អានតួអត្ថបទ
កម្ពុជា

ម្រេច​កំពត​រំពឹង​បាន​ផល​១០០​តោន​ក្នុង​ឆ្នាំ​២០១៧

រដូវ​ប្រមូល​ផល​​ម្រេច​បាន​ចាប់​ផ្ដើម​ហើយ នា​ដំណាច់​ខែ​មករា​នេះ​។ សម្រាប់​ឆ្នាំ​២០១៧ ម្រេច​កំពត ដែល​ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​របស់​កម្ពុជា រំពឹង​ថា​ទទួល​បានទិន្ន​ផល​រហូត​ដល់​ទៅ​១០០​តោន ខណៈ​ឆ្នាំ​២០១៦​កន្លង​ទៅ ម្រេច​កំពត​ទទួល​ផល​បាន​ត្រឹម​តែ​៧៣​តោន​ប៉ុន​ណោះ​។

ការប្រមូល​ផលម្រេច​នៅចម្ការ​ក្នុង​​ខេត្ត​កំពត ខែ​មករា ឆ្នាំ​២០១៧
ការប្រមូល​ផលម្រេច​នៅចម្ការ​ក្នុង​​ខេត្ត​កំពត ខែ​មករា ឆ្នាំ​២០១៧ RFI/Im Rachna
ផ្សាយពាណិជ្ជកម្ម

ការ​ប្រមូល​ផល​ម្រេច​ចាប់​ផ្ដើម​ហើយ​នៅ​ខេត្ត​កំពត សម្រាប់​ការ​ផលិត​ម្រេច​ខ្មៅ​។ ចំណែក​ការ​ប្រមូល​ផល​សម្រាប់​ផលិត​ម្រេច​ក្រហម និង ម្រេច​ស នៅ​មិន​ទាន់​ចាប់​ផ្ដើម​នៅ​ឡើយ​ទេ គឺ​ត្រូវ​រង់​ចាំ​រហូត​ដល់​ខែ​កុម្ភៈ​ខាង​មុខ​។

លោក ងួន ឡាយ ប្រធាន​សមាគម​ម្រេច​កំពត បាន​គូស​បញ្ជាក់​ថា ទិន្នផល​ម្រេច​កំពត​នៅ​ឆ្នាំ​២០១៧​នេះ រំពឹង​ថា​ទទួល​ផល១០០​តោន ច្រើន​ជាង​ឆ្នាំ​មុន​ដែល​ទទួល​ផល​បាន​ត្រឹម​តែ​៧៣​តោន​ប៉ុន​ណោះ​។ ការ​កើន​ឡើង​នេះ​ត្រូវ​បាន​លោក ងួន ឡាយ ពន្យល់​ថា គឺ​ដោយ​សារ​តែ​សមាគម​បាន​ពង្រីក​ចំនួន​សមាជិក និង​ផ្ទៃ​ដី​ដាំ​ដុះ​​​បន្ថែម​ទៀត​។

សូម​បញ្ជាក់​ថា ខេត្ត​កំពត​មាន​ផ្ទៃ​ដី​សរុប​ជាង​៤​ពាន់​គីឡូម៉ែត្រ​ក្រឡា និង​មាន​ប្រជាជន​ជាង​៦៣​ម៉ឺន​នាក់​ ហើយ​ដំណាំ​ម្រេច​គឺ​ជា​ដំណាំ​កសិកម្ម​សម្គាល់​ភូមិ​សាស្ត្រ​ក្នុង​ខេត្ត​នេះ​។ សព្វ​ថ្ងៃ កំពត​មាន​ផ្ទៃ​ដី​ដាំ​ម្រេច​ប្រមាណ​១៨០​ហិកតា ហើយ​ក្នុង​ចំណោម​នោះ មាន​ផ្ទៃដី​ប្រមាណ​៤០​ហិកតា កំពុង​តែ​ផ្ដល់​ផល​ម្រេច​ជា​រៀង​រាល់​ឆ្នាំ​។

បើ​តាម​ប្រធាន​សមាគម​ម្រេច​កំពត ម្រេច​ដែល​ទទួល​ផល​ជា​រៀង​រាល់​ឆ្នាំ ត្រូវ​នាំ​ចេញ​ទៅ​លក់​នៅ​សហភាព​អឺរ៉ុប អាមេរិក ចិន កូរ៉េ ជប៉ុន និង​ហុងកុង​ជា​ដើម។ តម្លៃ​ម្រេច​ក្នុង​ឆ្នាំ​នេះ នៅ​រក្សា​ដដែល ដូច​ទៅ​នឹង​ឆ្នាំ​២០១៦​កន្លង​ទៅ​ដែរ​។ ពោល ម្រេច​ខ្មៅ​មាន​តម្លៃ​១៥​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ម្រេច​ក្រហម​តម្លៃ​២៥​ដុល្លារ និង​ម្រេច​ស​តម្លៃ​២៨​ដុល្លារ​។

គួរ​រំឭក​ថា ម្រេច​កំពត គឺ​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​របស់​កម្ពុជា ដែល​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​ពាណិជ្ជកម្ម​។ មិន​ត្រឹម​តែ​ប៉ុនណោះ កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ ម្រេច​កំពត​បាន​ក្លាយ​ទៅ​ជា​ផលិផល​សម្គាល់​ភូមិសាស្ត្រ​ដំបូង​គេ​របស់​កម្ពុជា ដែល​បាន​ចុះ​ក្នុង​បញ្ជី​ ផលិតផល​សម្គាល់​ភូមិសាស្ត្រ​របស់​សភាព​អឺរ៉ុប​។ ការ​ចុះ​បញ្ជី​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​នេះ មិន​ត្រឹម​តែ​ធានា​នូវកេរ្តិ៍ឈ្មោះ និង​​គុណភាព​ម្រេច​កំពត​ទេ តែ​វាថែម​ទាំង​​ការពារ​ភាព​​ស្រប​ច្បាប់​របស់​ម្រេច​កំពត​នៅ​ក្នុង​សហភាព​អឺរ៉ុប​​ទៀត​ផង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ