អានតួអត្ថបទ
កម្ពុជា

អ្នក​កាសែត​សោក​ស្ដាយ​ចំពោះ​ការ​បិទ​ការិយាល័យ​ផ្សាយ​របស់​អាស៊ី​សេរី

វិទ្យុ​អាស៊ី​សេរី​បាន​ប្រកាស​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ភ្នំពេញ​តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​មួយ​ចុះ​ថ្ងៃ​ទី​១២​ខែ​កញ្ញា។ ការ​បិទ​នេះ​ធ្វើ​ឡើង​ក្រោម​ហេតុ​ផល​ថា រដ្ឋាភិបាល បាន​បង្ក្រាប​មក​លើ​សំឡេង ឯករាជ្យ​ឥត​ស្រាក​ស្រាន្ត ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះដោយ​មិន​អនុញ្ញាត​ឲ្យ​វិទ្យុ​អាស៊ី​សេរី បន្ត​បើក​ដំណើរ​ការ​ការិយាល័យ​ព័ត៌​មាន​នៅភ្នំពេញ។ នេះ​បើ​តាម​អាស៊ី​សេរី។ ទន្ទឹម​នឹង​នេះ​អ្នក​កាសែត​ជើង​ចាស់​មួយ​ចំនួន​សោកស្ដាយ​ចំពោះ​ការ​បិទ​នេះ។

អ្នកកាសែតសោកស្ដាយចំពោះការបិទការិយាល័យផ្សាយរបស់អាស៊ីសេរី
អ្នកកាសែតសោកស្ដាយចំពោះការបិទការិយាល័យផ្សាយរបស់អាស៊ីសេរី @សហការី
ផ្សាយពាណិជ្ជកម្ម

លោក មឿន ឈានណារិទ្ធ នាយក​វិទ្យា​ស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​សារព័ត៌មាន​បាន​ហៅ​ការ​បិទ​ការិយាល័យ​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​ភ្នំពេញ​គឺ​ជា​ការ​ខាត​បង់​យ៉ាង​ខ្លាំងចំពោះ​សារព័ត៌មាន​ឯករាជ្យ និង​មាន​វិជ្ជាជីវៈ​នៅ​កម្ពុជា។ លោក​បន្ថែមថា សារ​ព័ត៌​មាននៅ​កម្ពុជា​អាច​នឹង​រង្គោះ​រង្គើ​បន្តិច​ដែរ ព្រោះ​តែ​ការ​ដួល​រលំ​របស់​អាស៊ីសេរី​ដែល​ជាសសរស្ដម្ភ​មួយ​តំណាង​ឲ្យ​សេរីភាព​សារព័ត៌មាន​ឯករាជ្យ​ក្នុង​ចំណោម​វិទ្យុ​ដទៃ​ទៀត​ដូច​ជា វិទ្យុ​វី​អូ​អេ វិទ្យុ​អូស្ត្រាលី និង​វិទ្យុ​បារាំង​អន្តរជាតិ​ជាដើម។ អ្វី​ដែល​លោក​មឿន ឈានណារិទ្ធ កាន់​តែ​សោក​ស្ដាយ​ទៀត​នោះ​គឺ​ការ​បិទ​ការិយាល័យ​នៅ​កម្ពុជា​បាន​ប៉ះ​ពាល់​យ៉ាងធ្ងន់​ធ្ងរ​ដល់​បុគ្គលិក​អាស៊ី​សេរី។

ចំណែក​លោក សយ សុភាព អគ្គ​នាយក​មជ្ឈ​មណ្ឌល​ព័ត៌មាន​ដើម​អម្ពិល​មើល​ឃើញផ្សេង​ថា ការ​បិទ​ការិយាល័យ​របស់​អាស៊ី​សេរី​ជា​រឿង​មួយ​ត្រឹម​ត្រូវ​ បើ​គិត​ដល់​ផលប្រយោជន៍​ជាតិ​សម្រាប់​បច្ចុប្បន្ន និង​អនាគត។ តែ​ប៉ះ​ពាល់​បន្តិច​ដែល ត្រង់​សេរីភាពសារ​ព័ត៌​មាន។ លោក សយ សុភាព​បន្ថែម​ថា ចាំ​ពេល​ណា​មួយ​មាន​ការ​យោគ​យល់​គ្នា​ឬ​និយាយ​ជា​មួយ​គ្នា​ត្រង់ទៅ​ត្រង់​មក​រវាង​កម្ពុជា និង​អាមេរិក​គឺ​វិទ្យុ​អាស៊ី​សេរី​ដំណើរ​ការឡើង​វិញ​ទើប​ជា​រឿង​ល្អ។​

ដោយ​ឡែក លោក ប៉ែន បូណា ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា​មាន​យោបល់​ថា វិទ្យុអាស៊ី​សេរី​គួរ​តែ​ចុះ​បញ្ចី​តាម​ការ​ចង់​បាន​របស់​ក្រសួង​ព័ត៌មាន​ជា​មុន​សិន មុន​សម្រេចបិទ​ការិយាល័យ​របស់​ខ្លួន​ដើម្បី​មាន​លទ្ធភាព​នៃ​ការ​ផ្សាយ​បន្ត។ លោក ប៉ែន បូណា បន្ថែម​ថា ការ​បិទ​ពិត​ជា​ប៉ះ​ពាល់​ដល់​ការ​ទទួល​បាន​ព័ត៌មាន​របស់​ពលរដ្ឋ​ដែល​ពី​មុន​១០​ភាគ​រយ​ធ្លាក់​មក​នៅ​ត្រឹម​៨​ភាគ​រយ។ តែ​យ៉ាង​ណា​ក៏​ដោយ​លោក​មាន​ជំនឿ​ថា ពលរដ្ឋនៅ​តែ​ទទួល​បាន​ព័ត៌​មាន​ឯករាជ្យ​ពី​ស្ថាប័ន​ផ្សេង​ទៀត។

ចំពោះ​លោក ពុយ គា អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​របស់​កាសែត​ជប៉ុន​ក្យូដូ​យល់​ឃើញ​ថា ការបិទ​ការិយាល័យ​នេះ​មិន​មែន​ជា​រឿង​ធ្ងន់​ធ្ងរ​ចំពោះ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នោះទេ។ តែ​អាច​ប៉ះពាល់​ដែរ ដល់​ទំហំ​នៃ​ការ​ផ្សាយ​ឬ​កម្រិត​នៃ​ការ​ទទួល​ព័ត៌​មាន​របស់ពលរដ្ឋ​មាន​ការ​ថម​ថយ​ជាង​មុន។

យ៉ាង​ណា​ក៏​ដោយ​ការ​បិទ​ការិយាល័យ​អាស៊ី​សេរី​នៅ​កម្ពុជា​មិន​មែន​មាន​ន័យ​ថា ពលរដ្ឋកម្ពុជា​មិន​ស្ដាប់​លឺ​ការ​ផ្សាយ​របស់​វិទ្យុ​នេះ​នោះ​ទេ។ តែ​ការ​ស្ដាប់​នេះ​អាច​ធ្វើ​បាន​តាមរយៈ​រលក​ធាតុ​អាកាស​វិទ្យុ​កម្រិត​ទាប លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក Facebook យូធូប YouTube និង​គេហ​ទំព័រ​អាស៊ី​សេរី www.rfa.org/khmer/ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ