អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

​អ្នក​​កាសែត​​ខ្មែរ នៅ​តែ​រង​ការ​រើសអើង​និង​គម្រាម​កំហែង​ក្នុង​ពេល​បំពេញ​ភារកិច្ច

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ លោក​នាយក​រដ្ឋ​​មន្ដ្រី​បាន​ជួប​ជាមួយ​និពន្ធ​នាយក​សារព័ត៌មាន​ជាង​១​ពាន់​នាក់​​នៅ​កម្ពុជា នៅ​សណ្ឋាគារ​សុខាភ្នំពេញ​។ ជំនួប​នេះ​ស្ដែង​ឲ្យ​ឃើញ​​ពី​សារៈ​សំខាន់​នៃអ្នក​​សារព័ត៌មាន​នៅ​ក្នុង​ក្រសែ​ភ្នែក​នាយករដ្ឋ​មន្ដ្រី​កម្ពុជា​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​លើក​ឡើង​ពី​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​វិស័យ​សារព័ត៌មាន​។ តែ​មាន​បញ្ហា​មួយ​ចំនួន​ដែល​លោក​មិន​បាន​រំឭក​។ នោះ​គឺ​ការ​រើស​អើង ​ការ​គម្រាម​កំហែង និង​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​លើ​អ្នក​សារព័ត៌មាន​ក្នុងពេល​បំពេញ​ភារកិច្ច​​។

​រូបភាពចាស់៖ អ្នក​​កាសែត​​ខ្មែរ នៅ​តែ​រង​ការ​រើសអើង​និង​គម្រាម​កំហែង​ក្នុង​ពេល​បំពេញ​ភារកិច្ច
​រូបភាពចាស់៖ អ្នក​​កាសែត​​ខ្មែរ នៅ​តែ​រង​ការ​រើសអើង​និង​គម្រាម​កំហែង​ក្នុង​ពេល​បំពេញ​ភារកិច្ច RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ការ​ផ្សាយ​ព័ត៌មាន​ពិត​និង​លឿន​រហ័ស មិន​ហក់​រំលង​តួនាទី​ខ្លួន​ឯង​ជា​អ្នក​សារព័ត៌មាន និង​ភាព​ស្អាតស្អំ មិន​ទទួល​សំណូក​ជា​ថ្នូរ​នឹង​ការ​បំភ្លៃ​ព័ត៌មាន​ជា​ដើម សុទ្ធ​សឹង​តែ​គតិ​មាន​តម្លៃ ដែល​លោក​នាយករដ្ឋ​មន្ដ្រី​ហ៊ុន​សែន រំឭក​ប្រាប់​អ្នក​សារព័ត៌មាន​ជាង​១​ពាន់​នាក់ នៅ​ក្នុង​ពិធី​ជួបជុំ​មួយ​កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៤​មករា​។ លោក​ថែម​ទាំង​បាន​លើក​ឡើង​ទៀត​ថា គឺ​ដោយ​សារ​តែ​អ្នក​សារព័ត៌មាន ទើប​លោក​អាច​កាន់​តំណែង​ជា​នាយករដ្ឋ​មន្ដ្រី​នៃ​កម្ពុជា​បាន​ជាង​៣០​ឆ្នាំ​។

តាម​រយៈ​សុន្ទរកថា​ជាង​១​ម៉ោង លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី ហាក់​បាន​យល់​យ៉ាង​ស៊ី​ជម្រៅ​ពី​ការងារ​របស់​អ្នក​សារព័ត៌មាន​និង​ស្ថាប័ន​ព័ត៌មាន​នៅ​កម្ពុជា មិន​ថា​រឿង​ល្អ​ឬ​រឿង​អាក្រក់​ឡើយ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​​រំលង ភ្លេច​រំឭក​ពី​​បញ្ហា​ប្រឈម​មួយ​ចំនួន ដែល​​អ្នក​កាសែត​​ជួប​ប្រទះ​នៅ​ក្នុង​ការ​បំពេញ​ការងារ​។ នោះ​គឺ៖ ការ​រើស​អើង ការ​គម្រាម​កំហែង និង​អំពើ​ហិង្សាលើ​អ្នក​កាសែត នៅ​ក្នុង​ពេល​ចុះ​បំពេញភារកិច្ច​។

និយាយ​ពី​ការ​រើស​អើង​។ ជា​រឿយ​ៗ គេ​តែង​តែ​ឮ​ព័ត៌មាន​ថា អ្នក​កាសែត​នៅ​ស្រុក​ខ្មែរ ដោយ​ចំពោះ​ស្ថាប័ន​កាសែត​ដែល​និយម​រិះគន់​រដ្ឋាភិបាល ត្រូវ​អាជ្ញាធរ​​បដិសេធ​មិន​ផ្ដល់​សម្ភាស ឬ​មិន​អនុញ្ញាត​ឲ្យ​ចូល​រួម​នៅ​ក្នុង​កម្មវិធី​មួយ​ចំនួន​របស់​រដ្ឋាភិបាល​។ ប៉ុន្តែ​មែន​ទែន​ទៅ ហេតុការណ៍​ដូច​គ្នា​នេះ​ក៏​កើត​ឡើង​ផង​ដែរ លើ​អ្នក​កាសែត​ពី​ស្ថាប័ន​ដែល​មាន​និន្នាការ​ស្និទ្ធ​នឹង​រដ្ឋាភិបាល ពី​សំណាក់​គណបក្ស​ប្រឆាំង​​​និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​។

ចំពោះ​ការ​គម្រាម​កំហែង​​វិញ អ្នក​កាសែត​ជួប​តាំង​ពី​ការ​គម្រាម​ប្ដឹង​ផ្ដល់ រហូត​ដល់​គម្រាម​បាញ់​សម្លាប់​។ ដែល​នេះ វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​សារព័ត៌មាន ដែល​ត្រូវ​បាន​ធានា​ដោយ​ច្បាប់​។ អ្នក​កាសែត​ខ្លះ មិន​គ្រាន់​តែ​ត្រូវ​បាន​រើស​អើង និង គម្រាម​កំហែង​​ប៉ុនណោះ​ទេ ពួក​គេ​ថែម​ទាំង​ត្រូវបាន​​ដក​ហូត​សម្ភារៈ​ផលិតព័ត៌មាន និង​រង​ការ​វាយ​ដំ​ថែម​ទៀត​។

ជា​ការ​ពិត​ហើយ​ថា រហូត​មក​ទល់​ពេល​នេះ សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា បាន​រីក​ចម្រើន​លូលលាស់​ទៅ​មុខ​គួរ​ឲ្យ​កត់​សម្គាល់ បើ​ប្រៀបធៀប​ទៅ​នឹង​ពីរ​ទសវត្សរ៍​មុន ដែល​កម្ពុជា​ចាប់​ផ្ដើម​បើក​ចំហ​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​។ បើ​ទោះ​បី​ជា​យ៉ាង​ណា​ក្ដី សុវត្ថិភាព​របស់​អ្នក​កាសែត​នៅ​តែ​ជា​បញ្ហា​ដ៏​ធំធេង​មួយ​ដែល​ត្រូវ​ដោះ​ស្រាយ​។ អ្នក​កាសែត​ជាប់ពន្ធនាគារ អ្នក​កាសែត​ត្រូវ​គេ​សម្លាប់ អ្នក​កាសែត​រង​ការ​គម្រាម​កំហែង ឬ​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ នៅ​តែ​កើត​ឡើង​ដដែល​ៗ និង​ជាប់​ជា​ប្រចាំ​។ បញ្ហា​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា នៅ​លើ​ឆាក​អន្ដរជាតិ ស្ថិត​នៅ​ក្នុង​លំដាប់​មិន​សូវ​ល្អ​ប៉ុន្មានឡើយ​។

ក្នុង​ន័យ​នេះ មន្ដ្រី​រដ្ឋាភិបាល​ អាជ្ញាធរ និង​ស្ថាប័ន​​ពាក់ព័ន្ធ គួរ​តែ​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ឥរិយាបថ​ចំពោះ​អ្នក​កាសែត ដោយ​គួរ​ចាត់​ទុក​អ្នក​កាសែត​ជា​ដៃ​គូ​សហការ​ក្នុង​ការ​អភិវឌ្ឍ​សង្គម មិន​មែន​ជា​បន្លា​នៅ​ក្នុង​កែវ​ភ្នែក​ឡើយ​។ ការ​បើក​ចិត្ត​ឲ្យ​ទូលាយ​ទទួលយ​ក​វប្បធម៌​ពហុ​គំនិត ដែល​ជា​​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ ក៏​ជា​កត្តា​សំខាន់​ផងដែរ ក្នុង​ការ​ធានា​សុវត្ថិភាព​អ្នក​កាសែត ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គេ​អាច​បំពេញ​តួនាទី​បាន​ពេញ​លេញ​​។

ចំណែក​អ្នក​កាសែត​ខ្លួន​ឯង ដែល​អះអាង​ថា ជា​អ្នក​សារព័ត៌មាន​អាជីព ត្រូវ​តែ​ចាប់​ផ្ដើម​ពង្រឹង​ខ្លួន​ឯង​ឲ្យ​បាន​រឹង​មាំ តាម​រយៈ​ការ​គោរព​ក្រម​សីលធម៌​វិជ្ជាជីវៈ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​។ នៅ​ក្នុង​ទិស​ដៅ​នេះ ម្ចាស់​ស្ថាប័ន​សារព័ត៌មាន​ទាំង​ឡាយ គួរ​តែ​គិត​គូរ​ដល់​ជីវភាព​អ្នក​កាសែត និង​ពង្រឹង​ឯករាជភាព​នៃ​ស្ថាប័ន​របស់​ខ្លួនជា​ចាំ​បាច់។ ព្រោះ​សូម​កុំភ្លេច​ថា សារព័ត៌មាន ដែល​ជា​អំណាច​ទី​៤ ឥឡូវ​នេះ​ដើរ​តួ​កាន់​តែ​សំខាន់​ឡើង​ៗ​នៅ​ក្នុង​សង្គម​ខ្មែរ​។ ទាំង​នៅ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ដល់​ម្ចាស់​ឆ្នោត​អំពី​ការ​ប្រព្រឹត្ត​របស់​អ្នក​នយោបាយ និង​ទាំង​ការ​ផ្សាយ​ការពិត ធ្វើ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​សេចក្ដី​ត្រូវ​ការ​របស់​ពលរដ្ឋ​ដល់​អ្នក​នយោបាយ​និង​អ្នក​ដឹកនាំ ដើម្បី​ឈាន​ទៅ​រក​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​។ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បញ្ចើច​បញ្ចើ ប្រជាភិថុតិ ដើម្បី​តែ​ប្រយោជន៍​បុគ្គល គឺ​ជា​រឿង​ហួស​សម័យ​ហើយ​នៅ​ក្នុង​បរិបថ​ដែល​ពលរដ្ឋ​ខ្មែរ​កាន់​តែ​ច្រើន​ឡើង ចាប់​ផ្ដើម​យល់​ពី​សច្ចភាព​នៃ​ព័ត៌មាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ