អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ខាត​បង់​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ បណ្តាល​មក​ពី​ផល​វិបាក​នៃ​អំពើ​ហិង្សា​លើ​កុមារ

កម្ពុជា​ទទួល​រង​ការ​ខាត​បង់​សេដ្ឋកិច្ច​ជា​ទឹក​ប្រាក់​ចំនួន​១៦១ លាន​ដុល្លារ​អាមេរិក ដែល​ជា​ផល​វិបាក​ផ្នែក​សុខភាព​បណ្តាល​មក​ពី​អំពើ​ហិង្សា​លើ​កុមារ។ នេះ​បើ​តាម​ការ​ប៉ាន់​ស្មាន​របស់​អង្គការ​មូលនិធិ​អង្គការ​សហប្រជាជាតិ​សម្រាប់​កុមារ​ឆ្នាំ​២០១៣ និង​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ ដោយ​អង្គការ​ទស្សនៈ​ពិភព​លោក​ក្នុង​ពេល​បើក​យុទ្ធានាការ It Takes a World ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​កុមារ នៅ​កម្ពុជា​នៅ​ថ្ងៃ​នេះ។

​យុទ្ធានាការ It Takes a World ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​កុមារ
​យុទ្ធានាការ It Takes a World ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​កុមារ @សហការី
ផ្សាយពាណិជ្ជកម្ម

អង្គការ​ទស្សនៈ​ពិភព​លោក​ក្នុង​ឱកាស​បើក​យុទ្ធនាការ “It Takes a World ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​កុមារ” នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រមាណ​៧៥​ភាគ​រយ​ជួប​ប្រទះ​អំពើ​ហិង្សា​យ៉ាង​ហោច​ណាស់​មួយ​ទម្រង់​មុន​ពេល​ពួក​​គេ​មាន​អាយុ​១៨​ឆ្នាំ។ ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ​មួយ​បង្ហាញ​ថា កុមារ​កម្ពុជា​ច្រើន​ជាង​៥០​ភាគ​រយ ទទួល​រង​នូវ​អំពើ​ហិង្សា​លើ​រូប​រាង​កាយ ២៥​ភាគ​រយ ទទួល​រង​អំពើ​ហិង្សា​ផ្នែក​ផ្លូវ​ចិត្ត និង​ប្រមាណ​៥​ភាគ​រយ​ទទួល​រង​នូវ​អំពើ​ហិង្សា​ផ្នែក​ផ្លូវ​ភេទ។

លោក​ស្រី ជីល រេម័រ ប្រធាន​បច្ចេកទេស​ផ្នែក​អប់​រំ និង​បំនិន​ជីវិត​របស់​អង្គការ​ទស្សនៈ​ពិភព​លោក​បាន​ថ្លែង​តាម​រយៈ​សេច​ក្តី​ថ្លែង​ការណ៍​ថា “អំពើ​ហិង្សា​មាន​ឥទ្ធិពល​អាក្រក់​ទៅ​លើ​ការ​អភិវឌ្ឍន៍​ផ្នែក​សតិ​អារម្មណ៍​ផ្លូវ​ចិត្ត និង​ភាសា​របស់​កុមារ។ លោក​បន្ថែម​ថា អាច​អំពើ​ហិង្សា​អាច​មាន​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ដល់​ទំនាក់​ទំនង​សង្គម និង​ការ​សិក្សា​របស់​កុមារ​ដែរ។

លោក​ស្រី ជា លីដា ប្រធាន​យុទ្ធនាការ It Takes a World បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​ថា យុទ្ធនាការ​នេះ​គឺ​ជា​របស់​អង្គការ​ទស្សនៈ​ពិភព​លោក​អន្តរជាតិ ដែល​កំពុង​អនុវត្ត​នៅ​៨៥​ប្រទេស​ក្នុង​រយៈ​ពេល​៥​ឆ្នាំ។ សម្រាប់​ប្រទេស​កម្ពុជា​យុទ្ធនាការ​នេះ មាន​រយៈ​ពេល​៥​ឆ្នាំ ដែល​ផ្តោត​ទៅ​លើ​ការ​បញ្ឈប់​ហិង្សា​លើ​កុមារ​នៅ​ផ្ទះ និង​នៅ​សាលា​រៀន។

ប្រធាន​យុទ្ធនាការ It Takes a World នៅ​កម្ពុជា​បន្ថែម​ថា យុទ្ធនាការ​នេះ​ផ្តោត​លើ​កុមារ ដែល​ងាយ​រង​គ្រោះ​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​និយម​ន័យ​របស់​អង្គការ​ទស្សនៈ​ពិភព​លោក។ លោក​ស្រី​បាន​លើក​ឡើង​ដោយ​ដក​ស្រង់​និយម​ន័យ​របស់​អង្គការ​ទស្សនៈ​ពិភព​លោក​ថា កុមារ​ដែល​ងាយ​រង​គ្រោះ គឺ​ជា​កុមារ​ស្ថិត​ក្នុង​ទំនាក់​ទំនង ដែល​មាន​ការ​កេង​ប្រវ័ញ្ច​ខ្ពស់ កុមារ​ដែល​ត្រូវ​បាន​បោះ​បង់​ចោល កុមារ​ដែល​រស់​នៅ​ក្នុង​បរិយាកាស ដែល​គេ​រើស​អើង និង​កុមារ ដែល​ងាយ​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ។

អង្គការ​ទស្សនៈ​ពិភព​លោក​បាន​បញ្ជាក់​ថា​ខ្លួន​នឹង​ធ្វើ​ជាមួយ​ឪពុក​ម្តាយ គ្រួ​បង្រៀន សហគមន៍ និង​សាធារណៈ​ជន​ទូទៅ​ដើម្បី​ផ្លាស់​ប្តូរ​ឥរិយាបទ និង​ទម្លាប់ ដើម្បី​ការពារ​កុមារ​ពី​អំពើ​ហិង្សា និង​ការ​លើក​ទឹក​ចិត្ត​ការ​អប់​រំ​បែប​វិជ្ជមាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ