អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សែន​ក្បាល​ទឹក​ប៉ះពាល់​ដល់​វប្បធម៌​ខ្មែរ តែ​ចៀស​មិន​រួច​ខាន​មិន​បាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រជាជន​ខ្មែរ​កាត់​សែ​ស្រឡាយ​ចិន​កាន់​តែ​ច្រើន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​រៀបចំ​សែន​ក្បាល​ទឹក​ឬ​ភ្ជុំ​ចិន​នៅ​ថ្ងៃ​ស្អែក។ ការ​សែន​ក្បាល​ទឹក​នេះ​ត្រូវ​បាន​គេ​ធ្វើ​ត​ៗ​គ្នា តាម​ប្រពៃណី​ចិន​សុទ្ធសាធ។ តាម​ជំនឿ ការ​ខកខាន​មិន​បាន​ប្រារព្ធ​ពិធី​នេះ ក្នុង​ឆ្នាំ​ណា​មួយ​ប្រជាជន​ចិន និង​កូន​កាត់​ចិន​តែង​យល់​ថា​នឹង​ជូប​ប្រទះ​នូវ​គ្រោះ​កាច កុងម៉ានិង​ញាត្តិកា​ទាំង​៧ សណ្តាន​របស់​គេ ​ពុំ​បាន​ទទួល​សំណែន ដូច្នេះ​នឹង​កើត​ក្តី​ទោមនស្ស មិន​តាម​ជួយ​ថែរក្សារឺ​ជ្រោមជ្រែង​ក្នុង​ការ​រក​ស៊ី​របស់​កូន​ចៅ​ទៀត​ទេ។ ដោយ​ឡែក​នៅ​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា​ពិធី​សែន​ក្បាល​ទឹក​អាច​ជា​ការ​ព្រួយ​បារម្ភ​មួយ​ទាក់​ទង​ទៅ​នឹង​អនាគត​វប្បធម៌​និង​ប្រពៃណី​ខ្មែរ។

ទីផ្សារទំនិញនៅភ្នំពេញ
ទីផ្សារទំនិញនៅភ្នំពេញ RFI
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ទី​២៨​សីហា​ស្អែក​ជន​ជាតិចិន និង​ពលរដ្ឋ​កាត់​សែ​ស្រឡាយ​ចិន​ទូទាំង​ពិភពលោក​នឹង​នាំ​គ្នា​ប្រារព្ធ​ពិធី​សែន​ព្រេន​ដ៏​ធំ​មួយ​ទៀត​ប្រចាំ​ឆ្នាំ​បន្ទាប់​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន គឺ​ពិធី​សែន​ក្បាល​ទឹក​ជា​ភាសាចិន​ថា​ ចុង យាន ជា(Zhong Yuan Jie) ឬ​ភ្ជុំ​ចិន។ ប្រទេស​កម្ពុជា​ក៏​បាន​ស្វាគមន៍​ជា​ទូទៅ​នូវ​សកម្មភាព​សែន​ព្រេន​នេះ​កាន់​តែ​ច្រើន​ទៅ​ៗ​ដែរ គ្រប់​ច្រក​ល្ហក។

ជា​ទូទៅ​នៅ​ក្នុង​សង្គម​ខ្មែរ​មាន​ទស្សនៈ​សំខាន់​ៗ​ផ្សេង​ៗ​គ្នា ដែល​បង្ហាញ​ពី​ការ​ទទួល​យក​បាន​និង​ចំណុច​អវិជ្ជមាន​ទាក់​ទង​ទៅ​នឹង​ពិធី​សែន​ក្បាល​ទឹក​ដែល​ជា​ពិធី​ប្រពៃណី​ជនជាតិ​ចិន​នៅ​ប្រទេស​កម្ពុជា។

ចំណុច​ដែល​មិន​អាច​បដិសេធ​បាន​នោះ​គឺ​ការ​ទទួល​យក​នូវ​ចរន្ត​វប្បធម៌​ប្រពៃណី​មួយ​ដែល​ជា​វប្បធម៌​ប្រឡាយ​កាត់ ដែល​ឥទ្ធិពល​ចិន​មិន​មែន​សាយភាយ​តែ​ក្នុង​តំបន់​ទេ​គឺ​ទូទាំង​ពិភពលោក​​។ នៅ​កម្ពុជា អ្នក​ដែល​មាន​ឈាម​ជ័រ​កាត់​ចិន​មាន​កាន់​តែ​ច្រើន ក្នុង​នោះ​ក៏​មាន​អ្នក​ប្រឹង​សម្តែង​ ធ្វើ​ជា​ចិន​ដែរ នៅ​ថ្ងៃ​សែន​ចូល​មក​ដល់​ដើម្បី​ឲ្យ​គេ​មើល​មក​ថា​ខ្លួន​បាន​កាត់​សែ​ស្រឡាយ​ចិន​ ឆ្លាត ពូកែ​រក​ស៊ី។ ហើយ​អាច​និយាយ​បាន​ថា​ជា​ការ​ធ្វើ​តាម​ៗ​គ្នា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដែល​បាន​ក្លាយ​ទៅ​ជា​ទម្លាប់។ មួយ​វិញ​ទៀត ការ​ដែល​ប្រារព្ធ​ពិធី​សែន​ក្បាល​ទឹក​ក៏​ដូចជា​សែន​ប្រពៃណី​ចិន​ផ្សេង​ទៀត​ដែរ បាន​ធ្វើ​ឲ្យ​រូបិយប័ណ្ណ​ដែល​សន្សំ​ទុក​ក្នុង​គ្រួសារ​នីមួយ​​ៗ​មាន​ចរាចរ​ចេញ​មក​ក្រៅ​តាម​រយៈ​ការ​ដក​ប្រាក់​សន្សំ​ទិញ​ឥវ៉ាន់។

ផ្ទុយ​ទៅ​វិញ ត្រង់​ចំណុច​នេះ​ពិធី​សែន​ក្បាល​ទឹក​ក៏​ជា​ផ្នែក​មួយ​រួម​ចំណែក​ធ្វើ​ឲ្យ​គ្រួសារ​មួយ​ចំនួន​មាន​ការ​ខាត​បង់​ផង​ដែរ ដោយសារ​តែ​ត្រូវ​ចំណាយ​ប្រាក់​ដើម្បី​រៀបចំ​ពិធី ដែល​ជា​ពេល​វេលា​ខ្ជះខ្ជាយ​ប្រាក់​សម្រាប់​អ្នក​ក្រ និង​ជា​ពេល​វេលា​ចាយ​លុយ​ឥត​ស្រណោះ​សម្រាប់​អ្នក​មាន​ធន​ធាន។ មិនមែន​ខាត​បង់​តែ​គ្រួសារ​ក្រីក្រ​នោះ​ទេ រដ្ឋាបាល​ទាំង​មូល​ក៏​ត្រូវ​ខាត​បង់​ដែរ​ ដោយសារ​មាន​ការ​កត់​សម្គាល់​ថា​មន្ត្រី​រាជការ​ដែល​មាន​សែ​ស្រឡាយ​ចិន​កន្លង​មក​បាន​ អវត្តមាន​ពី​កន្លែង​ធ្វើ​ការ ឬ​ក៏​ធ្វើការ​មិន​ពេញ​ដៃ​ពេញ​ជើង។

តាម​ធម្មតា​ការ​សែន​ព្រេន តែង​មាន​ការ​ទិញ​សម្ភារៈ ឬ​របស់​របរ​ពី​ទីផ្សារ​មក​រៀប​ចំ។ ជា​ការ​ពិត​របស់​របរ​ខ្លះ​មិន​បាត់​បង់​ទៅ​ណា​ទេ គឺ​គ្រួសារ​នីមួយ​ៗ​ទទួល​ទាន​ដោយ​ខ្លួន​ឯង​វិញ ជួបជុំ​មិត្ត​ភក្តិ ក្រុម​គ្រួសារ​យ៉ាង​សប្បាយ​រីករាយ។ ក៏​ប៉ុន្តែ​សំភារៈ​មួយ​ចំនួន​ទៀត​ដែល​ជនជាតិ​ចិន​ខាន​មិន​បាន​គឺ​ការ​ដុត​ក្រដាស់​សែន ដុត​លុយ​ដុល្លារ​ហ្វូតូកូពី​ឬ​ដុល្លារ​ខ្មោច​ចោល​ទទេៗ។

ចំណុច​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ការ​ខាតបង់​ទៅ​វិញ ប្រៀប​ដូចជា​ដុត​លុយ​ចោល​អញ្ចឹង​ ព្រោះ​ថា​ក្រដាស​សែន​ទាំង​អស់​នេះ ត្រូវ​យក​លុយ​ពិត​ទៅ​ទិញ​ពី​ទីផ្សារ។ សម្លឹង​មើល​ទៅ​លើ​សេដ្ឋកិច្ច​គ្រួសារ​ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ថា នៅ​ប្រទេស​សិង្ហបុរី អតីត​នាយករដ្ឋមន្ត្រី​និង​ជា​ស្ថាបនិក​ប្រទេស​នេះ គឺ​លោក លី ក្វាន់យូ មិន​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​សិង្ហបុរី​ដែល​ភាគ​ច្រើន​កាត់​ចិន ទិញ​ក្រដាស់​សែន​យក​មក​ដុត​ចោល ធ្វើ​ឲ្យ​ខាង​បង់​ប្រាក់​កាស​នោះ​ឡើយ។ ជាមួយ​គ្នា​នេះ ​ការ​ជល់​កែវ រហូត​ដល់​ស្រវឹង​អួទីនួ នៅ​ថ្ងៃ​សែន​ក្បាល​ទឹក​ជា​ទូទៅ​ត្រូវ​គេ​កត់​សម្គាល់​ថា​បាន​បន្ថែម​ស្ថិតិ​កាន់​តែ​ច្រើន​នៃ​គ្រោះថ្នាក់​ចរាចរ នៅ​ក្នុង​អំឡុង​ពេល​នោះ។

ងាក​ទៅ​មើល​ផល​ប៉ះពាល់​ផ្នែក​វប្បធម៌​វិញ ចង់​មិន​ចង់​ចិន​បាន​រំលេច​វប្បធម៌​ប្រពៃណី​របស់​ខ្លួន លើ​វប្បធម៌​ខ្មែរ​រួច​ទៅ​ហើយ​តាម​រយៈ​ប្រជាជន​ខ្មែរ​ដែល​មាន​សែ​ស្រឡាយ​ចិន នេះ​បើ​តាម​រូបភាព​នៃ​ការ​ប្រារព្ធ​ពិធី​មួយ​ចំនួន​ជា​រៀងរាល់​ឆ្នាំ​ដូចជា​បុណ្យ​ចូល​ឆ្នាំ​ចិន សែន​លោក​ខែ សែន​នំចាំង សែន​ឆេង​ម៉េង និង​សែន​ក្បាល​ទឹក​នេះ​ជា​ដើម។

ទន្ទឹម​គ្នា​នេះ ក្រុម​អ្នក​អភិរក្ស​វប្បធម៌​ខ្មែរ ក៏​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​ធំធេង ដោយសារ​ខ្មែរ​បាន​ប្រកាន់​យក​ទ្រឹស្តី​«វប្បធម៌​រលត់​ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ ជាតិ​ថ្កើងថ្កាន»។ ទោះ​យ៉ាង​នេះ​ក្តី​គេ​ពិត​ជា​មិន​អាច​ធ្វើ​អ្វី​បាន​ទេ ដោយ​សារ​ទី​១ ចរន្ត​សកល​ភាវូបនីយកម្ម​នៃ​វប្បធម៌​ ទី​២​ភាព​មិន​រឹងមាំ​របស់​ខ្មែរ​ក្នុង​ការ​កំណត់​ដែន​វប្បធម៌​ប្រពៃណី​បរទេស​ចូល​មក​ក្នុង​ស្រុក​ខ្មែរ។ ម្យ៉ាង​ទៀត​ប្រទេស​កម្ពុជា​លើក​ទឹក​ចិត្ត​និង​មាន​គោលការណ៍​បើក​ទូលាយ​ដល់​សេរីភាព​ក្នុង​ការ​គោរព​ប្រពៃណី វប្បធម៌ និង​សាសនា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ