អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

យុត្តិធម៌​សម្រាប់​លោក​បណ្ឌិត កែម ឡី នៅ​ទី​ណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​ទី​១០​កក្កដានេះ គឺ​ជា​ខួប​១​ឆ្នាំ​នៃ​ឃាតកម្ម​បាញ់​សម្លាប់​អ្នក​វិភាគ​ល្បី​ឈ្មោះ លោក​បណ្ឌិត កែម ឡី​។ ក្នុង​ឱកាស​នេះ អ្នក​ពាក់ព័ន្ធ​និង​ពលរដ្ឋ​បាន​ទទូច​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច ផ្ដល់​យុត្តិធម៌​ជូន​លោក កែម ឡី បើ​ទោះ​បី​ជា​ឃាតករ​បាញ់​សម្លាប់​លោក​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ហើយ​ក៏​ដោយ​។ សម្រាប់​អ្នក​វិភាគ​មួយ​ចំនួន ការ​ផ្ដន្ទាទោស​ឃាតករ​ឈ្មោះ ​ជួប សម្លាប់ គឺ​ជា​យុត្តិធម៌។ ប៉ុន្តែ​វា​ជា​យុត្តិធម៌​​សម្រាប់ ​​ជួប ​សម្លាប់ ប៉ុណ្ណោះ​ មិនមែន​​​សម្រាប់​លោក កែម ឡី ទេ​។ តើ​យុត្តិធម៌​សម្រាប់​លោកបណ្ឌិត កែម ឡី ​នៅ​ទី​ណា?

តើ​​យុត្តិធម៌​​សម្រាប់​​លោក​បណ្ឌិត កែម ឡី ​នៅ​​ទី​​ណា?
តើ​​យុត្តិធម៌​​សម្រាប់​​លោក​បណ្ឌិត កែម ឡី ​នៅ​​ទី​​ណា? @Heam Chetra
ផ្សាយពាណិជ្ជកម្ម

គិត​រហូត​មក​ទល់​ថ្ងៃ​នេះ លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​ដ៏​ល្បី​ឈ្មោះ បាន​លា​ចាក​ពី​លើ​លោក​នេះ​អស់​រយៈ​ពេល​១​ឆ្នាំ​ពេញ​ហើយ​។ ១​ឆ្នាំ​កន្លង​មក​នេះ សម្រែក​ទាមទារ​រក​យុត្តិធម៌​នៅ​តែ​បន្លឺ​ឡើង​ជា​ប្រចាំ បើ​ទោះ​បី​ជា​តុលាការ បាន​សម្រេច​ផ្ដន្ទាទោស​ខ្មាន់​កាំភ្លើង​ដែល​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី រួច​ហើយ​ក៏​ដោយ​។

ជួប សម្លាប់ ឬ អឿត អាង ត្រូវ​បាន​សាលា​ដំបូង​ក្រុង​ភ្នំពេញ ចេញ​សាល​ក្រម​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត កាល​ពី​ថ្ងៃ​ទី​២៣ មីនា ឆ្នាំ​២០១៧​​ ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន និង​បទ​កាន់​កាប់​អាវុធ​គ្មាន​ការ​អនុញ្ញាត​។

ចំពោះ​​សំណុំ​រឿង​ទូទៅ សាលក្រម​គឺ​ជា​សេចក្ដី​ប្រកាស​ពី​យុត្តិធម៌​។ ប៉ុន្តែ​អ្នក​វិភាគ​មួយ​ចំនួន​កត់​សម្គាល់​ថា យុត្តិធម៌​ដែលនឹង​ត្រូវ​ប្រកាស​ក្នុង​សាលក្រម​នា​ពេល​ខាង​មុខ​នេះ គឺ​សម្រាប់ ​​ជួប ​សម្លាប់ ប៉ុណ្ណោះ​ មិនមែន​​​សម្រាប់​លោក កែម ឡី ទេ​។ នោះ​ក៏​ព្រោះ​តែ​ដំណើរការ​កាត់​សេចក្ដី​ក្នុង​សំណុំ​រឿង​នេះ ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមាន​ភាគី​តែ​ម្ខាង គឺ​ភាគី​ជន​ជាប់​ចោទ​និង​មេធាវី​ការពារ​ក្ដី​។​ ខណៈ​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ពិសេស​ភរិយា គឺ​លោក​ស្រី ប៊ូ រចនា បោះ​បង់​ចោល​សិទ្ធិ​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី មិន​ចូល​តតាំង​ស្វែង​រក​យុត្តិធម៌​នៅ​តុលាការ​។

សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ដែល​ជា​អ្នក​សង្កេតការណ៍ អវត្តមាន​នៃ​ដើម​បណ្ដឹង​រដ្ឋប្បវេណី គឺ​លោកស្រី ប៊ូ រចនា ឬ​មេធាវី​ការពារ​ក្ដី ធ្វើ​ឲ្យបាត់​បង់​យុត្តិធម៌​មួយ​ផ្នែក​សម្រាប់​លោក​បណ្ឌិត កែម ឡី​។

មែន​ទែន​ទៅ វា​ជា​រឿង​គួរ​ឲ្យ​សោក​ស្ដាយ​នៅ​ពេល​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី មិន​ចូល​រួម​នៅ​ក្នុង​សវនាការ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ គេ​ពិបាក​នឹង​បន្ទោស​ពួក​គាត់​ណាស់​។ ពិបាក​បន្ទោស​ព្រោះ​​ហេតុផល​ពីរ​សំខាន់៖ ទី​១ ក្រោយ​ការ​បាត់​បង់​លោក​កែម ឡី វា​ជា​រឿង​ធម្មតា​ដែល​ក្រុម​គ្រួសារ​​បារម្ភ​ពី​​សុវត្ថិភាព​ផ្ទាល់​ខ្លួន​​។ និង​ទី​២ ភរិយា​លោក កែម ឡី គឺ​លោក​ស្រី ប៊ូ រចនា ធ្លាប់​បាន​បញ្ជាក់​កន្លង​មក​ហើយ​ថា លោក​ស្រី​គ្មាន​សង្ឃឹម​នឹង​ទទួល​បាន​យុត្តិធម៌​។ ដូច្នេះ វា​មិន​ចម្លែក​ទាល់​តែ​សោះ​ដែល​លោក​ស្រី​មិន​ចូល​រួម​សវនាការ ឬ​មិន​ចាត់​ចែង​មេធាវី​​ដើម្បី​ធ្វើ​ការងារ​ជំនួស​។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ គ្រាន់​តែ​អវត្តមាន​ដើម​បណ្ដឹង​រដ្ឋប្បវេណី មិន​មែន​មាន​ន័យ​ថា យុត្តិធម៌​សម្រាប់​លោក​បណ្ឌិត កែម ឡី ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត​ទាំង​ស្រុង​ដែរ​។ នៅ​ក្នុង​សំណុំ​រឿងព្រហ្មទណ្ឌ នៅ​មាន​អង្គ​អយ្យការ​ ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​​ចោទ​ប្រកាន់​បទ​ល្មើស ព្រម​ទាំង​​ដឹក​នាំ​ការ​ស៊ើប​អង្កេត​​។

កន្លង​មក នៅ​ក្នុង​សំណុំ​រឿង​លោក​បណ្ឌិតកែម ឡី គេ​កត់​សម្គាល់​ឃើញ​ថា អង្គ​អយ្យការ រួម​សហការ​ជាមួយ​សមត្ថកិច្ច​និងអាជ្ញាធរ​ពាក់ព័ន្ធ បាន​ធ្វើ​ការងារ​ច្រើន​ណាស់ ក្នុង​គោលដៅ​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ។ គ្រាន់​តែ​ការងារ​ដែល​បាន​ធ្វើ​កន្លង​មក​នោះ សង្គម​ស៊ីវិល​ដែល​តាម​ដាន​សវនាការ​យល់​ថា នៅមិន​ទាន់​គ្រប់​គ្រាន់ និង​នៅ​មាន​មន្ទិល​។ សម្រាប់​អង្គការ​សង្គម​ស៊ីវិល មាន​តែ​ការ​គាស់​កកាយ ស្រាវ​ជ្រាវ ស្វែង​រក និង​ដាក់​ទោស​ទណ្ឌ​លើ​​អ្នក​ពាក់ព័ន្ធ ឬ​អ្នក​នៅ​ពីក្រោយ​​សំណុំ​រឿង​​នេះ​ទេ ទើប​អាចផ្ដល់​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី បាន​។

ក្នុង​ន័យ​នេះ អង្គ​អយ្យការ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់ គួរ​តែ​រួម​​គ្នា​បង្ហាញ​ឲ្យ​អស់​ថ្វី​ដៃ ដើម្បី​ឲ្យ​សង្គម​ស៊ីវិល គ្រួសារ​ជន​រង​គ្រោះ និង​សាធារណជន ឃើញ​ថា តុលាការ​ខ្មែរ​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី​។ និង​សំខាន់​ជាង​នេះ ដើម្បី​លាង​សម្អាត​ក្ដី​សង្ស័យ​និង​ការ​ចោទ​ប្រកាន់ដែល​​រដ្ឋាភិបាល​កម្ពុជា​យល់​ឃើញ​ថា ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​។ ចំពោះ​សំណួរ​ដែល​ចោទ​សួរ​ថា តើ​យុត្តិធម៌​សម្រាប់​លោក​បណ្ឌិត​កែម ឡី ស្ថិត​នៅ​ទី​ណា? គេ​ត្រូវ​រង់​ចាំ​មើល​ឆន្ទៈ និង​សកម្មភាព​របស់​អង្គអយ្យការ​ក្នុង​សំណុំ​រឿង​នេះ​សិន ទើប​អាច​ស្វែង​រក​ចម្លើយ​នៃ​សំណួរ​នេះ​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ