អានតួអត្ថបទ
កម្ពុជា-នយោបាយ

ខ្មែរកម្ពុជាក្រោម ប្រារព្ធខួប៦៨ ឆ្នាំ នៃការបាត់បង់ទឹកដី

តំណាង​ព្រះមហាក្សត្រ​កម្ពុជា ព្រះ​បាទ​នរោត្តម​សីហ​មុនី គណ​បក្ស​នយោបាយ និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម រាប់​រយ​នាក់​ នៅ​ថ្ងៃ​នេះ បាន​ជួប​ជុំ​គ្នា​នៅ​វត្ត​ចាស់ សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយ​ចង្វារ ដើម្បី​ប្រារព្ធ​ខួប​៦៨​ឆ្នាំ​នៃ​ការ​បាត់​បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម។ ថ្លែង​នៅ​ក្នុង​ពិធី​នេះ ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​រៀប​រាប់​ពី​ទុក្ខ​វេទនា​របស់​ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម​ធ្វើ​ទុក្ខ​បុក​ម្នេញ​ជា​ប្រចាំ និង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​រួម​គ្នា ទារ​យក​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​មក​វិញ​។ 

ការជួបជុំ របស់ព្រះសង្ឃខ្មែរកម្ពុជាក្រោម នាឱកាសទិវារំឮកខួបនៃការបាត់បង់ទឹកដីកម្ពុជាក្រោមនាពេលកន្លងទៅ
ការជួបជុំ របស់ព្រះសង្ឃខ្មែរកម្ពុជាក្រោម នាឱកាសទិវារំឮកខួបនៃការបាត់បង់ទឹកដីកម្ពុជាក្រោមនាពេលកន្លងទៅ @RFI
ផ្សាយពាណិជ្ជកម្ម

៤ មិថុនា ឆ្នាំ ១៩៤៩ - ៤ មិថុនា ឆ្នាំ ២០១៧ គឺ​ជា​ខួប ៦៨​ឆ្នាំ​ដែល​អាណានិគម​បារាំង បាន​កាត់​ផ្ទេរ​ទឹក​ដី​ខ្មែរកម្ពុជា​ក្រោម ​ដែល​មាន​ខេត្ត​សរុប​ចំនួន​២១​ខេត្តទៅ​ឲ្យ​វៀតណាម​។

ថ្លែង​ក្នុង​កម្មវិធី​ខួប​៦៨ ឆ្នាំ​នៃ​ការ​បាត់​បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​រំឭក​ឡើង​វិញ​នូវ​ប្រវត្តិសាស្រ្ត ​ការ​ឈឺ​ចាប់​របស់ពល​រដ្ឋ​ខ្មែរ​កម្ពុជាក្រោម ដោយ​សារ​តែ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​រដ្ឋាភិបាល​វៀត​ណាម និង​ការ​រិះគន់​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា​ផង​ ថាមិន​បាន​អើពើ​ និង​មិនសូវ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រោម។​

មិន​ខុស​គ្នា​ដែរ លោក​កឹម ស៊ី​សំណាង តំណាង​អង្គ​ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម អះ​អាង​​ថា​ បច្ចុប្បន្ន សិទ្ធ​សេរីភាព​នៃ​ជំនឿ​និង​សាសនា ការ​សិក្សា​អប់​រំ ក៏​ដូច​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ត្រូវ​បាន​រឹត​ត្បិត ហើយ​មិន​មាន​ភាព​ល្អ​ប្រសើរ​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ។ ចំណែក​ជីវភាព​រស់​នៅ​របស់ពលរដ្ឋ​ទៀត​សោត ក៏​នៅ​តែ​មាន​ភាព​ដុន​ដាប​ដោយ​សារ​តែ​ការ​រឹប​អូស​យក​ដី​ស្រែ​ចំការ​របស់​អាជ្ញាធរ​វៀត​ណាម​។

ក្រៅ​តែ​ពី​រំឮក​ពី​ភាព​ឈឺ​ចាប់​នៃ​ការ​បាត់​បង់​ទឹក​ដី និង​បញ្ហា​ប្រឈម​របស់​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ថ្លែងថា នៅ​ដើម​សប្តាហ៍​ក្រោយ​នេះ នឹង​ដឹក​នាំ​សមាជិក​ចំនួន​ជាង​២០០ នាក់ ដើម្បីហែរ​ញ្ញត្តិ​ទៅ​រដ្ឋសភា​ សុំ​ដាក់​បញ្ចូល​ថ្ងៃ​ទី ៤ មិថុនា ជា​ទិវា​កាន់​ទុក្ខ​ជាតិ​។ ជា​ទិវា​ដែល​លោក អះ​អាង​ថា មាន​សារៈ​សំខាន់​ណាស់ ព្រោះថា​វា​ជា​ការ​រំឮក​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយៗ​ចង​ចាំ​នូវ​ថ្ងៃ​ដែល​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម​។ ក៏​ប៉ុន្តែ​ការ​ហែរ​ញ្ញត្តិ​នេះ មិន​ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត្តិ​នោះ​ឡើយ ដោយ​ចាត់​ទុក​ថា​ជា​សកម្មភាព​ដែល​អាច​ប៉ះពាល់​ដល់​សន្តិសុខ និង​សណ្តាប់​ធ្នាប់​សាធារណៈ​ ហើយ​អាច​បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​។

លោក មាស ម៉េត្រភក្តី អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ពន្យល់​ថា សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ គួរជ្រើស​រើស​វិធី​សាស្រ្ត​ផ្សេង​ដើម្បី​ដាក់​ញ្ញត្តិ​ទៅ​រដ្ឋសភា​ដើម្បី​បញ្ចៀស​បញ្ហា​នានា ហើយ​សាលា​រាជ​ធានីជឿ​ជាក់​ថា​សមាគម​នឹង​មិន​ល្មើស​សេចក្តី​ណែនាំ​របស់​អាជ្ញាធរ​នោះ​ឡើយ។

បើ​តាម​ឯកសារ​របស់​សហគមន៍​នេះ​ ទឹក​ដី​កម្ពុជា​ក្រោម​មាន​ផ្ទៃ​ដី​ ៦៨,៩៦៥​គីឡូ​ម៉ែត្រក្រឡា ហើយ​បច្ចុប្បន្ន​មាន​ប្រជាជន​រស់​នៅ​ជាង ១៤​លាន​នាក់ មាន​វត្ត​អារាម​ពុទ្ធសាសនា ៥៦៧​វត្ត និង​មាន​ព្រះសង្ឃ​ខ្មែរ​ជាង ២​ម៉ឺន​អង្គ​គង់​នៅ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ