អានតួអត្ថបទ
កម្ពជា

បុណ្យ​៧ថ្ងៃ​​៖ ​ព្រះសង្ឃ​៥០០​អង្គ​ រាប់​បាត្រ​ឧទ្ទិស​ដល់​លោកកែម ឡី​

នៅព្រឹកថ្ងៃសៅរ៍នេះ ​គណៈកម្មការ​រៀបចំ​ពិធី​បុណ្យសព​លោក កែម ឡី ​ព្រម​ទាំង​សាច់ញាតិ​បាន​រៀបចំ​និមន្ត​ព្រះសង្ឃ​ចំនួន​៥០០អង្គ ​ដើម្បី​រាប់បាត្រ​ឧទ្ទិសកុសល​ដល់​លោក​បណ្ឌិត​កែម ​ឡី ​នៅ​គម្រប់ខួប​៧ថ្ងៃ​នៃ​ការ​បាញ់​សម្លាប់​។ ​ក្រៅពី​ព្រះសង្ឃ​ ប្រជាពលរដ្ឋ​ជាច្រើន​រយនាក់​ទៀត​មក​ពី​គ្រប់​ទិសទី ​ក៏​បាន​ចូលរួម​ពិធី​រាប់បាត្រ​នេះ​ផងដែរ​។​

រូបថត​លោក ​កែម ឡី ​ក្នុង​ពិធី​បុណ្យ​សព​របស់​លោក ​ដែល​មាន​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ បាន​ចូល​រួមយ៉ា​ង​កុះករ​។​
រូបថត​លោក ​កែម ឡី ​ក្នុង​ពិធី​បុណ្យ​សព​របស់​លោក ​ដែល​មាន​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ បាន​ចូល​រួមយ៉ា​ង​កុះករ​។​ @Heam Chetra
ផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋ​ក្មេងចាស់​ប្រុសស្រី​ជា​ច្រើន​រយនាក់ ​បាន​ឈរ​តម្រង់ជួរ​គ្នា​យ៉ាងវែង​ ដើម្បី​ដាក់​បាត្រ​ដល់​ព្រះសង្ឃ​ប្រមាណ​៥០០អង្គ ​នៅក្នុង​បរិវេណ​វត្តចាស់ ​ជ្រោយចង្វារ​។ មនុស្សម្នា​ភាគ​ច្រើន​ សុទ្ធតែ​ស្លៀកពាក់​អាវពណ៌ស​ ពួកគេ​នាំគ្នា​មក​ដាក់​បាត្រ​ដល់​ព្រះសង្ឃ​នៅពេលនេះ ​គឺ​ដើម្បី​ឧទ្ទិសកុសល​ផលបុណ្យ​ដល់​លោកកែម ឡី ​នៅ​គម្រប់ខួប​៧ថ្ងៃ ​បន្ទាប់ពី​ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​។

លោកបណ្ឌិត​កែម ឡី ​អ្នកវិភាគ​បញ្ហាសង្គម​ និង​នយោបាយ​កម្ពុជា​ដ៏​ល្បី​ឈ្មោះ ​ត្រូវបាន​គេ​បាញ់​ស​ម្លាប់​នៅក្នុង​ហាងលក់ទំនិញ​មួយ​នៅ​ការ៉ាស់សាំង​កាល់តិច​នៅ​ជិត​ស្តុបបូកគោ ​កាល​ព្រឹក​ថ្ងៃអាទិត្យ ​ទី១០​ កក្កដា​ ។ ​នៅខណៈ​ដែល​ជនសង្ស័យ​កំពុង​ត្រូវបាន​តុលាការ​ចាត់នីតិវិធី​ទៅ​តាម​ផ្លូវច្បាប់​នោះ ស​ព​លោកកែម ឡី​ តាំងពី​រសៀល​ថ្ងៃអាទិត្យ​មក​ម្លេះ ​ត្រូវបាន​ប្រជាពលរដ្ឋ​ដង្ហែ​មក​តម្តល់​ទុក​នៅក្នុង​វត្តចាស់ ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​គោរព​ស្រឡាញ់ ​មក​អុជ​ធូប​គោរពវិញ្ញាណក្ខន្ធ។​
 

បើតាមគម្រោង​ គណៈកម្មការរៀបចំពិធីបុណ្យសព​លោកកែម ឡី​ និង​សាច់ញាតិ​នឹង​ដង្ហែ​សាកសព​ទៅ​បញ្ចុះ​នៅស្រុក​កំណើត​របស់​គាត់​នៅ​ខេត្តតាកែវ​។ ​ព្រះតេជគុណ ​ប៊ុត ប៊ុនតិញ ​ប្រធាន​គណៈកម្មការរៀបចំពិធី​បុណ្យសព​បាន​បញ្ជាក់​ឲ្យដឹង​ថា ​សព​របស់​លោក កែម ឡី ​នឹងត្រូវ​បញ្ចុះ​នៅលើ​ផ្ទៃដី​ទំហំ​៧០អា ​(៧០គុណ១០០ម៉ែត្រ) ​ស្ថិត​នៅភូមិ​អង្គតាកុប ​ឃុំ​លាយបូរ​ ស្រុក​ត្រាំកក់ ​ខេត្តតាកែវ ​ដែល​នៅទី​នោះ​នឹង​មាន​ការ​សាងសង់​ជា​បណ្ណាល័យ ​ស្រះទឹក ​សួនច្បារ​ និង​ការ​ដាំដើម​ឈើ​ប្រណិត​ៗ ហើយ​ក៏មាន​ការសាងសង់​ជារូបសំណាក​របស់​លោកបណ្ឌិត​ កែម ឡី ​ផងដែរ​។​

យ៉ាងណាក៏ដោយ​មកទល់​នឹង​ពេលនេះ ​ការ​ដង្ហែ​សព​លោកកែម ឡី ​ទៅបញ្ចុះ​នៅស្រុក​កំណើត​កំពុង​ស្ថិតនៅ​ក្នុង​ភាព​ស្រពិចស្រពិល​នៅឡើយ​ បន្ទាប់ពី​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សព​បានលុបចោល​គម្រោង​ដង្ហែ​ទៅ​នៅ​ថ្ងៃអាទិត្យ​ទី១៧ ​កក្កដា ​តាមសំណើ​របស់​មហាជន​ដែល​ចង់ទុកស​ព​លោកកែម ឡី​នៅ​វត្តចា​ស់​ឲ្យ​បាន​យូរបន្តិច​ ដើម្បី​អាច​ឲ្យ​ពលរដ្ឋ​ផ្សេងទៀត​បាន​មក​គោរព​វិញ្ញាណក្ខន្ធ​សព​ជា​លើក​ចុងក្រោយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ