ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 28/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 28/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 27/05 12h00 GMT
កម្ពុជា

IPU​ចេញ​សេចក្តី​សម្រេច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ​រស់​ឡើង​វិញ

media  
សហភាព​អន្តរសភា ឬ ហៅ​កាត់​ថា IPU @សហការី

សហភាព​អន្តរសភា ឬ ហៅ​កាត់​ថា IPU ដែល​មាន​សមាជិក​១៧៤​ប្រទេស សម្រេច​ចាត់​ការ​តាម​បណ្ដឹង​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នៅ​កម្ពុជា។ គឺ​ជា​បណ្តឹង​ដែល​សុំ​អន្តរាគមន៍ ជុំវិញ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​នីតិ​សម្បទា ដល់​តំណាង​រាស្ត្រ​ទាំង ៥៥​រូប​វិញ និង​លុប​ចោល​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ នេះ​បើ​តាម​សេចក្តី​សម្រេច​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៦​កុម្ភៈ នេះ បន្ទាប់​ពី​បាន​អនុម័ត​ក្នុង​សម័យ​ប្រជុំ ពី​ថ្ងៃ​ទី​២៥ ខែ​មករា ដល់​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ ២០១៨ របស់​សហភាព​អន្តរ​សភា នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។

​​ការ​ចេញ​សេចក្តី​សម្រេច​បែប​នេះ របស់​សហភាព​អន្តរ​សភា​ឬ​IPU​មិន​មែន​ធ្វើ​តែ​ចំពោះ​ប្រទេស​​កម្ពុជា​​មួយ​ប៉ុណ្ណោះ​ទេ​គឺ​IPU បាន​អនុម័ត​ដំណោះ​ស្រាយ​លើ​ករណី​រំលោភ​ចំនួន​១៨​លើក ប្រឆាំង​នឹង​សមាជិក​សភា​ចំនួន ២៥២ រូប​នៅ​ក្នុង​ប្រទេស​ចំនួន​១៤។ ជា​រួម​មាន ប្រទេស​Venezuela កូរ៉េ​ខាង​ជើង កូឡុំប៊ី អ៊ីរ៉ាក់ លីបង់ នីការ៉ាហ្គ័រ ហ្សីមបាវ៉េ និង​កម្ពុជា​ជា​ដើម។

សម្រាប់​ករណី​ប្រទេស​កម្ពុជា ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​ដែល​មាន​សមាជិក​រហូត​១៧៤​ប្រទេស​ បាន​សម្រេច​ទទួល​យក​បណ្ដឹង របស់​តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ ដោយ​ចាត់​ទុក​ថា​ជា​បាន​ការ និង​ថា​សហភាព​អន្តរ​សភា​IPU​មាន​សមត្ថកិច្ច ក្នុង​ការ​ជួយ​រក​អន្តរាគមន៍ ដើម្បី​រក​ដំណោះ​ស្រាយ​ចំពោះ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ពេល​នេះ។​ សេចក្ដី​សម្រេច​ដដែល​នេះ ស្នើ​ឲ្យ​ស្ថាប័ន​អភិបាលកិច្ច របស់​សហភាព​អន្តរ​សភា​ទាំង​អស់ ចាត់​ការ​បន្ទាន់ ក្នុង​ការ​ត្រួត​​ពិនិត្យ​ឡើង​វិញ នូវ​ស្ថានការណ៍​នៅ​កម្ពុជា និង​អញ្ជើញ​សហគមន៍​សភា​ពិភព​លោក និង​ភាគី​ដែល​ពាក់​ព័ន្ធ​ទាំង​អស់ នៅ​លើ​ឆាក​អន្តរជាតិ ចូល​រួម​ប្រឹង​ប្រែង រក​ដំណោះ​ស្រាយ ដើម្បី​ស្តារ​ស្ថានការណ៍​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ជាមួយ​គ្នា​នោះ​ផង​ដែរ IPU ក៏​ទទូច​ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​គ្រប់​រូបភាព មក​លើ​គណបក្ស​ប្រឆាំង និង​ធានា​សុវត្ថិភាព ដល់​មន្ត្រី​គណបក្ស​ប្រឆាំង ដើម្បី​ឲ្យ​ពួកគេ អាច​វិល​ត្រឡប់​ទៅ​​កម្ពុជា​វិញ ដោយ​គ្មាន​ការ​ធ្វើ​បាប និង​អាច​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​មួយ​ប្រកប​ដោយ​ភាព​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌។

​ប៉ុន្តែ​ការ​សន្និដ្ឋាន​របស់ IPU មក​លើ​សភាពការណ៍​កម្ពុជា មិន​បាន​ផ្សា​ភ្ជាប់​នឹង​តថភាព​សង្គម​របស់​កម្ពុជា​ទេ។ នេះ​ជា​ប្រតិកម្ម​របស់ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា។ នៅ​លើ​បណ្តាញ​ទំនាក់​ទំនង Telegram លោក សុខ ឥសាន សរសេរ​ថា គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល គឺ​បណ្តាល​មក​ពី​បាន​ប្រព្រឹត្ត​បទ​ល្មើស​ក្បត់​ជាតិ ឃុប​ឃិត​ជាមួយ​បរទេស​ចង់​បំផ្លាញ​ប្រទេស​ជាតិ​ខ្លួន​ឯង។

អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ដដែល​ថែម​ទាំង​ចោទ​សួរ​ទៅ​IPU​វិញ​ថា បើ​មាន​កំហុស​ធំ​យ៉ាង​នេះ​ហើយ​តើ​រដ្ឋាភិបាល​ប្រទេស​ណា​អាច​អនុគ្រោះ​ឲ្យ​បាន​នោះ? បើ​តាម លោក សុខ ឥសាន ការ​មាន​មតិ​របស់ សភា​IPU​គឺ​ជា​សិទ្ធិ​មាន​មតិ​ផ្ទាល់ តែ​មតិ​ដែល​រំលោភ​លើ​ឯករាជ្យ និង អធិបតេយ្យ​ភាព​កម្ពុជា មិន​អាច​ទទួល​យក​បាន និង​មិន​មាន​ប្រសិទ្ធភាព​នោះ​ឡើយ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ