អានតួអត្ថបទ
កម្ពុជា-ច្បាប់

មេធាវី​លោក កឹម សុខា៖ សំណួរ​របស់​ចៅ​ក្រម​ស៊ើប​សួរ​ដាក់​បន្ទុក​លើ​កូន​ក្ដី

ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក​ គី​ ឫទ្ធី​ ​ នៅ​ថ្ងៃ​ទី​២៤​ ខែ​វិច្ឆិកា​នេះ​ បាន​អញ្ជើញ​ទៅ​សួរ​ចម្លើយ ​លោក កឹម​ សុខា​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ផ្ទាល់​តែ​ម្ដង។ ក្នុង​នោះ​ក្រុម​មេធាវី​ការពារ​លោក កឹម សុខា បាន​កត់​សម្គាល់​ថា ភាគ​ច្រើន​នៃ​សំណួរ​របស់​ចៅ​ក្រម​ស៊ើប​សួរ​បាន​សួរ​ដាក់​បន្ទុក​ទៅ​កាន់​កូន​ក្ដី​របស់​ខ្លួន។

លោក កឹម សុខា ប្រធាន​​​គណបក្ស​​សង្គ្រោះ​​ជាតិ
លោក កឹម សុខា ប្រធាន​​​គណបក្ស​​សង្គ្រោះ​​ជាតិ REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

លោក ផែង ហេង មេធាវី​ម្នាក់​ក្នុង​ចំណោម​ក្រុម​មេធាវី​ការពារ​ក្ដី​៥​រូប លោក កឹម សុខា​ថ្លែង​ថា គិត​មក​ដល់​ថ្ងៃ​ត្រង់​នេះ ការ​ស៊ើប​សួរ​នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ ប៉ុន្តែ​ក្រុម​មេធាវី​លោក កឹម សុខា កត់​សម្គាល់​ថា ស្ថានភាព​ទូទៅ​នៃ​ការ​សួរ​ឆ្លើយ​ហាក់​មិន​សូវ​មាន​ភាព​តាន​តឹង​ទេ ក៏​ប៉ុន្តែ​សំណួរ​របស់​ចៅ​ក្រម​ស៊ើប​សួរ​ព្យាយាម​សួរ​ដាក់​បន្ទុក​ទៅកាន់​លោក កឹម សុខា ច្រើន​ជាង​ផ្ដោត​លើ​សំណួរ​ដោះ​បន្ទុក។ បន្ថែម​លើ​នេះ​ទៀត​មេធាវី​ក៏​មើល​ឃើញ​ថា លោក កឹម សុខា ក៏​មិន​បាន​ឆ្លើយ​ទៅ​តាម​អ្វី​ដែល​ជា​ការ​ដាក់​បន្ទុក​របស់​ចៅ​ក្រម​ស៊ើប​សួរ​ដែរ។ ព្រោះ​នេះ​ជា​សិទ្ធិ​របស់​លោក កឹម សុខា ដូច​គ្នា​ក្នុង​ការ​ឆ្លើយ ឬ​មិន​ឆ្លើយ។ នេះ​បើតាម លោក ផែង ហេង។

អំពី​សិទ្ធិ​របស់​ក្រុម​មេធាវី​ក្នុង​ដំណាក់​កាល​នេះ​ លោក ផែង ហេង អះ​អាង​ថា ក្រុម​មេធាវី​មិន​អាច​លូក​មាត់​បាន​ទេ ព្រោះ​នេះ​ជា​នីតិវិធី​នៃ​គោលការណ៍​ច្បាប់ ។ អ្វី​ដែល​ច្បាប់​បាន​អនុញ្ញាត​នោះ គឺ​គ្រាន់​តែ​ឈរ​នៅ​ជិត​កូន​ក្ដី​ផ្ដល់​ជា​កម្លាំង​ចិត្ត​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​មុន​ការ​ស៊ើប​សួរ​ចាប់​ផ្ដើម​ក្រុម​មេធាវី​បាន​ប្រឹក្សា​យោបល់​ជាមួយ​កូន​ក្ដី​រួច​ហើយ​ដែរ។ ទាក់​ទង​នឹង​ស្ថានភាព​សុខភាព​លោក កឹម សុខា វិញ​មេធាវី​មើល​ឃើញ​ថា កាយ​សម្បទា​មាំ​មួន​មួយ​ជាមួយ​នឹង​សំឡេង​ឆ្លង​ឆ្លើយ​ច្បាស់​ល្អ ដូច​ពេល​លោក​ថ្លែង​ក្នុង​វេទិកា​សាធារណៈ​នា​ពេល​កន្លង​មក​ដែរ។ នេះ​បើ​តាម​លោក​មេធាវី ផែង ហេង។

សូម​បញ្ជាក់​ថា ក្រោយ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ​នៅ​ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា​នេះ​នេះ គឺ​ជា​ការ​ស៊ើប​សួរ​លើក​ដំបូង​របស់​ចៅ​ក្រម​ស៊ើប​ទៅ​កាន់​លោក កឹម សុខា នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង។ លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ ដោយ​​ចោទ​ប្រកាន់​ពី​​បទ​ល្មើស​ «ក្បត់​ជាតិ​» ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១៥​ឆ្នាំ ​ទៅ​៣០​ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ