យុត្តិធម៌សម្រាប់លោកបណ្ឌិត កែម ឡី នៅទីណា?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:០១
ថ្ងៃទី១០កក្កដានេះ គឺជាខួប១ឆ្នាំនៃឃាតកម្មបាញ់សម្លាប់អ្នកវិភាគល្បីឈ្មោះ លោកបណ្ឌិត កែម ឡី។ ក្នុងឱកាសនេះ អ្នកពាក់ព័ន្ធនិងពលរដ្ឋបានទទូចឲ្យស្ថាប័នមានសមត្ថកិច្ច ផ្ដល់យុត្តិធម៌ជូនលោក កែម ឡី បើទោះបីជាឃាតករបាញ់សម្លាប់លោកត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតហើយក៏ដោយ។ សម្រាប់អ្នកវិភាគមួយចំនួន ការផ្ដន្ទាទោសឃាតករឈ្មោះ ជួប សម្លាប់ គឺជាយុត្តិធម៌។ ប៉ុន្តែវាជាយុត្តិធម៌សម្រាប់ ជួប សម្លាប់ ប៉ុណ្ណោះ មិនមែនសម្រាប់លោក កែម ឡី ទេ។ តើយុត្តិធម៌សម្រាប់លោកបណ្ឌិត កែម ឡី នៅទីណា?
គិតរហូតមកទល់ថ្ងៃនេះ លោកបណ្ឌិត កែម ឡី អ្នកវិភាគដ៏ល្បីឈ្មោះ បានលាចាកពីលើលោកនេះអស់រយៈពេល១ឆ្នាំពេញហើយ។ ១ឆ្នាំកន្លងមកនេះ សម្រែកទាមទាររកយុត្តិធម៌នៅតែបន្លឺឡើងជាប្រចាំ បើទោះបីជាតុលាការ បានសម្រេចផ្ដន្ទាទោសខ្មាន់កាំភ្លើងដែលបាញ់ប្រហារលោកបណ្ឌិត កែម ឡី រួចហើយក៏ដោយ។
ជួប សម្លាប់ ឬ អឿត អាង ត្រូវបានសាលាដំបូងក្រុងភ្នំពេញ ចេញសាលក្រមផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត កាលពីថ្ងៃទី២៣ មីនា ឆ្នាំ២០១៧ ពីបទឃាតកម្មគិតទុកជាមុន និងបទកាន់កាប់អាវុធគ្មានការអនុញ្ញាត។
ចំពោះសំណុំរឿងទូទៅ សាលក្រមគឺជាសេចក្ដីប្រកាសពីយុត្តិធម៌។ ប៉ុន្តែអ្នកវិភាគមួយចំនួនកត់សម្គាល់ថា យុត្តិធម៌ដែលនឹងត្រូវប្រកាសក្នុងសាលក្រមនាពេលខាងមុខនេះ គឺសម្រាប់ ជួប សម្លាប់ ប៉ុណ្ណោះ មិនមែនសម្រាប់លោក កែម ឡី ទេ។ នោះក៏ព្រោះតែដំណើរការកាត់សេចក្ដីក្នុងសំណុំរឿងនេះ ប្រព្រឹត្តទៅក្រោមវត្តមានភាគីតែម្ខាង គឺភាគីជនជាប់ចោទនិងមេធាវីការពារក្ដី។ ខណៈក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ពិសេសភរិយា គឺលោកស្រី ប៊ូ រចនា បោះបង់ចោលសិទ្ធិជាដើមបណ្ដឹងរដ្ឋប្បវេណី មិនចូលតតាំងស្វែងរកយុត្តិធម៌នៅតុលាការ។
សម្រាប់អង្គការសង្គមស៊ីវិលដែលជាអ្នកសង្កេតការណ៍ អវត្តមាននៃដើមបណ្ដឹងរដ្ឋប្បវេណី គឺលោកស្រី ប៊ូ រចនា ឬមេធាវីការពារក្ដី ធ្វើឲ្យបាត់បង់យុត្តិធម៌មួយផ្នែកសម្រាប់លោកបណ្ឌិត កែម ឡី។
មែនទែនទៅ វាជារឿងគួរឲ្យសោកស្ដាយនៅពេលក្រុមគ្រួសារលោកបណ្ឌិត កែម ឡី មិនចូលរួមនៅក្នុងសវនាការ។ ប៉ុន្តែយ៉ាងណាក៏ដោយ គេពិបាកនឹងបន្ទោសពួកគាត់ណាស់។ ពិបាកបន្ទោសព្រោះហេតុផលពីរសំខាន់៖ ទី១ ក្រោយការបាត់បង់លោកកែម ឡី វាជារឿងធម្មតាដែលក្រុមគ្រួសារបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។ និងទី២ ភរិយាលោក កែម ឡី គឺលោកស្រី ប៊ូ រចនា ធ្លាប់បានបញ្ជាក់កន្លងមកហើយថា លោកស្រីគ្មានសង្ឃឹមនឹងទទួលបានយុត្តិធម៌។ ដូច្នេះ វាមិនចម្លែកទាល់តែសោះដែលលោកស្រីមិនចូលរួមសវនាការ ឬមិនចាត់ចែងមេធាវីដើម្បីធ្វើការងារជំនួស។
ប៉ុន្តែយ៉ាងណាក៏ដោយ គ្រាន់តែអវត្តមានដើមបណ្ដឹងរដ្ឋប្បវេណី មិនមែនមានន័យថា យុត្តិធម៌សម្រាប់លោកបណ្ឌិត កែម ឡី ត្រូវស្ថិតនៅក្នុងភាពងងឹតទាំងស្រុងដែរ។ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ នៅមានអង្គអយ្យការ ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចោទប្រកាន់បទល្មើស ព្រមទាំងដឹកនាំការស៊ើបអង្កេត។
កន្លងមក នៅក្នុងសំណុំរឿងលោកបណ្ឌិតកែម ឡី គេកត់សម្គាល់ឃើញថា អង្គអយ្យការ រួមសហការជាមួយសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធ បានធ្វើការងារច្រើនណាស់ ក្នុងគោលដៅស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។ គ្រាន់តែការងារដែលបានធ្វើកន្លងមកនោះ សង្គមស៊ីវិលដែលតាមដានសវនាការយល់ថា នៅមិនទាន់គ្រប់គ្រាន់ និងនៅមានមន្ទិល។ សម្រាប់អង្គការសង្គមស៊ីវិល មានតែការគាស់កកាយ ស្រាវជ្រាវ ស្វែងរក និងដាក់ទោសទណ្ឌលើអ្នកពាក់ព័ន្ធ ឬអ្នកនៅពីក្រោយសំណុំរឿងនេះទេ ទើបអាចផ្ដល់យុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី បាន។
ក្នុងន័យនេះ អង្គអយ្យការនិងស្ថាប័នពាក់ព័ន្ធទាំងអស់ គួរតែរួមគ្នាបង្ហាញឲ្យអស់ថ្វីដៃ ដើម្បីឲ្យសង្គមស៊ីវិល គ្រួសារជនរងគ្រោះ និងសាធារណជន ឃើញថា តុលាការខ្មែរមានឆន្ទៈពិតប្រាកដក្នុងការស្វែងរកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី។ និងសំខាន់ជាងនេះ ដើម្បីលាងសម្អាតក្ដីសង្ស័យនិងការចោទប្រកាន់ដែលរដ្ឋាភិបាលកម្ពុជាយល់ឃើញថា ធ្វើឡើងដោយគ្មានមូលដ្ឋាន។ ចំពោះសំណួរដែលចោទសួរថា តើយុត្តិធម៌សម្រាប់លោកបណ្ឌិតកែម ឡី ស្ថិតនៅទីណា? គេត្រូវរង់ចាំមើលឆន្ទៈ និងសកម្មភាពរបស់អង្គអយ្យការក្នុងសំណុំរឿងនេះសិន ទើបអាចស្វែងរកចម្លើយនៃសំណួរនេះបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ