អានតួអត្ថបទ
កម្ពុជា

តម្លាភាព​​កម្ពុជា​៖ អំពើពុក​រលួយ​​ទៅ​លើ​​សហគ្រាស​​ធុន​តូច​ និង​​មធ្យម​ ធ្វើ​ឲ្យ​​គ្មាន​​សុចរិតភាព​​អាជីវកម្ម​

អង្គការ​តម្លាភាព​កម្ពុ​ជា ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា រួមជាមួយ​ក្រសួងពាណិជ្ជកម្ម​ផង នៅ​ថ្ងៃ​ពុធ ទី ២៧ឧសភា​នេះ បានធ្វើ​សន្និសីទ​ថ្នាក់ជាតិ​មួយ ស្តីពី «សុ​ចរិតភាព​ធុរកិច្ច» នៅ​សណ្ឋាគារ Inter-Continental ក្រុងភ្នំពេញ ។ ក្រៅពី​សន្និសីទ​នេះ ក៏មាន​ការចេញផ្សាយរ​បាយ​ការណ៍​ថ្មី​មួយ ដែល​សរសេរ​ដោយ Destination Justice ស្តីពី ផលប៉ះពាល់​នៃ​អំពើ​ពុក​រលួយ​ទៅលើ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា។ តាម​របាយការណ៍​នោះ បាន​បង្ហាញ​ថា អំពើពុករលួយ បានធ្វើ​ឲ្យ​សហ​គ្រាន​ធុន​តូច និង​មធ្យម ហៅ​កាត់​ថា SME ពុំ​សូវ​មានការ​យល់ដឹង​ពី​សុ​ចរិតភាព​នៅក្នុង​អាជីវកម្ម។

សន្និសីទថ្នាក់ជាតិមួយ ស្តីពី «សុចរិតភាពធុរកិច្ច»នៅថ្ងៃនេះ។
សន្និសីទថ្នាក់ជាតិមួយ ស្តីពី «សុចរិតភាពធុរកិច្ច»នៅថ្ងៃនេះ។ RFI
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​ដែលជា​លទ្ធផល​បានមកពី​ការស្រាវជ្រាវ និង​បទសម្ភាសន៍ នាយក​ប្រតិបត្តិ និង​អ្នកគ្រប់គ្រង​ទូទៅ​សហគ្រាស​ធុន​តូច និង​មធ្យម (SME) ជាង ១០០នាក់បាន​បង្ហាញថា SME ជាច្រើន​ពុំ​សូវ​មានការ​យល់ដឹង​ពី​សុ​ចរិតភាព​អាជីវកម្ម​នោះទេ ហើយ​ក្រុមហ៊ុន​ទាំងនេះ ជា​និច្ច​កាល​​មិនមាន​វិធី​ណាមួយ​ផ្សេងទៀត​ជាង​ការ​ងាក​ទៅរក​ការ​សូកប៉ាន់ ដើម្បី​ទ្រទ្រង់​អាជីវកម្ម​របស់ខ្លួន។ ការ​សូកប៉ាន់ ដែលជា​ផ្នែក​មួយ​នៃ​អំពើពុករលួយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ការអនុវត្ត​គោលការណ៍​ច្បាប់ និង​ការប្រកួតប្រជែង នៅក្នុង​អាជីវកម្ម ក្នុងប្រទេស​កម្ពុជា។

របាយការណ៍ ក៏បាន​បង្ហាញថា «ប្រាក់​ទឹកតែ» ក៏​ជា​តថភាព​មួយ មិនអាច​ចៀសបាន សម្រាប់​សហគ្រាស​ធុន​តូន និង​មធ្យម​នៅ​កម្ពុជា​ផងដែរ ជាពិសេស​គឺ​អាជីវកម្ម​ខា្ន​ត​តូច។ តាម​ការ​ស្ទង់​មតិ បង្ហាញថា SME ចូលចិត្ត​ប្រតិបត្តិការ​ក្រៅផ្លូវការ។ ក្នុងចំណោម​សហគ្រាស ១០០ មានតែ ៦១ប៉ុណ្ណោះ ដែល​បាន​ចុះបញ្ជី​ជាមួយ​ក្រសួងពាណិជ្ជកម្ម ឬ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត។ ជិត​ពាក់​កណ្តាល បាន​បង់ថ្លៃ​សេវា​ក្រៅផ្លូវការ នៅពេល​ចុះបញ្ជី ក្នុងពេល​មាន​អធិការកិច្ច។ មួយ​ភាគបី បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​នេះ។ ​អ្នក​ឆ្លើយតប​ជាច្រើន បាន​លើកឡើងថា មន្ត្រី​រាជ​ការ​ទទួល​ប្រាក់​សំណូក ពីព្រោះ​ពួកគេ​ទទួលបាន​ប្រាក់ខែ​ទាប។

តាម​ការស្រាវជ្រាវ បានបញ្ជាក់​បន្តថា មូលហេតុ ដែល​បង្ក​ឲ្យ​មាន​អំពើពុករលួយ ក៏​ព្រោះតែ​កម្ពុ​ជាមាន​វប្បធម៌​ពុករលួយ​ជា​យូរ​មកហើយ។ ហើយ​ការអនុវត្ត​ច្បាប់ ក៏​នៅមានកម្រិត​ទាប ពិសេស​គឺ​កង្វះ​ឯករាជ្យភាព និង​ប្រសិទ្ធិភាព​នៃ​ប្រព័ន្ធតុលាការ។ និង​ប្រាក់​បៀរ​វត្ស​ទាប​របស់​បុគ្គលិក​ការងារ ក៏​ជា​បញ្ហា​ចម្បង​ផងដែរ។

លោក​ឱក សេរី សោ​ភក្តិ៍ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​តម្លាភាព​កម្ពុជា បានផ្តល់​អនុសាសន៍​ថា ដើម្បី​កាត់បន្ថយ​អំពើពុករលួយ​ក្នុង​វិស័យ​អាជីវ​កម្មនេះ រដ្ឋាភិបាល គួរតែមាន​កំណែទម្រង់​ចំពោះ​ប្រព័ន្ធតុលាការ ដើម្បី​ឲ្យ​វិនិយោគិន​បរទេស ដែល​មក​វិនិយោគ​នៅ​កម្ពុជា មាន​ទំនុកចិត្ត ចំពោះ​ការប្រកប​របប​រកស៊ី​របស់​ពួកគេ។ ត្រូវមាន​ការបង្ហាញ​ព័ត៌មាន ពី​តំលៃ​ចុះបញ្ជី ឬ​តំលៃផ្សេងៗជា​សាធារណៈ។ ពិសេស​ត្រូវមាន​តម្លាភាព​គ្រប់គ្រាន់ ក្នុងការ​អនុវត្ត​ច្បាប់ និង​ត្រូវ​ផ្ត​ន្ទ​ទោស​ចំពោះ​អ្នកប្រព្រឹត្ត​អំពើពុករលួយ ទោះបីជា​ពួកគេ​ជា​មន្ត្រីរាជការ​ក៏ដោយ។

តំណាង​ក្រសួងពាណិជ្ជកម្ម បាន​ឡើង​ថ្លែងថា បច្ចុប្បន្ន​ក្រសួងពាណិជ្ជកម្ម កំពុងតែ​ធ្វើ​កំណែ​ទម្រង់​ថ្មី ដើម្បី​ឲ្យ​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​កម្ពុជា មានការ​រីកចម្រើន​ទៅមុខ។ គ្រប់ភាគី​ចូលរួម ចង់ឃើញ​អាជីវកម្ម​ទាំង​ខ្នាតតូច នៅ​កម្ពុជា គួរ​ត្រូវ​លើកទឹកចិត្ត និង​ទទួលបាន​ការគាំទ្រ ក្នុង​ការខិតខំ​ប្រឹងប្រែង ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ