អានតួអត្ថបទ
កម្ពុជា-នយោបាយ

យុវជនបក្ស​នយោបាយ​នៅ​កម្ពុជា គ្មាន​ឯករាជ្យ គ្មាន​រចនា​សម្ព័ន្ធ​ច្បាស់​លាស់​ និង​គ្មាន​កម្មវិធី​គោល​នយោបាយ​ផ្ទាល់ខ្លួន

យុវជន​គណបក្ស​នយោបាយ​នៅកម្ពុជា ​បង្កើត​ឡើង​ដោយ​គណ​បក្ស​មេ គឺ​ធ្វើ​ឲ្យ​ក្រុម​ចលនា​យុវ​ជន​​នោះ​ គ្មាន​ឯករាជ្យ​ភាព​​ គ្មាន​កម្មវិធី​​គោល​នយោបាយ​ផ្ទាល់​ខ្លួន គ្មាន​រចនា​សម្ព័ន្ធ​ច្បាស់​លាស់​ និង​គ្មាន​ប្រភព​ចំណូល​ជាក់​លាក់​ពី​សមាជិក​ក្រុម​របស់​ខ្លួន​ គឺខុសពីក្រុម​អ្នក​នយោ​បាយ​​​វ័យ​ក្មេង នៅ​អាល្លឺម៉ង់​។ នេះ​បើ​តាម​ការ​សិក្សា​ប្រៀប​ធៀបមួយ​របស់​មូលនិធិ  Konrad​ Adenauer​ Stiftung ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍ម្សិលមិញ​នេះ​។  

សៀភៅ យុវជននយោបាយនៅកម្ពុជា និងអាល្លឺម៉ង់ សរសេរដោយលោក Johannes Voge
សៀភៅ យុវជននយោបាយនៅកម្ពុជា និងអាល្លឺម៉ង់ សរសេរដោយលោក Johannes Voge @Konrad-Adenauer-Stiftung
ផ្សាយពាណិជ្ជកម្ម

 

ការសិក្សា​នេះ គឺមាន​ចំណង​ជើង​ថា យុវជន​នយោបាយ​នៅ​កម្ពុជា និង​អាល្លឺម៉ង់, PARTY YOUTH WINGS IN CAMBODIA AND GERMANY, A Comparative Perspective សរសេរ​ដោយ​លោក Johannes Vogel ជោហាននេស វ៉ូហ្គ៊ែល ដែល​ ជា​និស្សិត​ផ្នែក​វិទ្យា​សាស្ត្រ​សង្គម ច្បាប់​និង​សេដ្ឋកិច្ច នៅ​សកលវិទ្យាល័យ​ Erfurt ប្រទេស​អាល្លឺម៉ង់។

មាន​កម្រាស់​៧៧ទំព័រជា​ខ្មែរ​និង​អង់គ្លេស ការសិក្សាទស្សនៈ​ប្រៀបធៀប​នេះ គឺជ្រើស​រើស​តែ​យុវជន​គណបក្ស​នយោបាយនៅ​ស្រុក​ខ្មែរ ​តែពីរ​ប៉ុណ្ណោះ គឺ​ក្រុម​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្រុម​យុវជន​គណបក្ស​សង្គ្រោះជាតិ ដើម្បីទៅ​ប្រៀបធៀបជាមួយ​​នឹង​ក្រុម​យុវជន​នយោបាយ​ ចំនួន​ ៤ ចលនា ក្នុង​​ប្រទេស​អាល្លឺម៉ង់។

អ្នកនិពន្ធ​សៀវភៅនេះ​ បាន​ចុះ​មក​សង្កេត​នៅ​ស្រុក​ខ្មែរ​ ហើយ​បាន​សិក្សា​លម្អិត​ចំណុច​នីមួយៗ នៃ​ក្រុម​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្រុម​យុវជន​គណបក្ស​សង្គ្រោះជាតិ​។ ទីបំផុត​ អ្នក​និពន្ធ​វាយ​តម្លៃ​ថា​ ក្រុម​យុវជន​នយោបាយ​នៃបក្ស​ទាំង​ពីរ​ គឺ​​​បង្កើត​ឡើង​យកគណ​បក្សមេ ដូចគ្នា​។ ជាហេតុធ្វើ​ឲ្យ​ក្រុម​ពួក​គេ​ទាំងនោះ​​ គ្មាន​ឯករាជ្យភាព​​។

មិន​តែប៉ុណ្ណោះ គឺ​ក្រុម​ទាំង​នោះ គ្មានកម្មវិធី​​គោលនយោបាយ​ផ្ទាល់ខ្លួនទេ​  ​ពោលគឺ​អនុវត្ត​គោលនយោបាយ​គាំទ្រ​តែទៅ​លើ​គណ​បក្ស​មេ​របស់​ខ្លួន​។ លើសពីនេះ ក្នុង​ក្រុម​យុវជន​នោះទៀត​សោត​​ គឺ​គ្មាន​រចនាសម្ព័ន្ធ​ច្បាស់​លាស់ ដែល​តម្រូវ​ឲ្យ​តែង​តាំងថ្នាក់​ដឹកនាំបក្ស​​ និង​គ្មាន​ប្រភព​ចំណូល​ជាក់​លាក់​ពី​សមាជិក​ក្រុម​របស់​ខ្លួន ដោយ​គ្មាន​តម្រូវ​ឲ្យ​សមាជិក​យុវជន​បង់​វិភាគ​ទាន​សម្រាប់ទ្រទ្រង់​ចលនា​របស់ខ្លួន​នោះទេ។ ពោលគឺ​បានប្រាក់​ចំណូល​ពី​ការ​ឧបត្ថម្ភ​របស់​បក្សមេ​ និង​សប្បុរសជន​ទៅវិញ។​

ទាំងអស់​នេះ​​ គឺខុសផ្ទុយ​ស្រឡះ ពីក្រុម​យុវជន​គណបក្ស​នយោបាយនៅ​អាល្លឺម៉ង់​ ដែល​ក្រុម​យុវជន​នយោបាយ​ខ្លះ​ ដំបូង​ឡើង​ គឺ​កើត​ចេញ​ដោយ​ចលនាយុវជនខ្លួន​ឯង​ មាន​ឯករាជ្យភាព​ ហើយ​​តម្រូវ​ឲ្យ​សមាជិក​បង់​វិភាគទាន​ចូល​ចលនា​របស់ខ្លួន​ ជាប្រចាំ​​ទៀត​ផង​។ ហើយ​បើ​ទោះបី​ជា​ចលនា​នោះ ខ្លះភ្ជាប់​ខ្លួ​នទៅនឹង​គណបក្ស​ធំៗហើយ​ក្តី ក៏​សហភាព​យុវជន យុវជន​សង្គម​និយម យុវជន​និយមឆ្វេង និង​យុវជន​បៃតង ដែល​ជា​ចលនា​អ្នកនយោបាយ​វ័យ​ក្មេង​នៅ​អាម្លឺម៉ង់ មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​លើក​ឡើង​ទាក់ទង​ទៅនឹង​កម្មវិធី​នយោបាយ​របស់​ខ្លួន​ឡើយ ទោះបីវា​ផ្ទុយ​ទៅ​នោះ​កម្មវិធី​នយោបាយ​របស់​បក្ស​មេ​ក្តី​។

ដូច្នេះ​ហើយ ការ​សិក្សា​របស់​លោក Johannes Vogel នៅពេល​នេះ គឺ​ចង់​បង្ហាញ​ជា​មេរៀន​មួយ​សម្រាប់​ក្រុម​យុវជន​នយោបាយ​នៅស្រុកខ្មែរ ដើម្បី​ឲ្យ​មាន​ការ​កំណត់​ពី​សមាស​ភាព​ក្រុម​​អ្នក​​នយោបាយ​វ័យ​ក្មេង​របស់ខ្លួន​ឲ្យ​បាន​ច្បាស់​លាស់ កំណត់​តាំង​​អាយុ កម្រិត​សិទ្ធិ​និង​កាតត្វកិច្ច និង​ការ​ចូល​វិភាគទានលុយ​កាក់​។ ពិសេស​នោះ​គឺត្រូវ​រៀបចំ​រចនា​សម្ព័ន្ធ​យុវជន​ឲ្យ​ត្រឹមត្រូវ ដូចជា​ បែក​ចែក​ជា​ មហាសន្និបាត-សន្និបាត​ប្រតិភូ គណៈកម្មាធិការ​គ្រប់គ្រង តំណាង​ថ្នាក់​ជាតិ-ថ្នាក់ក្រោម​ជាតិ​ គណៈកម្មការ​ជំនាញ និង​គណៈកម្មាធិអាជ្ញា​កណ្តាល ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ