លោក ហង្ស ពុទ្ធា ៖ គជប ទទួលស្គាល់គណបក្សនយោបាយ ១២ និងបេក្ខជនជិត ៩ម៉ឺននាក់ រួចហើយ សម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧នេះ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៣៣
ភ្ញៀវប្រចាំថ្ងៃ របស់វិទ្យុបារាំងអន្តរជាតិនៅយប់នេះ គឺលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត (គជប)។ យ៉ាងហោចណាស់មាន គណបក្សនយោបាយសរុប ១២ បានចុះបញ្ជីគណបក្សចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណតិ្តទី៤ ឆ្នាំ២០១៧ ហើយ គជប ក៏បានទទួលស្គាល់ជាបឋម នូវបេក្ខជនសរុបជាង ៨៨.២១៦នាក់ ដោយក្នុងនោះមាន ស្រ្តី ជាង ២៥% (ស្រ្តី សរុប ២២.៦២៧នាក់)។ អ្នកនាំពាក្យ គជប បានថ្លែងថា អំឡុងពេលទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយត្រឹមរយះពេល ៣ថ្ងៃកន្លងមកនេះ មិនមានការប្រទាំងប្រទើសទាក់ទងនឹងនីតិវិធីចុះឈ្មោះបេក្ខជនទេ តែមានការប្រជែងដណ្តើមយកឈ្មោះបេក្ខជនតែមួយ ពីគណបក្សនយោបាយផ្សេងគ្នាទៅវិញ។ ជុំវិញបញ្ហានេះ លោក ហង្ស ពុទ្ធា បញ្ជាក់ថា បើសិនជា គណបក្សនយោបាយមិនអាចសម្របសម្រួលគ្នាបានទេ នោះ គជប នឹងលុបរាល់បេក្ខជនឈ្មោះស្ទួន ចេញពីបញ្ជីគណបក្សនយោបាយទាំងពីរតែម្តង។