អានតួអត្ថបទ
កម្ពុជា

ម្ចាស់​ជំនួយ​មូលនិធិ​​ពិភព​លោក​នៅ​តែ​មិន​អស់​ចិត្ត​ ចំពោះ​អង្គភាព​អំពើ​ពុក​រលួយ​ដែល​មិន​កាត់​ទោស​អតីត​ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​

ករណី​ពុក​រលួយ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​លើ​អតីត​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​ដែល​ផ្ទុះ​ឡើង​នៅ​ឆ្នាំ២​០១៣​នោះ ​ពេល​នេះ ​នៅ​តែ​ធ្វើ​អោយ​ម្ចាស់​ជំនួយ​ដ៏​ធំ​ជាង​គេ​របស់​មូលនិធិ​ពិភព​លោក និង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​មើល​មុខ​គ្នា​មិន​ចំ។ ​ការ​លើក​ឡើង​ផ្ទុយ​ដាច់​ស្រឡះ ពី​គ្នា​ជុំវិញ​ករណី​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​៨ ធ្នូ ម្សិលមិញ ​នៅ​ក្នុង​កិច្ចពិភាក្សា​ស្តី​ពី​អំពើ​ពុក​រលួយ ​ដែល​រៀប​ចំ​ឡើង​ដោយ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា។​

@HEAM Chetra
ផ្សាយពាណិជ្ជកម្ម

លោក​ Joachim Baron von Marschall ​ឯក​អគ្គរដ្ឋ​ទូត​អា​ល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា ​បាន​ថ្លែង​ថា​ ក្រុមហ៊ុន​អាល្លឺម៉ង់​ ជាញឹក​ញាប់​​បាន​​ប្រាប់​​លោ​ក​​ថា ​សំណូក​ និង​​អំពើ​ពុក​រលួយ​នៅ​កម្ពុជា ​បាន​ធ្វើ​អោយ​ពួកគេ​មាន​ហានិយភ័យ​​ណាស់​ក្នុង​ការ​ដាក់​ទុន​នៅ​កម្ពុជា។​ អ្នក​តំណាង​ប្រទេស​អាល្លឺម៉ង់​ ជា​ប្រទេស​ផ្តល់​ជំនួយ​ធំ​ជាង​គេ​ដល់​មូលនិធិ​ពិភព​លោក​​បន្ត​ថា ​ដូច្នេះ ​ការ​យក​មនុស្ស​ដូចជា​លោក​អតីត​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ទៅ​កាន់​តុលាការ ​គឺ​ជា​គន្លឹះ​ ដើម្បី​ការពារ​កុំ​អោយ​អំពើ​ពុក​រលួយ ​បំភ័យ​អ្នក​វិនិយោគ​បរទេស។​

ពាក់ពន្ធ័​នឹង​រឿងនេះ​ លោក ​ឯកអគ្គ​រដ្ឋទូត​អាល្លឺម៉ង់​បាន​បញ្ជាក់​ថា​ករណី​អតីត​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​​នេះ​ មើល​ទៅ​គឺ​ស្តែង​ណាស់ ​ក៏​ប៉ុន្តែ​ហេតុ​អី​មិន​មាន​ការ​កាត់​ទោស​អ្វី​សោះ។ ​លោក​ឯកអគ្គរដ្ឋទូត​បាន​បន្ត​ថា​ បើទោះបី​ជា ​មូលនិធិ​ពិភព​លោក​បាន​បដិសេធ​មិន​ផ្តល់​ការ​យល់​ឃើញ​ចំពោះ​ករណី​នេះ​ជា​សាធារណៈ​ក៏​ដោយ ​ក៏​ប៉ុន្តែ​ពួកគេ​គឺ​ចង់​ទទួល​បាន​ចម្លើយ​ ដូច​ដែល​លោក​ចង់​បាន។​

ផ្ទុយ​ទៅវិញ ​លោក ឱម យ៉ិនទៀង ប្រធានអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ជា​ថ្មី​ម្ត​ងទៀត ​នៅ​ក្នុង​ឱកាស​កិច្ច​ពិភាក្សា​ស្តីពី​អំពើ​ពុករ​លួយនា​ថ្ងៃទី​០៨ ​ធ្នូ ​បាន​ការពារ​សេចក្តី​សម្រេច​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដោយ​និយាយ​​ថា ​អតីត​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​​រូប​នោះ ​គឺ​បាន​ទទួល​យក​លុយ​ដែល​មិន​គួរ​ទទួល។ ​ហើយ ​ការ​ធ្វេស​ប្រហែស​យក​លុយ​មិន​គួរ​ទទួល​នេះ​ មិន​មាន​ច្បាប់​ណា​ចែង​ដាក់​ទោស​ឡើយ។ ​ACU ​នៅ​បាន​យក​ច្បាប់​ ដែល​ចែង​ដោយ​UNTAC​ មក​ប្រើ ​តែ​ក៏​មិន​មាន​មាត្រា​ណា​ចែង​អំពី​ករណី​ធ្វេស​ប្រហែស​នេះ​ដែរ។ ​លោកប្រធាន ​អង្គភាព​ប្រឆាំង​អំពើពុ​​ក​រលួយ​ក៏​បាន​គូស​បញ្ជាក់​បន្ថែ​មដែរ​ថា ​អតីត​ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​​រូប​នោះ​គ្មាន​សិទ្ធិ​ត្រួត​ត្រា​លើ​ការ​សម្រេច​ថា​ត្រូវ​ទទួល​យក​ក្រុមហ៊ុន​ណា​មួយ​ផ្គត់ផ្គង់​សម្ភារៈ​អោយ​នោះ​ទេ។​ ​​សរុប​មក​វិញ ​លោក ឱម យ៉ិនទៀង ​បញ្ជាក់​ថា​ករណី ​លោក​ ដួង សុជាតិ ​ដែល​ជា​អតីត​ប្រធានមជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​​នេះ ​គឺ​ជាប​ទ​គៃ​បន្លំ។ បទ​គៃ​បន្លំ​ដែល​មិនមាន​ចែង​នៅ​ក្នុង​មាត្រា​នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ។​ នេះ​បើ​តាម​លោក​ប្រធាន​ACU។​

សូម​បញ្ជាក់ថា​ កាល​ពី​ឆ្នាំ​ ២០១៣ ​មូលនីធិ​​ពិភ​ពលោក​ប្រឆាំង​នឹង​ជំងឺអេដស៍ ​ជំងឺ​របេង ​និង ​ជំងឺ​គ្រុន​ចាញ់ ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺណែវ ​បាន​លាត​ត្រដាង​ថា ​លុយ​ចំនួន​១២​លាន​ដុល្លារ​របស់​ខ្លួន ​ត្រូវ​បាន​ចំណាយ​ដោយ​មិន​ត្រឹមត្រូវ​ ​ពីសំណាក់ ​លោក​ ដួង ​សុជាតិ​ ដែល​​បាន​លា​ឈប់​ពី​តំណែង​កាល​ពី​ឆ្នាំ​ ២០១១។ ​លោក ដួង សុជាតិ បាន​ទទួល​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ទទួលសំ​ណូក​ ដើម្បី​ធានា​ការពារ​កិច្ច​សន្យា​ផ្គត់ផ្គង់​មុង​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​ របស់​ក្រុមហ៊ុន​ពីរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ