អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សារព័ត៌មាន​ស្រុក​ខ្មែរ​៖ បរិមាណ គួរ​ដើរ​ឲ្យ​ទាន់​គុណភាព!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពី​ម្សិល​មិញ កម្ពុជា​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ ដោយ​មាន​ការ​ជជែក​គ្នា​យ៉ាង​ច្រើន​ពី​តួនាទី​របស់​អ្នក​កាសែត​ក្នុង​ការ​ ស្វែង​រក​យុត្តិធម៌ ​រួប​រួមគ្នា​ និង​កសាង​សន្តិភាព​។ ដើម្បី​សម្រេច​គោល​បំណង​រក​យុត្តិធម៌​សង្គម​និង​សន្តិភាព​នេះ, លោកស្រី Wan-Hea Lee តំណាង​ប្រចាំ​កម្ពុជា នៃ​ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​ មនុស្ស​ បាន​យល់​ឃើញ​ថា គួរ​តែ​បង្កើន​ការ​អប់រំ​បណ្តុះ​បណ្តាល​អ្នក​កាសែត​បន្ថែម​ទៀត។​ ការ​យល់​ឃើញ​ដូច្នេះ​ គឺ​ស្រប​ពេល​ដែល​បរិមាណ​ស្ថាប័ន​ព័ត៌មាន​កាន់​តែ​កើន​ឡើង។

រូបភាព​ចាស់៖ បរិមាណ​សារព័ត៌មាន​​ស្រុក​​ខ្មែរ​  គួរ​​ដើរ​​ឲ្យ​​ទាន់​​គុណភាព
រូបភាព​ចាស់៖ បរិមាណ​សារព័ត៌មាន​​ស្រុក​​ខ្មែរ​ គួរ​​ដើរ​​ឲ្យ​​ទាន់​​គុណភាព Kem Gunawadh
ផ្សាយពាណិជ្ជកម្ម

ចំនួន​ស្ថាប័ន​ព័ត៌មាន​ និង​បរិមាណ​អ្នក​កាសែត​ បាន​ហក់​កើន​ឡើង​នៅ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ បើ​គេ​សរុប​ពី​ចំនួន​ស្ថាប័ន​ព័ត៌មាន វិទ្យុ​ទូរទស្សន៍ ទស្សនាវដ្តី ទី​ភ្នាក់ងារ​ព័ត៌មាន កាសែត​ជាតិ​និង​អន្តរជាតិ ហើយ​រាប់​ទាំង​កាសែត​ប្រឆាំង​និង​គាំទ្រ​រដ្ឋ​អំណាច គឺ​មាន​សរុប​ចំនួន​ជាង​ ៥៣០​អង្គភាព។ នេះ​បើ​តាម​សារ​លិខិត​របស់​ប្រមុខ​រដ្ឋាភិបាល​ សម្រាប់​អបអរ​ក្នុង​ឱកាស​ ទិវា​សេរីភាព​សារព័ត៌មាន​សកល​លោក លើក​ទី​១៦ កាល​ពី​ម្សិល​មិញ​។​

កំណើន​ស្ថាប័ន​ផ្សព្វ​ផ្សាយ​នេះ គឺ​គួរ​តែ​ត្រេកអរ​ចំពោះ​វិស័យ​សារព័ត៌មាន ដែល​អាច​នឹង​បង្កើន​ការ​ប្រកួត​ប្រជែង​ផ្នែក​ព័ត៌មាន​។​ ក៏ប៉ុន្តែ ទន្ទឹម​នឹង​នេះ​ ការ​កើន​ឡើង​ចំនួន​ប្រព័ន្ធ​ឃោសនាដូច្នេះ​ ក៏​មាន​បញ្ហា​ប្រឈម​នឹង​ខ្វះ​ខាត​អ្នក​កាសែត​ដែល​មាន​សមត្ថភាព​និង​ជំនាញ​​វិជ្ជាជីវៈ​ផង​ដែរ។

ជាក់​ស្តែង​ កាលពី​ទូរទស្សន៍​ PNN ដែល​ទើប​តែ​ដំណើរ​ការ​ការ​ផ្សាយរបស់ខ្លួន កាលពី​ជិត​២ឆ្នាំមុន​ គឺ​មាន​ចរន្ត​ផ្លាស់ប្តូរ​កន្លែង​ធ្វើ​ការ​របស់​អ្នក​សារព័ត៌មានយ៉ាង​គំហុក រហូត​ដល់​កន្លែង​ខ្លះ ស្ទើរ​តែ​ខ្វះ​ធនធាន​មនុស្ស​ធ្វើការងារ​ផង។

មួយ​រយៈ​ចុង​ក្រោយ​នេះ ក៏​មាន​ស្ថាប័ន​ទូរទស្សន៍​ថ្មីៗ កាសែត​ថ្មី​ៗ​ និង​សារព័ត៌មាន​អេឡិច​ត្រូនិច កាន់តែ​រីក​ដូច​ផ្សិត ជាបន្តបន្ទា​ប់​​ថែមទៀត!​ ដូច្នេះ បរិមាណ​អ្នក​កាសែត​កាន់តែ​ត្រូវ​មាន​ចំនួន​ច្រើន​ឡើងៗ ទើប​អាចទប់ទល់​​បំពេញ​​ទីផ្សារ​បាន។ អាស្រ័យ​ហេតុនេះ ការ​បណ្តុះ​បណ្តាល​​ផលិតអ្នក​ព័ត៌មាន​ដែល​មាន​វិជ្ជាជីវៈ​​បន្ថែម​ទៀត គឺជា​តម្រូវការ​ចាំបាច់។ តើ​ហេតុអ្វី​បាន​ចាំបាច់​?

មាន​មូលហេតុជា​ច្រើន ដែល​គេ​ត្រូវការ​អ្នក​កាសែត​មាន​វិជ្ជាជីវៈ​ធ្វើការ​នៅក្នុង​វិស័យ​សារព័ត៌មាន​។ ការ​បណ្តុះ​បណ្តាល​អ្នក​ការ​សែតដើម្បី​បំពេញ​​តម្រូវការ​ទីផ្សារ គឺ​ជារឿង​មួយ។​ ក៏ប៉ុន្តែ​​ចំនួន​អ្ន​កកាសែត​ដែល​បាន​រៀន​សូត្រ​ជំនាញ​នៅសាលា​ត្រឹមត្រូវ ដូច​ជា​ Department ប្រព័ន្ធ​ផ្សព្វផ្សាយនិង​សារគមនាគមន៍ ដែល​មាន​ចំនួន​តិច​តួច​ស្រាប់ផង គឺ​ប្រមាណ​៣០​នាក់​ក្នុង​មួយ​ឆ្នាំនោះ​ តែពួក​គេ​ទាំងអស់​នោះ ភាគ​ច្រើន​ គឺ​មិន​បាន​ចូល​បម្រើ​ការងារ​ផ្នែក​ព័ត៌មាន​នោះទេ។ ​ ពួក​គេភាគ​ច្រើន​បែរ​ជា​ចាប់អារម្មណ៍ធ្វើការ ផ្នែកទំនាក់ទំនង​សារធារណៈ​ ផ្នែក​កុន ឬផលិតកម្ម​ពាណិជ្ជកម្ម ឬ​ក៏​ការងារ​សង្គម​ស៊ីវិល​ជា​ដើមទៅវិញ។ ដូច្នេះ ឃើញថា ការ​បង្កើ​ន​ចំនួន​កូន​សិស្ស​រៀន​កាសែត​ ក៏​ត្រូវ​ធ្វើ ហើយ​ការ​បង្កើត​សាលា​បង្រៀន​ផ្នែក​នេះ ក៏​ត្រូវតែ​រួសរាន់។

កន្លង​មក គេ​បាន​ឃើញ​រួច​មក​ហើយ​ដែរ ក្រសួង​ព័ត៌មាន ក្លឹប​អ្នក​សារព័ត៌មាន សមាគម​អ្នក​កាសែត ​ រួម​ទាំង​អង្គការ​ធ្វើការ​ផ្នែក​សារព័ត៌មាន បាន​ខំ​បើក​បង្រៀន​វគ្គ​ខ្លីៗ​ខ្លះមកហើយ តែ​ទោះ​យ៉ាង​ណា ក៏​ទំនង​ជា​នៅតែ​ពុំ​ទាន់​គ្រប់​គ្រាន់​​នៅ​ឡើយ​ទេ។

តើ​ហេតុអ្វី​អ្នក​កាសែត​ចាំបាច់​ត្រូវ​​ឆ្លង​កាត់​សាលា​បង្រៀន​ត្រឹមត្រូវ​?​ ធំ​បំផុត​នោះ គឺ​ការ​រៀន​វិជ្ជា​សារព័ត៌មាន​ឲ្យ​បាន​ត្រឹម​ត្រូវ ស៊ី​ជម្រៅ និង​ច្បាស់​លាស់ ព្រម​ទាំង​មាន​ចំណេះ​ដឹង​ផ្នែក​នេះឲ្យ​បាន​ទូលំ​ទូលាយ ដើម្បី​អាច​សម្រេច​បាន​គុណភាព​នៃ​សេចក្តី​រាយការណ៍​។ លើស​ពី​នេះ គឺ​សាសា​កាសែត ច្បាស់​ណាស់​ថា​នឹងបំពាក់​បំប៉ន​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ដល់​អ្នក​កាសែត។ ចំណុច​នេះ គឺ​ជា​ករណី​សំខាន់​ចាំ​បាច់ នៅ​ពេល​ដែល​ពួក​គេ​ទៅ​បម្រើ​ការងារ​នៅ​តាម​បណ្តា​ស្ថាប័ន​ព័ត៌មាន។ ​ព្រោះ​ថា ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ដែល​អ្នក​កាសែត​ត្រូវ​អនុវត្ត​នោះ​ គឺ​ជា​អាវ​ក្រោះ​សម្រាប់​ការ​ពារ​អ្នក​កាសែត​ខ្លួន​ឯង​ផង និង​បម្រើ​ដល់​ការ​ផ្តល់​ព័ត៌មាន​ដល់​សាធារណជន​ ឲ្យ​បាន​សុក្រឹត ត្រឹម​ត្រូវ និង​មាន​គុណភាព​។​

ចំណែក​អ្នក​កាសែត​ដែល​កំពុង​បំពេញ​ភារកិច្ច​ស្រាប់ បើ​ទោះបី​ជា​បាន​រៀន​សូត្រ​វិជ្ជាជីវៈ​នេះពីមុន ឬ​ពុំ​ទាន់​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​សោះ គឺគួរ​តែ​មាន​ការ​ទៅរក​ការ​រៀន​សូត្រ​បន្ថែម ដើម្បី​អភិវឌ្ឍ​សមត្ថភាព និង​គុណភាព​នៃ​សេចក្តីរាយការណ៍​។ ការ​អនុញ្ញាត​ឲ្យ​បុគ្គលិក​ព័ត៌មាន​របស់ខ្លួន ទៅ​ទទួលការ​រៀន​សូត្រ​បន្ថែម​នេះ គឺ​ចាំបាច់​ការ​ចូលរួម​ពីម្ចាស់​ស្ថាប័នព័ត៌មាន ឲ្យ​មានការ​យោគយល់ និង​ផ្តល់​ពេលវេលា​ និង​ឱកាសឲ្យ​ពួក​គេ​។ តាមពិត ការ​ឲ្យ​អ្នកកាសែត​ទទួល​ការ​បណ្តុះបណ្តាល​បន្ត គឺជា​រឿង​ល្អសម្រាប់​ក្រុមហ៊ុន​ទៅវិញទេ ព្រោះ​នឹង​កាន់តែ​បង្កើន​ផលិតភាពការងារ។​

ដូច​គេ​បាន​ដឹង​ស្រាប់​ហើយថា ​តួនាទី​របស់​អ្នក​កាសែត​ គឺ​មាន​សារសំខាន់​ក្នុង​បាតគ្រឹះ​នៃ​សិទ្ធិសេរីភាព​បញ្ចេញមតិ និង​មូលដ្ឋាន​នៃ​របប​ប្រជាធិតេយ្យ។​ តួនាទី​របស់​អ្នក​កាសែត ក៏​រឹង​រឹត​តែ​សំខាន់​ ក្នុង​ការ​ស្វែង​រក​យុត្តិធម៌ ​រួប​រួមផ្សះផ្សាយ​គ្នា​ និង​​កសាង​សន្តិភាព​។  ដូច្នេះ​ហើយ​ទើប​​ តំណាង​ឧត្តម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ កាលពីម្សិលមិញ​ បាន​ជំរុញ​ គួរ​តែ​បង្កើន​ការ​អប់រំ​បណ្តុះ​បណ្តាល​អ្នក​កាសែត​បន្ថែមទៀត។​ ចំណែក​ប្រមុខ​​រដ្ឋាភិបាល កាលពី​ជំនួប​ជាមួយ​អ្នកកាសែត​ជាង​១ពាន់នាក់ ពីពេល​ប៉ុន្មាន​ខែ​មុន​នេះ ក៏​បាន​ជំរុញ​ ម្ចាស់​ប្រព័ន្ធ​ឃោសនា​ទាំង​ឡាយ ឲ្យ​ខិត​ខំ​បង្កើត​វគ្គ​បណ្តុះ​បណ្តាល​អ្នក​សារព័ត៌មាន​។ ក៏ប៉ុន្តែ គេ​ហាក់​ពុំ​ទាន់​ឃើញ​ពី​ប្រសិទ្ធភាព​នៃ​ការ​ជំរុញ​នេះ ឲ្យ​បាន​ផុស​ផុល​​នៅឡើយទេ។

ជារួម​មកវិញ បើចំនួន​ស្ថាប័ន​សារព័ត៌មាន​នៅ​ស្រុកខ្មែរ​  ចេះ​តែ​បន្ត​កើនឡើង ប៉ុន្តែ​ការ​​​បណ្តុះ​បណ្តាល​អ្នក​កាសែត នៅតែ​បន្ត​មាន​​តិចតួច​ទៀត, ​នោះគុណភាពព័ត៌មាន​ ហាក់​មិន​អាច​ដើរ​ឆ្ងាយ ​ទៅរក​ភាព​សម្បូរ​បែប​និង​ជឿន​លឿន​ លើស​ពី​សព្វថ្ងៃ​ប៉ុន្មាន​នោះទេ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ