អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ស៊ីហ្សា​នៅ​តែ​អាច​រក​បាន​តាម​ហាង​មួយ​ចំនួន​ បន្ទាប់​ពី​ហាម​ឃាត់​កាល​ពី​ឆ្នាំ​ទៅ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​រក​ឃើញ​​យុវវ័យ​ក្មេងៗ​ជិត​១០០នាក់​​នៅ​ក្នុង​​ក្លឹប​​កំសាន្ត​​ចំនួន​២​ប្រមូល​ផ្តុំ​​គ្នា​​ជក់​​ស៊ី​ហ្សា​ កាល​ពី​​សប្តាហ៍​​មុន​ នៅ​​រាជធានី​​ភ្នំពេញ​ បង្ហាញ​ថា​ ការ​បើក​​ធ្វើ​​អាជីវកម្ម​​ស៊ី​ហ្សា​​នៅ​តែ​​បន្ត​​មាន​​ក្នុង​​ទ្រង់ទ្រាយ​​ធំ​ បើ​​ទោះ​ណា​ជា​​មាន​ការ​​ហាមឃាត់​​ក៏​ដោយ​។ ស៊ី​ហ្សា​​មាន​​ឥទ្ធិពល​ ទាប​​ជាង​ គ្រឿង​ញៀន​ ក៏​ប៉ុន្តែ​​ផល​ប៉ះពាល់​​មិន​​ចាញ់​​គ្នា​​ទេ​ ធ្វើ​​ឲ្យ​​អស់​ប្រាក់​ ខាត​បង់​​ការ​សិក្សា​ ខូច​​បង់​ អនាគត​។ ប្រឈម​​នឹង​​បញ្ហា​​ដូច្នេះ​ អាជ្ញា​ធរ​មាន​​សមត្ថកិច្ច​ គួរ​តែ​មាន​​វិធាន​ការ​​ម៉ឺងម៉ាត់​ ជា​​និរន្ត​​ន៍ ស្របតាម​​ការ​ណែនាំ​​ពី​​ប្រមុខ​​រដ្ឋាភិបាល កាល​ពី​​ឆ្នាំ​ទៅ។​

យុវជន​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដែល​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ ឌីធីអេ
យុវជន​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដែល​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ ឌីធីអេ ©RFI/លីដា
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ស្ងាត់ស្ងៀម​អស់​រយៈពេល​ជាង១ឆ្នាំ ស៊ី​ហ្សា បានបង្ហាញ​វត្តមាន​ឡើងវិញ​ហើយ ដោយមាន​ការគាំទ្រ​ពី​អតិថិជន​ដែលជា​យុវជន​វ័យ​ជំទង់​មាន​ស្រី​មាន​ប្រុស​ប្រមាណ​ជា​ជាង​៨០​នាក់។ ការបង្ហាញ​មុខជា​ថ្មី​ទាំង​បំពង់​ជក់​រចនា​គួរ​ឲ្យ​ទាក់ទាញ​និង​អ្នក​ជក់​ដ៏​សន្ធឹកសន្ធាប់​គ្រាន់តែ​សមត្ថកិច្ច​ប្រមូល​តែ២កន្លែង​ជា ឧទាហរណ៍​នោះ​មានន័យថា​ការអនុវត្ត​បទបញ្ជា ​​ប្រមុខ​​រដ្ឋាភិបាល មិនមាន​ប្រសិទ្ធិភាព យូរអង្វែង​ទេ។

កាលពី​សប្តាហ៍​មុន​ពួក​យុវជន​ដែលមាន​រូបរាង​ស្លេកស្លាំង​ចំនួន​ជាង៨០នាក់ ត្រូវបាន​ប្រមូល​ដាក់​ម្តុំ នៅ​ប៉ុស្តិ៍ប៉ូលិស បន្ទាប់ពី​ពួកគេ​បាន​ពពាក់ពពូន​គ្នា ជក់​ស៊ី​ហ្សា នៅ​ទីតាំង​ចំនួន២ក្នុង​រាជធានី​ភ្នំពេញ។ ស៊ី​ហ្សា គឺជា​ប្រភេទ​គ្រឿងញៀន​ម្យ៉ាង​ដែល​បាន​ទាក់ទាញ និង​ពង្វក់ស្មារតី​យុវជន​ក្មេង ឲ្យ​ភ្លេច​ការសិក្សា បំផ្លាញ​ថវិកា​ឪ​ពុក​ម្តាយ ទី​បំផុត​​បំផ្លាញ​​អនាគត​​ខ្លួន​ឯង​​យ៉ាង​​ប្រាកដ​។

កាលពី​ខែកុម្ភៈ​ឆ្នាំ២០១៤​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​បន្ទាន់​ឲ្យ​អាជ្ញាធរ រាជធានី​-ខេត្ត ទាំងអស់ ទប់ស្កាត់ រឹបអូស និង​បញ្ឈប់​ការប្រើប្រាស់​ផលិតផល ស៊ី​ស្សា និង​បារី​អេ​ឡិច-ត្រូ​និក ឬ e-cigarette  ដែល​ធ្វើ​ឲ្យ​យុវជន​ខ្មែរ ឈានដល់​ការប្រើប្រាស់​គ្រឿង​ញៀន​​ពិត​ប្រាកដ ដែល​ចាំបាច់​ត្រូវមាន​ការហាមឃាត់​ការ​នាំចូល​ផលិតផល​នេះ​នៅក្នុង​ប្រទេស​​កម្ពុជា។

ថ្វីបើ​ផលិតផល ស៊ី​សា និង e-cigarette មិនមាន​ផ្ទុក​សារធាតុ​ញៀន ដែល​មានចែង​ក្នុង​តារាង​ឧបសម្ព័ន្ធ​នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ គ្រឿងញៀន​ក៏ដោយ ក៏ប៉ុន្តែ វា​មាន​ផ្ទុក​នូវ​សារធាតុ នីកូទីន សំយោគ​ក្នុង​កម្រិត​ខ្ពស់ ដែល​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​ជាង​បារី​ទៅទៀត។ តាម​ការស្រាវជ្រាវ​ ស៊ី​ហ្សា​មួយ​បំពង់​ស្មើនឹង​បារី​ជាច្រើន​ដើម។

ភាពស្ងប់ស្ងាត់​មួយរយៈ​បន្ទាប់ពី​មាន​បញ្ជា​ពី​នាយករដ្ឋមន្ត្រី​ពី​ចំណាត់ការ​ឲ្យ​បញ្ឈប់​ការ ប្រើប្រាស់ និង ទប់ស្កាត់​ការនាំ​ចូល​ផលិតផល​ស៊ី​ហ្សា​មក​កម្ពុជា ត្រូវគេ​មើលឃើញថា ស្ងប់ស្ងាត់​តែ​រូបភាព​ប៉ុណ្ណោះ ក៏ប៉ុន្តែ នៅតែមាន​ការអនុញ្ញាត​ឲ្យ​ធើ្វ​អាជីវ​កម្មនេះ ដោយ លួចលាក់ តាមរយៈ​ការរកឃើញ​យុវជន យុវតី ដ៏​ច្រើនសន្ធឹក ប្រព្រឹត្តិ​ពាលា​នាពេលនេះ។

មាន​កត្តា​មួយចំនួន ដែល​ជម្រុញ​ឲ្យ​យុវជនក្មេងៗ សុទ្ធសឹង​ជា​ថ្នាល អនាគត​របស់ ប្រទេស ជាតិ​ នៅ​តែ​​ជាប់​​ពាក់​ព័ន្ធ​​ នឹង​ងប់​​​ង​ល់​​ផ្តុំ​​ក្បាល​​គ្នា​​ប្រើប្រាស់​​ផលិតផល​​ស៊ី​ហ្សា​​នោះ​​​គឺ​ទី​មួយ​​ ការ​យក​ចិត្ត​ទុក​ដាក់​​ពី​​ឪ​ពុក​​ម្តាយ​​ពី​​សុខទុក្ខ​​របស់​​កូន​​ជា​​រៀងរាល់​ថ្ងៃ​ មិន​មាន​ ដោយ​ អាណា​ព្យាបាល​ និង​កូនៗ​មាន​​ពេល​​ជួប​គ្នា​​តិច​តួច​​ក្នុង​មួយ​ថ្ងៃ​។

នៅ​ឯ​​សាលា​​វិញ​ ពួក​​យុវជន​​ដែល​​ចូលចិត្ត​​ការ​សប្បាយ​​មិន​​គិត​ ក៏​មាន​​ពេល​​មិន​​ច្រើន​ដែរ ក្នុង​ ​ការ​​បង្ហាញ​​​វត្តមាន​​​នៅ​​ក្នុង​​​សាលា​ រួម​ទាំង​​វិន័យ​​សាលា​​ខ្លះ​ នៅ​​មិន​ទាន់​​តឹង​តែង​​ផង​​នោះ​ ធ្វើ​​ឲ្យ​​សិស្ស​​មាន​ឱកាស​ និង​​មាន​​ពេល​​មួយ​​ភាគ​​ធំ​​នៅ​​ខាង​ក្រៅ​ ហើយ​​ជួប​ជុំគ្នា​សាកល្បង​អ្វីដែល​ថ្មី​ដូចជា​ស៊ី​ហ្សា​នេះ​ជាដើម។

ចំណុច​ទី២​ សមត្ថកិច្ច​និង​មន្ត្រី​អនុវត្ត​ច្បាប់ ហាក់ដូច​ជាមាន​ឥរិយាបទដដែលៗ ដោយសារ នៅពេល ដែល​នាយករដ្ឋមន្ត្រី​ស្រែក តែង​នាំគ្នា​ភ្ញាក់ផ្អើល ហើយ​បង្ហាញ​ពី​ភាព​សកម្ម​ភា្លមៗ​នៅ​ចំពោះមុខ។ ពោលគឺ​មិនមែន​តែ​រឿង​ស៊ី​ហ្សា​នេះ​ទេ ច្រើន​រឿង​កន្លងមក សុទ្ធ​តែ​មាន​សភាព​ស្រដៀង​គ្នា។ បន្ទាប់មក​ក៏​ខ្សោយ​ទៅវិញ។

ការកត់សម្គាល់​ដូច្នេះ គឺ​មិនមែន​ទើបតែ​ពេលនេះ​ទេ ហើយក៏​មិនមែន​តិច​កន្លែង​ដែរ ដែល​បំរើ​អាជីវកម្ម​ជក់​ស៊ី​ហ្សា វា​ជាការ​ភ្ញាក់ផ្អើល​បំផុត​ដែល​គ្រាន់តែ​ឆែកឆេរ ២កន្លែង​រកឃើញ​ក្មេង​ស្ទាវ ជក់​ស៊ី​ហ្សា​ជិត១០០នាក់ ដោយ​គេ​មិនអាច​និយាយថា យូរណាស់​មកហើយ​អាជ្ញាធរ មូលដ្ឋាន​មិនបាន ដឹង​នោះ។

ថ្វីបើ​ស៊ី​ហ្សា​មិន​ដូច​គ្រឿងញៀន​មែន តែ​ឥទ្ធិពល​របស់​វា មិន​ខុសពី​គ្រឿងញៀន​នោះទេ។ មិន​ខុស​ត្រង់​ថា វា​ធ្វើ​ឲ្យ​យុវជន ឃ្លាត​ពី​ការរៀនសូត្រ សុខភាព​របស់​ពួកគេ​ត្រូវ​ប្រឈម​នឹង ភាពស្លេកស្លាំង ខូចអនាគត និង​មាន​ច​រិ​ក​បំផ្លាញ​ប្រាក់កាស​អាណាព្យាបាល​ដូចគ្នា។

ដូច្នេះ​ដើម្បី​ទាញ​ពួកគេ​ចេញពី​មហន្តរាយ ដោយ​សកម្មភាព​ពាលា​បែបនេះ មាតាបិតា គួរតែមាន​ពេលវេលា​ខ្លះ យកចិត្តទុកដាក់ តាមដាន​ការរស់នៅ​និង​ការសិក្សា​របស់​កូន ជៀស​វាង​​បណ្តោយ​ខ្លាំងពេក រហូត​លែង​គ្រប់គ្រង​សភាពការណ៍​គ្រួ​សារបាន។

នៅតាម​គ្រឹះស្ថានសិក្សា​គួរតែ មានការ​រឹតបន្តឹង​បន្ថែមទៀត​ពី​អវត្តមាន​របស់​សិស្ស ហើយ អាជ្ញា​ធរ គួរតែមាន​ឆន្ទៈ​ច្បាស់លាស់​ញែក​ក្រុមយុវជន​ចេញពី​ការសប្បាយ​បែប​គ្រោះថ្នាក់​ដល់​​ធនធានមនុស្ស ដូចជា​វក់​នឹង​ជក់​ស៊ី​ហ្សា ឬ​គ្រឿងញៀន​ជាដើម។

គេ​គួរតែ​យល់​ហើយ​ថា ផលិតផល​ស៊ី​ហ្សា សម្រាប់​ជក់​សប្បាយ និងធ្វើ​ឲ្យ​មនុស្ស​ញៀន​​ឥត​ ប្រយោជន៍ កាន់តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​បន្ថែមទៀត​ ប្រសិនបើ​ឧបករណ៍​នោះ​ត្រូវបាន​គេ ប្រើ​ប្រាស់​ជាមួយនឹង​គ្រឿងញៀន។ ហើយ​មិនគួរ​ចាំតែ​ថ្នាក់ដឹកនាំ​ស្រែក​ទើប​ធ្វើ​នោះទេ។

កាលពី​ឆ្នាំទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​បិទ​ហាង​លក់ដូរ​នានា ប្រសិនបើ នៅតែ​ផ្តល់​ស៊ី​ហ្សា​សម្រាប់​ជក់។ តាមរយៈ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ និងខេត្តសៀមរាប ដែលជា​តំបន់​ប្រមូលផ្តុំ​ទេសចរណ៍​សំខាន់​ជាងគេ បាន​បិទ​កន្លែង​ជក់​ស៊ី​ហ្សា​ជាច្រើន​កន្លែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ