អានតួអត្ថបទ
កម្ពុជា

សំណុំរឿង​​ស្ត្រី​​អ្នក​ភូមិ​​បឹងកក់​​នឹង​​ប្រកាស​​សាលក្រម​​នៅ​​ថ្ងៃ​ទី​២៦ ​មករា​

បន្ទាប់ពី​ជំនុំជម្រះ​ពេញ​មួយ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ចៅក្រម​តុលាការ​សាលាឧទ្ធរណ៍​បានសម្រេច​ថា សាលក្រម​វិនិច្ឆ័យ​លើ​សំណុំរឿង​ស្ត្រី​អ្នកភូមិ​បឹងកក់​ចំនួន១០នាក់ និង​អតីត​ព្រះសង្ឃ​មួយអង្គ​នឹង​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃទី២៦ មករា​ខាងមុខនេះ។ អង្គការ​ការពារ​សិទ្ធិមនុស្ស​ដែល​បាន​ចូលរួម​ឃ្លាំមើល​សវនាកា​រ​នេះ លើកឡើងថា ដំណើរការ​សវនាការ​ហាក់​មិនមាន​ភាពប្រក្រតី ប៉ុន្តែ​រំពឹងថា ជនជាប់ចោទ​ទាំងនោះ​នឹងត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ។

ស្ត្រី​អ្នកភូមិ​បឹងកក់​ បន្ទាប់​ពី​ធ្វើ​ការ​សាកសួរ​នៅ​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​២២​ ខែ​មករា ​ឆ្នាំ​២០១៥​
ស្ត្រី​អ្នកភូមិ​បឹងកក់​ បន្ទាប់​ពី​ធ្វើ​ការ​សាកសួរ​នៅ​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​២២​ ខែ​មករា ​ឆ្នាំ​២០១៥​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

គឺ​បន្ទាប់ពី​ធ្វើការ​សាកសួរ​ជនជាប់ចោទ​ទាំងនោះ​អស់​ជាច្រើន​ម៉ោង​មក ចៅក្រម​តុលាការ​សាលាឧទ្ធរណ៍​បានប្រកាសថា សាស​ក្រម​លើ​សំណុំ​រឿងនេះ​នឹង​ប្រកាស​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី២៦ មករា ខាងមុខនេះ។ ជា​សាលក្រម​សម្រេច​ជោគវាសនា​ជនជាប់ចោទ​ទាំងនោះ មាន​សេរីភាព​ឡើងវិញ​ឫ​ត្រូវ​មានទោស​តាម​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ។

ជាការ​កត់សម្គាល់ សវនាការ​នៅថ្ងៃនេះ មាន​ចូលរួម​ឃ្លាំមើល​ពី​សំណាក់​អង្គទូត​នានា​នៅក្នុង​ប្រទេស​កម្ពុជា អង្គការ​ការពារ​សិទ្ធិមនុស្ស និង មាន​វត្តមាន​លោក​សុរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​ផងដែរ។ ប៉ុន្តែ​លោក​ស៊ូ​ប៊ែ​ឌី បាន​ចាក​ចេញពី​បន្ទប់​សវនាការ ក្រោយពី​ចូលរួម​ស្ដាប់​ប្រមាណ​ជិត​ពីរ​ម៉ោង​រួចមក ហើយ​លោក​មិនបាន​ធ្វើការ​អត្ថាធិប្បាយ​បែបណា​នោះទេ​ចំពោះ​ដំណើរការ​សវនាការ​នៅថ្ងៃនេះ។ ជាមួយគ្នានេះដែរ នៅ​ខាងក្រៅ​​របង​តុលាការ​ឯណោះ​វិញ ក្រុម​ប្រជាពលរដ្ឋ និង​សាច់ញាតិ​ជនជាប់ចោទ​ជាច្រើន​នាក់​បាន​ប្រមូល​ផ្តុំគ្នា​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នក​ជាប់​ចោទ​ទាំងនោះ។

យ៉ាងណាក៏ដោយ អង្គការ​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដែល​បាន​ចូលរួម​ស្ដាប់​សវនាការ បាន​លើកឡើងថា ដំណើរការ​សវនាការ​នៅថ្ងៃនេះ បាន​ប្រព្រឹត្ត​ទៅ​ហាក់​មិនមាន​ភាពប្រក្រតី​នោះឡើយ។ លោក​ណៃ វង់​ដា អនុប្រធាន​ស៊ើបអង្កេត​របស់​សមាគម​អាដហុក​បាន​កត់​សម្គាល់ថា ចៅក្រម និង​ព្រះរាជអាជ្ញា បាន​សួរ​សំ​ណួ​រ​ជាច្រើន​ដាក់បន្ទុក​លើ​ជនជាប់ចោទ តែ​មិនបាន​ផ្តល់​សិទ្ធិ​គ្រប់គ្រាន់​ដល់​ជនជាប់ចោទ​ក្នុងការ​ឆ្លើយ​ដោះ​បន្ទុក​នោះឡើយ។ រីឯ​ស្ត្រី​ជាប់ចោទ​ដែល​ឆ្លៀតពេល​មក​បន្ទប់ទឹក​ ក៏​បានថ្លែងប្រាប់​អ្ន​កាសែត​ដូចគ្នា​នោះដែរ។

មិនតែប៉ុណ្ណោះ បើតាម​លោក​ណៃ វង់​ដា ដដែល ចៅក្រម​មិន​អនុញ្ញា​ត​ឲ្យ​ចាក់​បង្ហាញ​ខ្សែ​វី​ឌី​អូ​បង្ហាញ​ពី​សកម្មភាព​ស្ត្រី​អ្នកភូមិ​បឹងកក់​ធ្វើការ​តវ៉ា​តាម​ការស្នើសុំ​របស់​ក្រុម​មេធាវី​ការពារ​ក្តី​ជនជាប់ចោទ​នោះទេ។ លោក​អំ សំអាត​ប្រធាន​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្សរ​បស់​អង្គការ​លីកាដូ បាន​បន្ថែមថា មិន​ត្រឹមតែ​មិន​ចាក់​បង្ហាញ​ខ្សែ​វី​ឌី​អូ​ទេ ហើយ​ចៅក្រម​ក៏​មិនមាន​បង្ហាញ​ភ​ស្ត​តាង​ណា​ផងដែរ។

សូមបញ្ជាក់ថា ជនជាប់ចោទ​ទាំងនោះ ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ២០១៤ បានសម្រេច​ផ្ទ​ន្ទា​ទោស​ឲ្យ​ជាប់ពន្ធនាគារ​ក្នុងម្នាក់ៗរយៈពេល​មួយឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន២ លាន​រៀល ពីបទ​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍ និង​ប្រឆាំង​មន្ត្រីរាជការ​សាធារណៈ បន្ទាប់ពី​ពួកគេ​ចេញ​តវ៉ា​បិទផ្លូវ​នៅមុខ​សាលា​រាជធានី​ភ្នំពេញ រឿង​ទឹក​លិច​ផ្ទះ​របស់ខ្លួន។  

ចំពោះ​សាលក្រម​ខាងមុខនេះ ទាំង​លោក​ណៃ វង់​ដា និង​លោក​អំ សំអាត បាន​សម្តែង​សុ​ទុ​ដ្ឋិ​និយម​ថា សាលាឧទ្ធរណ៍​នឹង​ដោះលែង​អ្នក​ទាំងនោះ​ឲ្យ​មាន​សេរីភាព​ឡើងវិញ បើសិន​ចៅក្រម​តុលាការ​មួយ​នេះ ជម្រះក្តី​ផ្អែកលើ​ផ្លូវច្បាប់​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ