ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
កម្ពុជា

ជប៉ុន ចំណាយ​ថវិកា​ជិត​៤ លាន​ដុល្លារ សម្រាប់​គម្រោង​ទំនើបកម្ម​ប្រព័ន្ធ​ចុះ​បញ្ជី និង​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​យន្ត​នៅ​កម្ពុជា

media  
អង្គការ JICA ជប៉ុន​នៅ​កម្ពុជា និង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ​រៀប​ចំ​សន្និសីទ​សារព័ត៌មាន អំពីគម្រោង​រៀប​ចំ​ប្រព័ន្ធ​ចុះ​បញ្ជី និង​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​យន្ត​នៅ​កម្ពុជា។ @សហការី

អង្គការ JICA ជប៉ុន​នៅ​កម្ពុជា និង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នៅ​ថ្ងៃ​នេះ បាន​រៀប​ចំ​សន្និសីទ​សារព័ត៌មាន អំពី គម្រោង​រៀប​ចំ​ប្រព័ន្ធ​ចុះ​បញ្ជី និង​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​យន្ត​នៅ​កម្ពុជា។ ជា​គម្រោង​ដែល​មាន​រយៈ​ពេល​៣​ឆ្នាំ អង្គការ JICA ជប៉ុន បាន​ត្រៀម​កញ្ចប់​ថវិកា​ជិត​៤​លាន ក្នុង​ទិស​ដៅ ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ការ​ចុះ​បញ្ជី​យាន​យន្ត ការ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា នៅ​កម្ពុជា។​

នៅ​ក្នុង​សន្នីសីទ​សារព័ត៌មាន​ស្តី​ពី​សកម្មភាព របស់​អង្គការ​JICA គម្រោង​ទំនើបកម្ម ប្រព័ន្ធ​ចុះ​បញ្ជី និង​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​យន្ត​នៅ​កម្ពុជា ​នៅ​ថ្ងៃ​ទី ៣០ មករា​នេះ លោក អូតា ម៉ាសាយ៉ា ប្រធាន​ទីប្រឹក្សា JICA​ប្រចាំ​នៅ​កម្ពុជា បាន​បន្ថែម​ថា គម្រោង​ទំនើបកម្ម​ប្រព័ន្ធ​ចុះ​បញ្ជី និង​ត្រួត​ពិនិត្យ​លក្ខណៈ បច្ចេកទេស​យាន​យន្ត នេះ គឺ​ដើម្បី​ធានា​បាន​នូវ​គុណ​តម្លៃ​ចលន​ទ្រព្យ​យាន​យន្ត និង​រក្សា​នូវ​សុវត្ថិភាព​ចរាចរណ៏​នៅ​កម្ពុជា ។ ចំណែក លោក តាណាកា កូតារ៉ូ អនុប្រធាន​តំណាង​ការិយាល័យ JICA វិញ បាន​កត់​សម្គាល់​ថា ខណៈ​ចំនួន​យាន​យន្ត​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង ករណី​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក៏​កើន​ឡើង​ដូច​គ្នា។

បន្ថែម​ពី​ការ​លើក​ឡើង​របស់​តំណាង​អង្គការ JICA ជប៉ុន លោក​តូច ចាន់កុសល រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ទទួល​ស្គាល់​ថា ប្រព័ន្ធ​គ្រប់​គ្រង​ការ​ចុះ បញ្ជី​រថយន្ត​និង​ត្រួត​ពិនិត្យ លក្ខណៈ​បច្ចេកទេស​យាន​យន្ត​នៅ​មិន​ទាន់ មាន​លក្ខណៈ​គ្រប់​គ្រាន់​នៅ​ឡើយ ដែល​ជា​ហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​ទាក់​ទង​និង​សុវត្ថិភាព​ចរាចរណ៏​និង​បរិស្ថាន ។ មន្រ្តី​ជំនាញ​ក្រសួង​សាធារណៈ បន្ត​ទៀត​ថា បច្ចុប្បន្ន​នេះ ការ​ចុះ​បញ្ជី​យាន​យន្ត​នៅ​កម្ពុជា នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន ដូច​ជា៖ ព័ត៌មាន​ចុះ​បញ្ជី​កន្លង​មក មិន​ធ្វើ​បច្ចុប្បន្នកម្ម ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​មាន​សុវត្ថិភាព​សម្រាប់​ចុះ​បញ្ជី​មិន​ត្រូវ​បាន​អនុវត្ត ចំណែក​ព័ត៌មាន​ចុះ​បញ្ជី​មិន​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ក្រសួង​ពាក់​ព័ន្ធ ហើយ​ទ្រព្យ​សម្បត្តិ​ម្ចាស់​យាន​យន្ត​ក៏​មិន​ត្រូវ​បាន​ការពារ​នេះ​ដែរ។

យ៉ាង​ណា​ក៏​ដោយ លោក​តូច ចាន់កុសល រដ្ឋលេខាធិការ​ក្រសួង​សាធារណការ ជឿ​ជាក់​ថា តាម​រយៈ​ដែល​មាន​ការ​គាំទ្រ​ដោយ​រដ្ឋាភិបាល​ជប៉ុន ដែល​មាន​រយៈ​ពេល​៣​ឆ្នាំ ពី​ឆ្នាំ​២០១៦-ឆ្នាំ​២០១៩ នេះ នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ ប្រព័ន្ធ គ្រប់​គ្រង​ការ​ចុះ​បញ្ជី​យាន​យន្ត, ការ​ត្រួត​ពិនិត្យ​លក្ខណៈ បច្ចេកទេស​យាន​យន្ត និង​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​នៅ​កម្ពុជា ជាក់​ជា​មិន​ខាន ។

ក្រសួង​សាធារណការ និង​ភាគី​ជប៉ុន រំពឹង​ទៀត​ថា តាម​រយៈ​គម្រោង​ទំនើបកម្ម​ប្រព័ន្ធ​ចុះ​បញ្ជី និង​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​យន្ត​នៅ​កម្ពុជា ក៏​នឹង​ជួយ​ជម្រុញ​អគ្គនាយកដ្ឋាន​ពន្ធដារ​អាច​ប្រមូល​ពន្ធ​ផ្លូវ​បាន​ត្រឹម​ត្រូវ លុប​បំបាត់​ការ​រត់​ពន្ធ​យាន​យន្ត​ខុស​ច្បាប់​បាន​លឿន លុប​បំបាត់​បាន​លឿន​នូវ​យាន​យន្ត​មិន​បាន​ចុះ​បញ្ជី និង​មិន​បាន​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស ក៏​ដូច​ជា​ការ​គ្រប់​គ្រង​ការ​ចុះ​បញ្ជី​ជា​ដើម៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ