អានតួអត្ថបទ
កម្ពុជា

ដើម្បី​បញ្ចប់​និទ្ទណ្ឌភាព យុវជន​ត្រូវ​ចូលរួម​ឲ្យ​សកម្ម

នៅ​ក្នុង​ការ​ជួបជុំ​ពិភាក្សា​មួយ ស្តីពី​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា ក្នុង​ថ្ងៃ​អាទិត្យ​ទី៣​ឧសភា​នេះ គេ​បាន​ផ្តោត​សំខាន់​ទៅ​លើ​តួនាទី​របស់​យុវជន​ខ្មែរ ដើម្បី​ទប់ស្កាត់​និង​លុបបំបាត់​និទ្ទណ្ឌភាព។ និទ្ទណ្ឌភាព​ដែល​បណ្តាល​ឲ្យ​ជនល្មើស​និង​ឧក្រិដ្ឋជន រួច​ទោស និង​រស់នៅ​យ៉ាង​ងាយស្រួល​នៅក្នុង​សង្គម​ខ្មែរ។

កិច្ចពិភាក្សាស្តីពីវប្បធម៌និទ្ទណ្ឌភាពក្នុង​ប្រវត្តិសាស្ត្រ​នៅកម្ពុជា រៀបចំដោយក្រុមយុវជនស្មគ្រចិត្ត និងអង្គការ YRDP នៅថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៥ សកលវិទ្យាល័យហ្សាម៉ែន។
កិច្ចពិភាក្សាស្តីពីវប្បធម៌និទ្ទណ្ឌភាពក្នុង​ប្រវត្តិសាស្ត្រ​នៅកម្ពុជា រៀបចំដោយក្រុមយុវជនស្មគ្រចិត្ត និងអង្គការ YRDP នៅថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៥ សកលវិទ្យាល័យហ្សាម៉ែន។ RFI@HENG Oudom
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​វេទិកា​ដែល​រៀបចំ​ដោយ​ក្រុម​យុវជន​ស្ម​គ្រ​ចិត្ត និង​អង្គ​ការដែល​ប្រមូលផ្តុំ​ដោយ​យុវជន ហើយ​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​សកល​វិទ្យាល័យ​ហ្សាម៉ាន់។ វាគ្មិន​ចូលរួម​ដែល​មាន​លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នកស្រី ជា វណ្ណាត ផង​នោះ បាន​លើក​ឡើង​ពី​បញ្ហា​និទ្ទណ្ឌភាព​នៅក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ពិសេស​នៅ​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​មក​នេះ។ វាគ្មិន​ទាំង​អស់​បាន​រម្លឹក​ពី​ការ​​សម្លាប់​អ្នក​នយោបាយ ឃាតកម្ម​លើ​អ្នកកាសែត អ្នក​ការពារ​ព្រៃឈើ រហូត​ដល់​អ្នក​ចម្រៀង​​សិល្បករ និង​ពលករ​ពលការិនី​ជា​ដើម ហើយ​ករណី​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​ខ្លះ​ទៀត នៅ​មិន​ទាន់​បាន​វែក​មុខ​ជនល្មើស និង​នាំ​ខ្លួន​ទៅ​កាត់​ទោស​នៅ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ ករណី​ដែល​រក​មុខ​អ្នក​ប្រព្រឹត្ត​ឃើញ​ហើយ តែ​មិន​អាច​នាំខ្លួន​ទៅ​ទទួល​ទោស​ថែម​ទៀត ដូចជា ករណី​លោក ឈូក បណ្ឌិត ជាដើម។

ដោយ​ឡែក ឫសគល់​នៃ​កំណើត​វប្បធម៌​និទ្ទណ្ឌភាព ត្រូវ​អ្នកស្រី ជា វណ្ណាត ពន្យល់ថា គឺ មក​ពី​ការ​មិន​បាន​អនុវត្ត​ច្បាប់​ឲ្យ​ត្រឹមត្រូវ និង​ការ​ស្រុត​ចុះ​នៃ​សីលធម៌​សង្គម។ ចំពោះ​អ្នកស្រី គេ​ត្រូវ​សិក្សា​ពី​មេរៀន​ព្រះពុទ្ធសាសនា​ឡើង​វិញ។ ចំណែក​យុវជន​មក​ពី​ប្រភព​ផ្សេងៗ​គ្នា​ដែល​ចូលរួម​ក្នុង​កម្មវិធី​នោះ ភាគ​ច្រើន​យល់​ស្រប​គ្នា​ថា ដើម្បី​រំលត់​វប្បធម៌​និទ្ទណ្ឌភាព គេ​ត្រូវ​តែ​ពង្រីង​ការ​អនុវត្ត​ច្បាប់ ហើយ​ផ្តើម​ចេញពី​ការ​លើក​កម្ពស់​សីលធម៌​សង្គម ពី​គ្រួសារ​និង​សហគម​។ លើស​ពី​នេះ គឺ ត្រូវ​ផ្សព្វផ្សាយ​ច្បាប់​ឲ្យ​ទូលំទូលាយ។ ក៏ប៉ុន្តែ​មាន​យុវជន​ខ្លះទៀត​យល់​ថា បញ្ហា​រួច​ផុត​ពី​ការ​ផ្ទន្ទាទោស​និង​រួច​ពី​ការ​ទទួល​ទោស គឺ​កើត​មកពី​មន្ត្រី​របស់​រដ្ឋ។ ពួកគេ​ថា ការ​មាន​ឆន្ទៈ​តែ​មួយ​មុខ​គឺ​មិន​គ្រប់​គ្រាន់​ទេ គឺ​គេ​ត្រូវ​ស្តែង​ចេញ​តាមរយៈ​សកម្មភាព​ជាក់ស្តែង។

ទោះ​យ៉ាង​នេះ​ក្តី លោក សួន ប៊ុន​សិក្តិ ដែល​ជា​សកម្មជន​សិទ្ធិ​មនុស្ស​ម្នាក់​និង​ជា​វាគ្មិន​នៅក្នុង​កម្មវិធី​នេះ បាន​គិត​ថា យុវជន​មួយ​ចំនួន​នៅ​សង្គម​ហាក់​សូវ​ហ៊ាន​ចូលរួម​ក្នុង​បញ្ហារ​ស៊ើប​របស់​សង្គម​សោះ។ លោក​ថា ពេល​ប្រើ​ហ្វេសបុក អ្នក​ខ្លះ​គ្រាន់​តែ​ឃើញ​រឿង​និទ្ទណ្ឌភាព​ក្នុងការ​កាប់​បំផ្លាញ​ព្រៃឈើ ក៏​មិន​ហ៊ាន​ចុច Like  Share ឬ ចែករំលែក​ផង។ លោក ប៊ុន​សិ​ក្តិ បាន​ចោទ​សំណួរ​ថា តើ​អ្នក​បាន​ប្រើប្រាស់​សិទ្ធិ​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​បាន​អស់ហើយ​ឬ​នៅ? បើ​នៅ​ទេ ត្រូវ​តែ​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព។

ក្រៅ​ពី​ចំណុច​សំខាន់​ទាំងនេះ ទាំង​វាគ្មិន​និង​អ្នកចូលរួម  បាន​ឯកភាព​គ្នា​ថា បន្ទាប់​ពី​អំណាច​រដ្ឋ គឺ​យុវជន​ដែល​ជា​អ្នក​ត្រូវ​តែ​ដើរ​តួ​សំខាន់​ដើម្បី​បញ្ចប់​វប្បធម៌​និទ្ទណ្ឌភាព។ ពី​ព្រោះ​ពួកគេ​គឺជា​អ្នករាយការណ៍​ដ៏​សកម្ម​ពី​បញ្ហា​និទ្ទណ្ឌភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ