អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ហេតុអ្វី​ខ្មែរ​មួយ​ចំនួន​មិន​ហ៊ាន​ប្តឹងឬ​មិន​ចង់​ប្តឹង​ផ្ដល់?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន នៅ​ពេល​មាន​ទំនាស់ ពលរដ្ឋ​មួយ​ចំនួន​មិន​ហ៊ាន​ប្ដឹង​ផ្ដល់ ឬ​មិន​ចង់​ប្ដឹង​ផ្ដល់​ដៃ​គូ​ទំនាស់​របស់​ខ្លួន ដើម្បី​ឡើង​ទៅ​ត​តាំង​រក​យុត្តិធម៌​នៅ​តុលាការ​ទេ។ តើ​ហេតុអ្វី​បាន​ជា​ដូច្នេះ?

ហេតុ​អ្វី​​ខ្មែរ​​មួយ​​ចំនួន​​មិន​​ហ៊ាន​​ប្តឹង​ឬ​​មិន​​ចង់​​ប្តឹង​​ផ្ដល់?
ហេតុ​អ្វី​​ខ្មែរ​​មួយ​​ចំនួន​​មិន​​ហ៊ាន​​ប្តឹង​ឬ​​មិន​​ចង់​​ប្តឹង​​ផ្ដល់?
ផ្សាយពាណិជ្ជកម្ម

ជា​ដំបូង​គេ​គួរ​យល់​ថាតាម​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​ជា​យូរ​មក​ហើយដែល​បាន​អប់រំ​ប្រៀន​ប្រដៅ​កូន​ខ្មែរឲ្យ​មាន​ចរិត​ស្ងប់​ស្ងៀម​និង​សន្សំ​ក្តី​សុខជា​ជាង​បង្ក​រឿង។មិន​ខ្វះ​ទេពាក្យ​ស្លោក​បុរាណ​ខ្មែរ​ដែល​គេ​ចាំ​រត់​មាត់​ដូច​ជាចាញ់​ជា​ព្រះឈ្នះ​ជា​មារ។កុំ​ឈ្លោះ​នឹង​ស្រីកុំ​ក្តី​នឹង​ចិន​។រហូត​ដល់​កវីក្រម​ង៉ុយ​បាន​ចង​ជា​ពាក្យ​កាព្យ​ផងថា “កុំ​ជួញ​ចង់​ទាស់ខូច​ខាត​របស់អស់​ទ្រព្យ​សម្បត្តិចង់​គង់​ប្រយោជន៍ឲ្យ​ចេះ​ប្រយ័ត្នពាក្យ​ឪ​មួយ​ម៉ាត់ឲ្យ​គិត​មួយ​ម៉ោង។” ដែល​មាន​សរសេរ​ចែង​ក្នុងល្បើក​ថ្មីជា​ដើម។​

តាម​ការ​ទូន្មាន​របស់​ចាស់បុរាណនិង​តាម​ទម្លាប់​នៃ​អប់រំ​កូន​ចៅក្នុង​ប្រពៃណីគឺ​ជា​កត្តា​មួយ​ដែល​បាន​ចាក់ឫសយ៉ាង​ជ្រៅ​​ក្នុង​ផ្នត់​គំនិត​ខ្មែរនិង​ដែល​ជំរុញពលរដ្ឋ​​ខ្មែរមួយ​ចំនួនមិនឲ្យ​និយម​ការ​ប្តឹង​ផ្តល់គ្នា​ឡើង​តុលាការ​​នោះ​ឡើយ​។

ប្រការ​សំខាន់​មួយ​ទៀតដែល​ធ្វើ​ឲ្យ​ក្រុម​អ្នក​រង​គ្រោះ​មិន​ចង់​ប្តឹងឬ​មិន​ហ៊ានគឺ​ទំនង​ជាគេ​គិត​ថាបើ​ទោះ​បី​ជា​ប្តឹង​ទៅក៏​មិន​ឈ្នះ​គេ​ដែរ​គឺ​នាំ​ឲ្យ​តែ​បង់​ខាត​ពេល​វេលានិង​ប្រាក់​កាស​កាន់​តែ​ច្រើន។ជាមួយ​គ្នា​នេះអ្នក​មួយ​ចំនួន​ទៀតប្រហែល​ជា​អាច​គិត​ថាការ​ខាត​លុយ​នោះគឺ​វា​លើសនិង​ច្រើន​ជាង​សំណង​ដែល​បាន​មក​វិញ​ទៅ​ទៀត​។​ដូច្នេះ​ក៏​ខ្ចិល​ប្តឹង​តែ​ម្តង​ទៅ។​ម្យ៉ាង​វិញ​ទៀតដំណើរ​ការ​នៃ​រឿង​ក្តីទម្រាំ​ដល់​សម្រេច​ជំនុំ​ជម្រះ​ដឹង​ឈ្នះ​ចាញ់គឺ​ពេល​ខ្លះមាន​ការ​ស្មុគ​ស្មាញនិង​ត្រូវ​ចំណាយ​ពេល​វេលា​យូរ​ហើយ​វែង​ឆ្ងាយ​ទៅ​ទៀត​ផង​។

រឿង​ខាត​បង់​ពេល​វេលានិង​ចំណាយ​លុយ​កាក់គឺ​ជា​រឿង​មួយ​ហើយ​តែ​សំខាន់​ជាង​នេះ​គឺ​ការ​មិន​សូវ​មាន​ទំនុក​ចិត្ត​ចំពោះ​មន្ត្រី​តុលាការនិង​ប្រព័ន្ធ​យុត្តិធម៌​ទាំង​មូលគឺ​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត។មាន​ពលរដ្ឋ​មិន​តិច​ទេដែល​ធ្លាប់​បាន​ត្អូញ​ត្អែរពី​ការ​កាត់​ទោស​នៅ​កម្ពុជាថា​ពេល​ខ្លះជញ្ជីង​យុត្តិធម៌​បាន​ប្រែ​ក្រឡា​សធ្វើ​ខ្មៅ​ឲ្យ​ទៅ​ជា​សត្រឡប់​ស​ទៅ​ជា​ខ្មៅ​នោះ។រហូត​ដល់​មាន​អ្នក​ខ្លះក្នុង​សម័យ​ថ្មី​នេះបាន​ចង​ក្រង​ជា​ពាក្យ​បង្អាប់​ស្ថាប័ន​យុត្តិធម៌​ផង​ថា “តុលាការ​ជា​ទី​គោរពបើ​លុយ​មិន​គ្រប់ខ្ញុំ​កាត់​ឲ្យ​ចាញ់! តុលាការ​ជាទី​ស្រលាញ់ខ្ញុំ​ត្រូវ​កាត់​ឲ្យ​ចាញ់​ព្រោះ​លុយ​មិន​គ្រប់!” ជា​ពាក្យ​ចំអក​បែប​លេង​សើច​ជា​ដើម​ផង។​

ដោយ​សារ​តែ​ការ​គ្មាន​ទំនុក​ចិត្ត​ចំពោះ​តុលាការ​និង​ប្រព័ន្ធ​ស្វែង​រក​យុត្តិធម៌បាន​កើត​មាន​ដូច្នេះ​ហើយទើប​បាន​ជា​មាន​ពេល​ខ្លះ​ទៀតអ្នក​រង​គ្រោះ​ដោយ​អំពើ​អយុត្តិធម៌​ខ្លះ​គឺ​មិន​បាន​ទៅ​តវ៉ា​ទាមទារ​រក​ខុស​ត្រូវ​ចំពោះ​មុខ​វិស័យ​យុត្តិធម៌​នោះ​ទេគឺ​បែរ​ជា​ទៅ​ស្រែក​ពឹង​ពាក់​អ្នក​ធំអ្នក​មាន​លុយនិង​មាន​អំណាចឬ​រក​ជំនួយ​ពី​សំណាក់​អ្នក​ដែល​មាន​ខ្នង​ក្រាស់ឲ្យ​ជួយ​ដោះ​ស្រាយ​រឿង​របស់​ខ្លួនទៅ​វិញគឺ​ដូច​អ្វី​ដែល​គេ​ធ្លាប់​បាន​ដឹង​ឮ​និង​ឃើញ​កើត​មាន​ស្រាប់។

បើ​គេ​ពិនិត្យ​មើល​ឲ្យ​ស៊ី​ជម្រៅ​ទៀត! ​ភាគ​ច្រើន​នៃ​អ្នក​ជួប​រឿង​អយុត្តិធម៌ហើយ​ដែល​មិន​ចង់​ប្តឹងឬមិន​ហ៊ាន​ប្តឹង​ផ្តល់​នោះគឺ​ជា​ជន​រងគ្រោះដែល​ជា​អ្នក​ទន់​ខ្សោយ។ផ្ទុយ​ទៅ​វិញបើ​ជន​រងគ្រោះ​នៃ​អំពើ​ល្មើស​នោះជា​អ្នក​មាន​លុយ​និង​មាន​អំណាច​ប្រហែល​ជា​នឹង​តតាំង​ក្តី​រហូត​ដល់​ទី​បំផុតផង​ក៏​មិនដឹង។ដូច្នេះចំពោះ​ជន​រង​គ្រោះដែល​មាន​លុយ​តិចនិង​គ្មាន​អំណាច​ធំគឺ​ច្រើន​តែ​ត្រូវ​សម្ងំ​ខ្លួន​​ខាំ​មាត់​សង្កត់​ចិត្តបិទ​ភ្នែកខ្ទប់​ត្រចៀកនិង​ទទួល​រង​អំពើ​អយុត្តិធម៌​ទៅ។

បើ​និយាយ​ដោយ​ឡែក​ពី​មន្ត្រី​តុលាការនិង​អ្នក​ជំនាញ​ច្បាប់​វិញមន្ត្រី​ជាន់​របស់​ក្រសួង​យុត្តិធម៌​បាន​ថ្លែង​ទទួល​ស្គាល់​និង​ប្រាប់​ទៅ​ដល់​អ្នក​សារព័ត៌មាន​ជា​ញឹក​ញយ​ដែរថាកម្ពុជា​មិន​ទាន់​មានធនធាន​មនុស្ស​ក្នុង​វិស័យ​ច្បាប់​នេះ​ឲ្យ​បាន​ច្រើន​សម្បូរ​បែបនិង​គ្រប់​គ្រាន់​នៅ​ឡើយ​ដែរ។ការ​ខ្វះ​ខាត​មន្ត្រី​តុលាការនិង​អ្នក​ជំនាញ​ច្បាប់គឺ​បាន​ធ្វើ​ឲ្យ​សំណុំ​រឿង​ខ្លះ​ត្រូវ​គរ​ជាគំនរដែល​សំណុំ​រឿង​ខ្លះ​ត្រូវ​ស៊ី​ចាយ​ពេល​វេលា​ច្រើន​ឆ្នាំទម្រាំ​កាត់​សេចក្តី​ពី​តុលាការ។ដូច្នេះ​ហើយទើប​សកល​វិទ្យាល័យ​នីតិសាស្ត្រ​នៅ​ភ្នំពេញខំ​ប្រឹង​បណ្តុះ​អ្នក​ច្បាប់​ជា​បន្ត​បន្ទាប់​ជា​រៀង​រាល់​ឆ្នាំ។​

បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ចុះ​! កម្ពុជា​គឺ​ជា​ប្រទេស​ដែល​​អះអាង​ថា​ប្រកាន់​នីតិរដ្ឋទំនង​ជា​មិន​អាច​ទុក​ឲ្យ​ពលរដ្ឋ​របស់​ខ្លួនមាន​ការ​ភ័យ​ខ្លាច​រអារ​ក្នុង​ការ​ទាម​ទារ​រក​យុត្តិធម៌​ឲ្យ​ខ្លួនហើយ​ក៏​មិន​អាច​បន្ត​បណ្តោយ​ឲ្យ​ពលរដ្ឋ​មាន​សតិ​អារម្មណ៍​មិន​ល្អឬ​គ្មាន​ទំនុក​ចិត្ត​ចំពោះ​ជញ្ជីង​យុត្តិធម៌​បាន​នោះ​ទៀត​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ