ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT
កម្ពុជា

ថ្ងៃនារី​អន្តរជាតិ​ធ្វើ​ឡើង​ដោយ​ក្រុម​សង្គម​ស៊ីវិល ត្រូវ​បាន​អាជ្ញាធរ​រឹត​បន្តឹង​

media  
ក្រុមសហជីព សមាគម និងអង្គការសង្គមស៊ីវិល រៀប​ចំទិវានារី​អន្តរ​ជាតិ​ឆ្នាំ​២០១៩​ RFI-PHEARAK

​ក្រុម​សហជីព សមាគម និង​អង្គការ​សង្គម​ស៊ីវិល ប្រមាណ​៤០០​នាក់​នៅ​ព្រឹក​នេះ បាន​រៀប​ចំទិ​វានារី​អន្តរ​ជាតិ ដោយ​ប្រមូល​ផ្តុំ​គ្នា​នៅ​ពហុកីឡ​ដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​ដាក់​ញត្តិ​ឲ្យ​រដ្ឋាភិបាល​អន្តរាគម​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន ដែល​ពួក​គេ​កំពុង​ជួប​ប្រទះ​។ ការ​ប្រមូល​ផ្តុំ​នេះ ត្រូវ​បាន​រឹត​បន្តឹង​មិន​ឲ្យ​មាន​ការ​ហែក្បួន ដោយ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​។

 

​ក្រុម​សហជីព សមាគម និង​អង្គការ​សង្គម​ស៊ីវិល ភាគ​ច្រើន​ជា​ស្ត្រី​បាន​ប្រើ​ប្រាស់​ឆ័ត្រ និង​ក្រណាត់​ជួត​ក្បាល​ពណ៌​ទឹក​ក្រូច ហើយ​កាន់​បដា​ក្នុង​ន័យ​អំពាវនាវ​ឲ្យ​មាន​ការ​គោរពសិទ្ធិ​ស្ត្រី និង​ដោះ​ស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន​របស់​ស្ត្រី ក្នុង​ឱកាស​ទិវានារី​អន្តរជាតិ​៨​មីនា​ខួប​ទី១០៨​ក្នុង​ឆ្នាំ ២០១៩​។

សកម្មភាព​នេះ ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​ប្រមាណ​២០០​នាក់​ឈរពាំង​មិន​ឲ្យ​ពួក​គាត់​ចេញ​មក​លើផ្លូវ ហើយ​ដោយ​ឡែក​មួយ​ក្រុម​ទៀត ដែល​ស្ថិត​ខាង​ក្នុង​បរិវេណ​នៃ​ពហុកីឡដ្ឋាន​ជាតិ ត្រូវ​បាន​អាជ្ញាធរ​បិទទ្វារ​មិន​ឲ្យ​ចេញ​មក​ខាង​ក្រៅ​។ បន្តែ​ក្រោយ​ពី​មាន​ការ​ចរចា​រវាង​តំណាង​សាលាក្រុង​ភ្នំពេញ និង​អ្នក​រៀបចំ​កម្មវិធី អ្នកចូល​រួម ដែល​នៅ​ខាង​ក្រៅ​របង​ពហុកីឡ​ដ្ឋាន បាន​សម្រេច​ចូល​ទៅ​ខាង​ក្នុង​បរិវេណ​ពហុកីឡដា្ឋន​ជាតិ​វិញ​។

លោក​ស្រី ប៊ុន រចនា នាយិកា​អង្គការ​ក្លាហាន​ដែល​បាន​ចូលរួម​ក្នុង​ទិវានារី​អន្តរជាតិ​នេះ បាន​ថ្លែង​ថា លោក​ស្រី​មិន​មាន​ការ​ខកចិត្ត​អ្វី​ទេ ចំពោះ​ការ​រារាំង​មិន​ឲ្យ​មាន​ការ​ហែក្បួន ប៉ុន្តែ​លោក​ស្រី​សង្ឃឹម​ថា​ថ្ងៃ​ក្រោយ​នឹង​មាន​ការ​យោគយល់​គ្នា​រវាង​អ្នក​រៀបចំ​កម្មវិធី និង​អាជ្ញាធរ​កាន់​តែ​ច្រើន​ជាង​ពេល​នេះ​។ លោកស្រី​បន្ត​ថា​ បន្ទាប់​ពី​មាន​ការ​រារាំង​ពី​អាជ្ញាធរ ក៏​មាន​ការ​ជួយ​សម្រប​សម្រួល​ខ្លះ ដែល​អាច​ចាត់​ទុក​ថា​ជា​ការ​សម្បទាន​ពីអាជ្ញាធរ​ក្នុង​ឱកាស​នារី​អន្តរ​ជាតិ​។​

លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ ដែល​បាន​ឃ្លាំមើល​ការ​ប្រារព្ធទិវា​នារី​អន្តរ​ជាតិ​នា​ថ្ងៃ​នេះ​បាន​បញ្ជាក់​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា ទោះបី​ការ​ប្រារព្វ​ទិវា​នារី​អន្តរ​ជាតិ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពហុកីឡដ្ឋាន​ជាតិ​ក៏​ដោយ ប៉ុន្តែ​ខុស​ពី​ឆន្ទៈ​របស់​អ្នក​រៀប​ចំ​កម្មវិធី ដែល​ចង់​ហែញត្តិ​ដាក់​នៅ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​។ លោក​បន្ថែម​ថា​នេះ​គឺ​ជា​ការ​រំលោភ​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ជុំ និង​ការ​ដង្ហែ​ក្បួន​ដោយ​សន្តិវិធី ដែល​បាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​។

លោក ម៉េត មាសភក្តី អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា សាលាក្រុង​ភ្នំ​ពេញ​អនុញ្ញាត និង​សាទរ​ឲ្យ​ប្រារព្ធ​ទិវា​នារី​អន្តរ​ជាតិ ៨មីនា ​ក៏​ប៉ុន្តែ​ត្រូវ​ធ្វើ​នៅ​ទីតាំង ឯកជន​ឬ​ស្នាក់​ការ​របស់​សមាគម និង​អង្គការ​ទាំង​នោះ ដោយ​មិន​ឲ្យ​មាន​ការ​ហែក្បួន ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ និង​ចរាចរណ៍​ជា​ដើម​។ លោក ម៉េត មាសភក្តី បាន​បញ្ជាក់​ថា ការ​រារាំង​មិន​ឲ្យ​មាន​ការ​ហែក្បួន​នាព្រឹក​ថ្ងៃទី​០៨ ខែ​មីនា​នេះ គឺ​ដោយ​សារ​តែ​មាន​ការ​ឯកភាព​ជា​មួយ​អ្នក​រៀប​ចំ​កម្មវិធី​។

សូម​បញ្ជាក់​ថា​ញតិ្ត​ដែល​ត្រូវ​ដាក់​ទៅ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​មាន​បញ្ហា​របស់​ស្ត្រី​ចំនួន​៧។ នេះ​បើ​តាម​លោក​ស្រី ប៊ុន រចនា នាយិកា​អង្គការ​ក្លាហាន។ លោក​ស្រី​បន្ថែម​ថា​បញ្ហា​ទាំង​នោះ​រួម​មានៈ បង្កើត​កន្លែង​មើល​ក្មេង​នៅ​កន្លែង​ការងារ, ស្នើ​ឲ្យ​មាន​ការ​កែ​ទម្រង់​លើ​វិស័យ​ដឹក​ជញ្ជូន​សម្រាប់​ស្ត្រី​ធ្វើ​ការ​ក្នុង​វិស័យ​កាត់​ដេរ, បង្កើត​ជម្រក​សុវត្ថិភាព​សម្រាប់​ស្ត្រី ដែល​រង​គ្រោះ​ដោយ​អំពើ​ហិង្សា, លុប​បំបាត់​នូវ​ការ​រើស​អើង​គ្រប់​ទម្រង់​លើ​ស្រ្តី, បង្កើត​យន្តការ​ការពារ​ស្ត្រី ដែល​ធ្វើ​ការងារ​តាម​ផ្ទះ, និង​បង្កើត​យន្តការ​ការពារ​សម្រាប់​ពលករ​ចំណាក​ស្រុក​៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ