី​គល់​ស្ពាន​ជ្រោយ​ចង្វារ ​ដល់​ផ្សារ​រាត្រី។​ ក្រុម​ទី២ សម្អាត​សំរាម​ពី​ទីផ្សារ​ចាស់​ ដល់​ផ្សារ​កណ្តាល។​ ចំណែក​ក្រុម​ទី​៣ ប្រមូល​សំរាម​ពី​មាត់​ទន្លេ ​ដល់​នៅ​មុខ​ព្រះ​រាជវាំង។ គឺ​ជា​សកម្មភាព​ស្ម័គ្រ​ចិត្ត​ ដែល​ផ្តួច​ផ្តើម​ដោយ​ក្រុម​បណ្តាញ​យុវជន និង​ក្រុម​អង្គការ​សមាគម​ជាង​១០​ដែល​ស្រឡាញ់​និង​ធ្វើការ​ផ្នែក​បរិស្ថាន។

 
បន្ទាប់​ពី​ប្រមូល​សំរាម​រួច ពួកគេ​នាំ​គ្នា​ជួបជុំ​នៅ​បរិវេណ​ទីលាន​ប្រជា​ធិបតេយ្យ។ ជាទី​ដែល​ក្រុម​អ្នក​ស្នេហា​បរិស្ថាន ដូច​ជា​តំបន់​ព្រៃឡង់ ធម្មជាតិ​តំបន់​អារ៉ែ និងតំណាង​សហគមន៍​រងគ្រោះ​ដោយសារ​ទំនប់​វារី​អគ្គិសនី​ដនសាហុង​ ទៅ​ប្រមូល​ផ្តុំ​គ្នា និង​រៀប​ចំ​វេទិវា​រួម​គ្នា​។ ការ​ជុំ​គ្នា​ពេញ​មួយ​ថ្ងៃ នៅ​ទីលាន​ប្រជា​ធិបតេយ្យ ក៏​មាន​ការ​ពិព័រណ៌​រូប​ថត​ស្តី​ពី​បរិស្ថាន​​ដែល​កំពុងតែ​រង​ការ​កាប់​បំផ្លាញ​។ ​រូប​ថត​រាប់​សិប​សន្លឹក គឺជា​ស្នាដៃ​របស់​យុវជន​ដែល​ទៅ​ថត​ដោយ​ផ្ទាល់។ មិន​តែប៉ុណ្ណោះ ក៏​មាន​ការ​ប្រលង​គូរ​គំរូ ដែល​យុវជន​​ប្រកួត​គ្នា​បញ្ចេញ​ស្នាដៃ​ស្តីពីបរិស្ថាន​ផង​ដែរ។​

ជា​ការ​កត់​សម្គាល់​ចំពោះ​ទិវាបរិស្ថានពិភពលោកដើម​ខែ​មិថុនា​ឆ្នាំ​នេះ គេ​សង្កេត​ឃើញ​ថា ក្រុម​យុវជន​ដែល​ស្រឡាញ់​បរិស្ថាន​ បាន​ចេញ​ធ្វើ​សកម្មភាព​ដោយ​ផ្ទាល់​ច្រើន​ជាង​សម្តី ឬ​ស្រែក​ទាមទារ​ បន្ទោស​រដ្ឋាភិបាល​ឬក្រុម​ហ៊ុន​នានា​ តាម​វេទិកា​សាធារណៈ​ផ្សេងៗ។ ក៏​ប៉ុន្តែ ទោះ​យ៉ាងណា ​នៅ​ក្នុងការ​ជួប​ជុំ​គ្នា​នោះ ក៏​នៅតែមាន​ការ​​អំពាវ​វនា​វ​ឲ្យ​​បញ្ឈប់​គម្រោង​សាង​សង់​វារី​អគ្គិសនី​នៅ​តំបន់​អារ៉ែង ​នៅ​ដនសាហុង​ និង​សេសាន​ក្រោម​២ ព្រ​មទាំង​បញ្ចប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់។​

គួរ​រម្លឹក​ដែរថា កាល​ថ្ងៃ​ទី​៥​កន្លង​ទៅ​នេះ ​សាលា​រាជធានី​ ខណ្ឌ​ទាំង​១២​ សហការ​ជាមួយ​ក្រសួង​បរិស្ថាន​ បាន​ រៀបចំ​សកម្មភាព​សម្អាត​អនាម័យ ​និង​បរិស្ថាន​ ក្នុង​រាជធានី។ សកម្មភាព​ដើរ​សំរាម​ដែរ ដោយ​បាន​ការ​ចូលរួម​ពី​ព្រះសង្ឃ​ សិស្ស​និស្សិត ក្រុម​កុមារ​កាកបាទ​ក្រហម ​និង​ក្រុម​កាយរិទ្ធ​ ព្រម​ទាំង​អាជីវករ​តាម​ទីផ្សារ​ជា​ដើម​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ