អានតួអត្ថបទ
កម្ពុជា

ថ្វី​បើ​អាជ្ញាធរ​រាប់​សិប​នាក់​រារាំង តែ​ខ្មែរ​ក្រោម​នៅ​តែ​អាច​ដាក់​ញត្តិ​ជូន​រដ្ឋសភា​ដូច​ការ​គ្រោង​ទុក

តាំង​តែ​ពី​ព្រឹក​ព្រលឹម​មក អាជ្ញាធរ​ក្រុង​ភ្នំពេញ​រាប់​សិប​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​បរិវេណ​មុខ​វត្ត​ចាស់ ជ្រោយ​ចង្វារ ដើម្បី​រារាំង​មិន​ឲ្យ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ដង្ហែ​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា​ក្នុង​គោល​បំណង​ស្នើ​ឲ្យ​បញ្ចូល​ថ្ងៃ​ទី​៤ មិថុនា​ដែល​ជា​ថ្ងៃ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម ជា​ទិវា​បុណ្យ​ជាតិ។ ថ្វី​បើ​មិន​ឲ្យ​ហែ​ក្បួន តែ​អាជ្ញាធរ​ក៏​បាន​អនុញ្ញាត​ឲ្យ​តំណាង​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ទៅ​ដាក់​ញត្តិ​ដោយ​ជោគ​ជ័យ​នៅ​រដ្ឋសភា​ដែរ។

អាជ្ញាធរជាច្រើននាក់ដែលប្រដាប់ដោយខែល និងដំបង
អាជ្ញាធរជាច្រើននាក់ដែលប្រដាប់ដោយខែល និងដំបង
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​ជា​ច្រើន​នាក់​ដែល​ប្រដាប់​ដោយ​ខែល និង​ដំបង​ហើយ​ឈរ​ជា​ជួរៗ អម​ដោយ​រថយន្ត​បាំង​ផ្លូវ​ចំនួន​ពីរ​គ្រឿង​ទៀត បាន​បិទ​ផ្លូវ​នៅ​ពី​មុខ​វត្ត​ចាស់ ជា​ទី​ដែល​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​គ្រោង​នាំ​គ្នា​ហែ​ញត្តិ​ទៅ​ដាក់​រដ្ឋសភា​ខ្មែរ​នោះ។ ការ​រារាំង​ធ្វើ​ឡើង​អាជ្ញាធរ​ដែល​មាន​ចំនួន​ច្រើន​លើស​លុប​ជាង​អ្នក​ដង្ហែ​ក្បួន​នេះ មិន​បាន​បង្ក​ឲ្យ​កើត​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ឫ​ជា​អំពើ​ហិង្សា​ណា​មួយ​កើត​ឡើង​នោះ​ទេ។ នេះ ក៏​ព្រោះ​ថា​ អាជ្ញាធរ​បើ​ទោះ​បី​ជា​រារាំង​មែន តែ​ក៏​បាន​អនុញ្ញាត​ឲ្យ​តំណាង​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​បី​រថយន្ត​ធ្វើ​ដំណើរ​ទៅ​ដាក់​ញត្តិ​នៅ​រដ្ឋសភា​ដែរ។

នៅ​ឯ​មុខ​រដ្ឋសភា​ឯណេះ​វិញ តំណាង​គណៈកម្មការ​ទី​១ និង​ទី​១០ នៃ​រដ្ឋសភា​បាន​ចេញ​មក​ទទួល​យក​ញត្តិ​របស់​សហគមន៍​ខ្មែរ​ក្រោម​កម្ពុជា។ នៅ​ក្នុង​ញត្តិ​នោះ​ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​បាន​ស្នើ​ឲ្យ​រដ្ឋសភា​ខ្មែរ​មេត្តា​ពិចារណា​ដាក់​បញ្ចូល​ថ្ងៃ​ទី​០៤​មិថុនា ថៃ្ង​ដែល​បាត់​បង់​ទឹក​កម្ពុជា​ក្រោម​ទៅ​ជា​ទិវា​បុណ្យ​ជាតិ។ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​បាន​អះអាង​ថា ទឹក​ដី​កម្ពុជា​ក្រោម ឫ​បារាំង​ហៅ​ថា កូសាំងស៊ីន ត្រូវ​បាន​បារាំង​កាត់​ផ្ទេរ​ទៅ​ឲ្យ​វៀតណាម​ដោយ​គ្មាន​បាន​សួរ​ឫ​ពិគ្រោះ​ជាមួយ​ខ្មែរ​ដែល​ជា​ម្ចាស់​ទឹក​ដី​ឡើយ។ ទង្វើ​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ទទួល​រង​ទុក្ខ​វេទនា និង​បាន​ក្លាយ​ជា​ជន​ជាតិ​ភាគ​តិច​នៅ​លើ​ទឹក​កំណើត​របស់​ខ្លួន។ ដូច្នេះ​សម្រាប់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ការ​ដាក់​បញ្ចូល​ថ្ងៃ​ទី​៤ មិថុនា​ជា​ទិវា​បុណ្យ​ជាតិ គឺ​ដើម្បី​ឲ្យ​ប្រជាជាតិ​ខ្មែរ​ទាំង​មូល​ចង​ចាំ​នូវ​ទិវា​ជា​ប្រវត្តិសាស្រ្ត​នេះ។

ការ​ដាក់​ញត្តិ​របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ថ្ងៃ​នេះ​ធ្វើ​ឡើង​រំលង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​សហគមន៍​នេះ បាន​រៀប​ចំ​ពិធី​រំឮក​ខួប​ទី​៦៨​ឆ្នាំ​នៃ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម​ទៅ​ប្រទេស​វៀតណាម​កាល​ពី​ថ្ងៃ​សៅរ៍។ បើ​តាម​លោក​ថាច់ សេដ្ឋា ដែល​ជា​នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ប្រជាពលរដ្ឋ និង​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ធ្វើ​ទុក្ខ​បុកម្នេញ​ជា​ប្រចាំ​ហើយ​លោក​ក៏​បាន​ការ​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​ ដែល​មិន​អើពើ​ និង​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម។​

ទឹក​ដី​កម្ពុជា​ក្រោម​មាន​ទំហំ​ផ្ទៃ​ដី​ ៦៨,៩៦៥​គីឡូ​ម៉ែត្រ​ក្រឡា​ដោយ​មាន​ប្រជាជន​រស់​នៅ​ជាង ១៤​លាន​នាក់ ហើយ​មាន​វត្ត​អារាម​ពុទ្ធ​សាសនា ៥៦៧​វត្ត និង​មាន​ព្រះសង្ឃ​ខ្មែរ​ជាង ២​ម៉ឺន​អង្គ​គង់​នៅ។ នេះ​បើ​តាម​ឯកសារ​របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម។ ទឹក​ដី​នេះ ត្រូវ​បាន​កាត់​ទៅ​ឲ្យ​ប្រទេស​វៀតណាម​កាល​ពី​ថ្ងៃ​ទី​០៤ មិថុនា ឆ្នាំ​១៩៤៩ ដោយ​រដ្ឋបាល​បារាំង​ដែល​កាល​ណោះ​បាន​ធ្វើ​អាណានិគម​លើ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ