អានតួអត្ថបទ
កម្ពុជា-ជប៉ុន

នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​សង្ឃឹម​ថា​កម្ពុជា​បន្ត​លើក​កម្ពស់​ដំណើរ​ការ​ប្រជាធិប​តេយ្យ

លោក ស៊ិនហ្សូ អាបេ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន កាលពី​ថ្ងៃ​ចន្ទ ទី៨ ខែតុលា បាន​រំពឹង​ថា ប្រទេស​កម្ពុជា​នឹង​បន្តលើក​កម្ពស់​ដំណើរ​ការ​ប្រជាធិប​តេយ្យ។ ជា​ការ​រំពឹង​ទុក​របស់​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន ខណៈ​លោក​ខាង​លិច បន្ត​រិះគន់​ពី​ដំណើរ​ការ​លទ្ធិ​ប្រជាធិប​តេយ្យ និង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ស៊ិនហ្សូ អាបេ
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ស៊ិនហ្សូ អាបេ FB: SPM
ផ្សាយពាណិជ្ជកម្ម

ក្នុង​ឱកាស​សន្និសីទ​កាសែត​រួម​គ្នា​ជា​មួយ​សមភាគី​របស់​លោក គឺ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន កាល​ពី​ថ្ងៃទី០៨ ខែតុលា លោក ស៊ិនហ្ស៊ូ អាបេ តាម​រយៈ​អ្នក​បក​ប្រែ លើក​ឡើង​ថា​ប្រទេស​ជប៉ុន​រំពឹង​ទុក​ថា​កម្ពុជា​នឹង​មាន​ការ​អភិវឌ្ឍ​យ៉ាង​រឹងមាំ​បន្ថែម​ទៀត តាម​រយៈការ​រួបរួម​គ្នា​របស់​ប្រជាជន​កម្ពុជា​ទាំង​អស់ ហើយ​បន្ត​លើក​កម្ពស់​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​។

លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន បន្ថែម​ថា​ប្រទេស​ជប៉ុន នឹង​អញ្ជើញ​តំណាង​អ្នក​នយោបាយ​វ័យ​ក្មេង​នៃ​គណបក្ស​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា និង​មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)ទៅ​ប្រទេស​ជប៉ុន ដើម្បី​ពិនិត្យ​មើល​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នេះ។ បន្ថែម​ពី​នេះ ជប៉ុន​ក៏​មាន​គោល​ដៅ​ពង្រឹង​តម្លាភាព និង​ភាព​ត្រឹមត្រូវ​នៃ​ដំណើរការ​របស់​ស្ថាប័ន​យុត្តិធម៌​កម្ពុជា​ផង​ដែរ​។

លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ដែល​បាន​កាន់​អំណាច​រយៈពេល​៣៣ឆ្នាំ​មក​ហើយ បាន​ឈ្នះ​ឆ្នោត​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ជា​ថ្មី​ទៀត ​នៅ​ក្នុង​ការ​បោះ​ឆ្នោត កាល​ពី​ខែ​កក្កដា កន្លង​ទៅ​។ ជា​ការ​បោះឆ្នោត​ ដែល​មិន​មាន​វត្តមាន​អ្នក​សង្កេត​ការណ៍​របស់​ជប៉ុន​ចូល​រួម​នោះ​ទេ ទោះបីជា​ប្រទេស​នេះ បាន​ឧបត្ថម​ដល់​គ.ជ.ប​ក៏ដោយ។

រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន កំពុង​រង​ការ​រិះគន់​ពី​លោក​ខាង​លិច និង​ប្រឈម​វិធាន​ការ​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់ ជា​ពិសេស​ពី​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ឆ្លើយ​តប​នឹង​បញ្ហា​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​រយៈពេល​ចុង​ក្រោយ​នេះ​។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន ក្នុង​ឱកាស​សន្និសីទ​កាសែត​ជា​មួយ​លោក នាយក​រដ្ឋ​មន្ត្រី​ជប៉ុន ក៏​បាន​ថ្លែង​ឆ្លើយ​តប​ថា លោក​ពេញ​ចិត្ត​ចំពោះ​ការ​លើក​ឡើង​របស់ លោក ស៊ិនហ្ស៊ូ អាបេ ដែល​គ្រោង​អញ្ជើញ​តំណាង​អ្នក​នយោបាយ​វ័យ​ក្មេង​នៃ​គណបក្ស​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា និង​មន្ត្រី គ.ជ.ប ទៅ​ប្រទេស​ជប៉ុន​។

លោក ហ៊ុន សែន ថា​នេះ គឺ​ជា​វិធី​សាស្ត្រ​នៃ​ការ​កសាង​លទ្ធិប្រជាធិប​តេយ្យ​សម្រាប់​អនាគត​វែង​ឆ្ងាយ​របស់​ប្រទេស​កម្ពុជា​។ បន្ថែម​ពី​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​ស្នើ​សុំ​ប្រទេស​ជប៉ុន​ឲ្យ​បន្ត​ជួយ​ដល់​ការ​បោះឆ្នោត​របស់​កម្ពុជា​បន្ថែម​ទៀត ព្រោះ​ការ​បោះឆ្នោត​នៅ​អាណត្តិ​ក្រោយៗ​ទៀត នឹង​មិន​បញ្ចប់​ដូច​ឆ្នាំ​២០១៨​នេះ​ទេ​។

សូម​ជម្រាប​ជូន​ថា​ជំនួប​ដាច់​ដោយ​ឡែក​នៃ​មេដឹក​នាំ​កម្ពុជា ​និង​ជប៉ុន បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​កិច្ច​ប្រជុំ​កំពូល​មេគង្គ ជប៉ុន លើកទី១០ នៅ​ទីក្រុងតូក្យូ ប្រទេស​ជប៉ុន ដែល​មាន​ការ​ចូលរួម​ពី​មេដឹក​នាំ​ប្រទេស​ឡាវ ភូមា ថៃ និង​វៀតណាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ